36 C
Phnom Penh

អ្នកវិភាគថា កម្ពុជាមិនទាន់ដល់កម្រិតអាសន្នដែលមិនអាចរង់ចំាការប្រកាសវ៉ាក់សាំងជាផ្លូវការរបស់អង្គការសុខភាពពិភពលោកនោះទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយសង្គម ប្រតិកម្មថា ការដែលលោក ហ៊ុន សែន ទទួលយកជំនួយវ៉ាក់សាំងពីប្រទេសចិននេះ មិនមែនក្នុងបំណងការពារការឆ្លងកូវីដ១៩ទេ ព្រោះស្ថានភាពកូវីដ១៩នៅកម្ពុជា មិនដល់ម្រិតអាសន្នរហូតដល់រង់ចាំមិនបាន នូវវ៉ាក់សាំង ដែលអនុញ្ញាតឲ្យប្រើរបស់អង្គការសុខភាពពិភពលោក នោះឡើយ។

លោក គឹម សុខ បានអះអាងថា ការប្រឹងបង្ហូរវ៉ាក់សាំងចិនចូលកម្ពុជានេះ គឺគ្រាន់តែជារបៀបដែលចិនប្រឹងប្រជែងផ្សាយមុខមាត់វេជ្ជសាស្ត្ររបស់ខ្លួន តទល់នឹងអាមេរិក និងអឺរ៉ុបប៉ុណ្ណោះ។

លោក គឹម សុខ លើកឡើងថា តាមលទ្ធផលតេស្តនៅប្រេហ្ស៊ីល វ៉ាក់សាំង Sinovac របស់ចិនមានប្រសិទ្ធភាពតែ ៥០,៣៨%ប៉ុណ្ណោះ ហើយអាចនឹងមានប្រតិកម្មមិនល្អច្រើនណាស់។ ដូច្នេះលោកមិនជឿថា លោក ហ៊ុន សែន ហ៊ានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ចិនចូលក្នុងខ្លួនគាត់នោះទេ ខណៈគាត់មានអាយុចាស់ ហើយសុខភាពមួយថ្ងៃកាត់មួយថ្ងៃកោថែមទៀតនោះ។

អ្នកវិភាគរូបនេះ បញ្ជាក់ថា ក្រៅពីក្រុមគ្រូពេទ្យចាក់ថ្នាំដោយផ្ទាល់ គ្មាននរណាដឹងថា លោក ហ៊ុន សែន ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ចិន ឬគ្រាន់តែជាថ្នាំកម្លាំងនោះទេ ប៉ុន្តែ ការប្រកាសយកវ៉ាក់សាំងចិននេះគឺដើម្បីស្ទង់មើលជំហររបស់ពលរដ្ឋខ្មែរ ចំពោះទំនាក់ទំនងចិន និងគណបក្សកាន់អំណាចប៉ុណ្ណោះ។

លោក ត្អូញត្អែរថា ការរំលាយបក្សប្រឆាំងដ៏ធំ បំពានរដ្ឋធម្មនុញ្ញយ៉ាងងងើល ដែលពិភពលោកទាំងមូលថ្កោលទោស លោក ហ៊ុន សែន ហ៊ានធ្វើមិនចេះខ្មាស។ ចុះទម្រាំការចាក់ថ្នាំ ដែលមានតែមនុស្សប៉ុន្មាននាក់ដឹង គ្មានហេតុផលអ្វីថា លោក ហ៊ុន សែន មិនហ៊ានកុហក់នោះទេ ។ ប៉ុន្តែលោកថា ការប្រើវិធីនេះ មិនជោគជ័យនោះទេ ព្រោះសូម្បីតែអ្នកគាំទ្រគណបក្សប្រជាជន ក៏មិនទំនងជាប្រថុយវាសនាសុខភាពរបស់ខ្លួន ចាក់វ៉ាក់សាំងរបស់ចិនដែរ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសទទួលជំនួយ វ៉ាក់សាំងប្រឆាំង ជំងឺកូវីដ១៩ ពីសាធារណរដ្ឋប្រជាមានិតចិន លើកដំបូងចំនួន១លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋខ្មែរ។

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ លោក ហ៊ុន សែន បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកថា ដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំង និងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ ចាក់លើកទីមួយ និងមុនគេគឺ លើរូបលោក ផ្ទាល់តែម្តង។ លោកថា លោកត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខដែលជាទម្លាប់ធម្មតារបស់លោករាប់សិបឆ្នាំមកហើយនោះ។

ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ក្នុងការប្រកាសបិទបញ្ចប់ព្រឹត្តការណ៍សហគមន៍ ២៨ វិច្ឆិកា ថា លោកនឹងទទួលយកតែវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ណាដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ។

យ៉ាងនេះក្តី ក្នុងខ្សែអាត់សំលេង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ លោក ហ៊ុន សែន  សម្រេចទទួលយកវ៉ាក់សាំងពីសាធារណៈរដ្ឋប្រជាមានិតចិនចំនួន ១លានដូស ដែលអាចប្រើលើមនុស្សចំនួន ៥០ម៉ឺននាក់។

ក្នុងខ្សែអាត់សំលេងដដែលនោះ ដែលរយៈពេលជាង ១៣នាទី លោក ហ៊ុន សែន បានប្រកាសថា ដោយសារតែមានភាពចាំបាច់កម្ពុជានឹងទទួលយកជំនួយ វ៉ាក់សាំងដែលមិត្តចិនផ្តល់ជូនមានឈ្មោះថា ស៊ីណូហ្វាម និងស៊ីណូវ៉ាក់។ លោកថា ការសម្រេចចិត្តនេះ ព្រោះថា មេដឹកនាំចិន និងប្រទេសផ្សេងៗទៀត ដូចឥណ្ឌូនេស៊ី ជាដើម ក៏បានប្រើប្រាស់វ៉ាក់សាំងរបស់ប្រទេសចិនដែរ។

យ៉ាងណាក៏ដោយ លោក សង្កត់ធ្ងន់ថា លោកមិនទាន់ដឹងពីប្រសិទ្ធិភាពរបស់វ៉ាក់សាំងទាំងនេះនៅឡើយទេថា វាមានប្រសិទ្ធិភាពកម្រឹតណានោះ។ តែទោះយ៉ាងណាក៏ដោយ លោកថា វានឹងអាចជួយដោះស្រាយការលំបាករបស់កម្ពុជាក្នុងដំណាក់កាលដំបូងនេះផងដែរ ដែលនឹងត្រូវចាក់ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។

ទាក់ទិននឹងការថ្នាំបង្ការជំងឺកូវីដ១៩នេះ កាលពីដើមខែធ្នូ ឆ្នាំ២០២០ កន្លងទៅ រដ្ឋាភិបាលកម្ពុជាបានប្រកាសទទួលប្រាក់ឧបត្ថម្ភពីសប្បុរសជនដើម្បីទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលទទួលបានការឧបត្ថម្ភក្នុងទំហំទឹកប្រាក់ប្រមាណជិត ៥០លានដុល្លារអាមេរិក ដែលជាការចូលរួមរបស់ប្រជាជនខ្មែរ ទាំងក្នុង និងក្រៅប្រទេស។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា ពួកគេគាំទ្រឲ្យមានការសហការរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោកក្នុងការទទួលបានវ៉ាក់សាំងកូវីឌ១៩ប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជនគ្រប់រូបទោះបីជាវ៉ាក់សាំងនោះមកពីប្រទេសណាក៏ដោយ។

យ៉ាងណាក៏ដោយ នៅថ្ងៃនៅថ្ងៃទី១៨ ខែមករា នេះ លោក ហ៊ុន សែន បានស្នើសុំជំនួយវ៉ាក់សាំងពីប្រទេសឥណ្ឌាផងដែរ។ ការស្នើនេះ ក្នុងជំនួបរវាងលោក ហ៊ុន សែន ជាមួយនឹងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាលោកស្រី Devyani Uttamkhobragade នៅវិមានសន្តិភាព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស