លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តកាត់ឆ្វៀលដីមានទំហំ ២៥,៩៣ហិកតាទៀត ចេញពីគម្របព្រៃឈើឆ្នាំ២០០២ ឲ្យទៅក្រុមហ៊ុន ហ្វូហាយ អ៊ិនវេសមេន តំណាងដោយ លោក រតនៈ សម្បត្តិ ដែលមានទីតាំងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឯកសារ ឬលិខិតស្នើសុំ របស់ទីស្តីការគណៈរដ្ឋមន្ត្រី មានចុះហត្ថលេខា និងបោះត្រា លោក ឈួន សុធី រដ្ឋលេខាធិការ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ដែលសារព័ត៌មាន The Cambodia Daily ទើបទទួលបានតាម Messenger របស់ Facebook នៅថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១នេះ បានជម្រាបជូន លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយនៅក្នុងកម្មវត្ថុបានលើកយក ករណីក្រុមហ៊ុនហ្វូហាយ អ៊ិនវេសមេន តំណាងដោយ លោក រតនៈ សម្បត្តិ ស្នើសុំកាត់ឆ្វៀលដី និងចុះបញ្ជីចេញបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៤៦បណ្ណ ទំហំ ១៩៥,៩០ហិកតា មានទីតាំងនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សំណើរកាត់ឆ្វៀលដីចេញពី គម្របព្រៃឈើឆ្នាំ២០០២នេះ ដោយយោងតាមលិខិត ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងរៀបចំដែនដី, លិខិតចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី និងចំណារ របស់ លោក ហ៊ុន សែន ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
ឯកសារទីស្តីការគណៈរដ្ឋមន្ត្រីដដែលនេះ បានសម្រេចកាត់ឆ្វៀលដីទំហំ ២៥,៩៣ហិកតា ចេញពីគម្របព្រៃឈើឆ្នាំ២០០២ ធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ ដូចមានក្នុងផែនទី និងចំណុចនិយាមកាជូនភ្ជាប់ជាមួយ និងប្រគល់ជូនក្រុមហ៊ុន ហ្វូហាយ អ៊ិនវេសមេន គ្រប់គ្រងជាកម្មសិទ្ធិ។ បន្ថែមលើនេះ ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានតម្រូវឲ្យ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចាត់ចែងអនុវត្ត។
ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋខេត្តព្រះសីហនុ សម្តែងការព្រួយបារម្ភថា ដីគម្របព្រៃឈើឆ្នាំ២០០២ នឹងត្រូវរលាយហិនហោច នៅក្នុងអាណត្តិ លោក គួច ចំរើន មកដឹកនាំជាអភិបាលខេត្តព្រះសីហនុ និងលោក ជា សុផារ៉ា មកធ្វើជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី យ៉ាងពិតប្រាកដ។
ពួកគេ កត់សម្គាល់ឃើញថា ជាបន្តបន្ទាប់មកនេះ តែងឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងបានកាត់ឆ្វៀលដីគម្របព្រៃឈើ២០០២ ធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ ទៅឲ្យកូនៗរបស់លោក ក្មួយៗរបស់លោក បុគ្គលមានទ្រព្យ និងក្រុមហ៊ុនធំៗ និងមន្ត្រីមានឋានៈខ្ពស់ ក្នុងជួររដ្ឋាភិបាលបច្ចុប្បន្នជាដើម មានដូចជា៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ និងទូរគមនាគមន៍លោក កើត សុទ្ធារ៉ា មេគយចល័តទូទាំងប្រទេស, អ្នកស្រី ហ៊ុន ចាន់ធី ភរិយាលោក ម៉ៅធនិន អភិបាលខេត្តពោធិ៍សាត់ ដែលត្រូវជាក្មួយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ចំណែកដីគម្របព្រៃឈើឆ្នាំ២០០២ មួយផ្នែកទៀត ត្រូវលោក ហ៊ុន សែន កាត់ឆ្វៀលជូនកូចៅ និងសាច់ញាតិ របស់លោកផ្ទាល់ជាដើម។
ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម អះអាងថា ធនធានធម្មជាតិដីព្រៃឈើនៅលើកោះរ៉ុង, កោះរ៉ុងសន្លឹម, ដីព្រៃឈើក្នុងឧទ្យានជាតិរាម និងដីគម្របព្រៃឈើឆ្នាំ២០០២ជាដើម នឹងត្រូវរលាយហិនហោច ក្នុងពេលដ៏ឆាប់ខាងមុខនេះ ជាក់ជាមិនខាន។
ដោយឡែក ពលរដ្ឋមួយចំនួន ដែលអះអាងថា មានចំណែកក្បាលដីនៅក្នុងបរិវេណគម្របព្រៃឈើឆ្នាំ២០០២ ក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ នេះដែរ ថ្លែងព្រួយបារម្ភខ្លាចបាត់បង់ដីធ្លី ដែលបានទិញ ឬកាប់រានដីធ្វើកម្មសិទ្ធិ ក្នុងដែនគម្របព្រៃឈើបៃតងនៅទីតាំងខាងលើនេះ។
ពួកគេ អះអាងថា អ្នកដែលកាងពីក្រោយក្រុមហ៊ុន ហ្វូហាយ អ៊ិនវេសមេន ជាមន្រ្តីមានអំណាចដ៏សម្បើម ហេតុដូច្នេះហើយបានជា ក្រុមហ៊ុននេះ ចង់យកដីនៅក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២នេះ បានយ៉ាងងាយស្រួលបំផុត ហើយក៏គ្មានបុគ្គលណាហ៊ានចេញមុខរារាំងក្រុមហ៊ុននេះ បានឡើយ៕