36 C
Phnom Penh

ចិនពង្រឹងឥទ្ធិពលរបស់ខ្លួននៅតំបន់អាស៊ានមុនការចូលកាន់តំណែងរបស់លោក ចូបាយដិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅសល់តែ២ថ្ងៃប៉ុណ្ណោះ លោកដូណាល់ត្រាំនឹងចាកចេញពីសេតវិមានហើយឡើងយន្ដហោះទៅរដ្ឋហ្វ្លរីដា។ ទីនោះហើយជាលំនៅដ្ឋានរបស់លោក។ មានន័យថាលោកត្រាំចាកចេញពីសេតវិមានដែលលោកបានស្នាក់នៅរយៈពេល៤ឆ្នាំ។ រដ្ឋការរបស់លោកដូណាល់ត្រាំបានកំណត់យុទ្ធសាស្រ្ដតឹងតែបំផុតជាមួយនឹងប្រទេសចិន។

លោកត្រាំចូកាន់តំណែងភ្លាមបង្កើតសង្គ្រាមពាណិជ្ជកម្មជាមួយនឹងចិនភ្លាមៗ ហើយក្រោយមកក៏ចាប់ផ្ដើមពិនិត្យមើលទំនាស់ភូមិសាស្រ្ដនយោបាយជាមួយចិននៅក្នុងតំបន់អាស៊ី។

តំបន់អាស៊ីអាគ្នេយ៍មានភាពស្រួចស្រាលជាងគេដោយសារតែចិនបានកំពុងក្លាយជាម្ចាស់នៃការគ្រប់គ្រងសមុទ្រចិនខាងត្បូងនៅខណៈដែលប្រទេសក្នុងសមាគមអាស៊ាន ភាគច្រើនសុទ្ធតែជាប្រទេសកូនបំណុលចិន។ ប្រទេសចំនួន៥ក្នុងសមាគមនេះកំពុងធ្លាក់ក្នុងជម្លោះដែនសមុទ្រជាមួយចិននៃសមុទ្រចិនខាងត្បូង។

ស្របពេលនេះសហរដ្ឋអាមេរិកដែលនៅតែជាជើងឯកពិភពលោកនៃការការពារប្រទេសទន់ខ្សោយបានហក់ចូលការពារផលប្រយោជន៍របស់ប្រទេសក្នុងតំបន់អាស៊ាន ដែលចិនបានវាតទីកាន់កាប់ដែនកោះរបស់ពួកគេ។

សហរដ្ឋអាមេរិកហក់ចូលក្នុងជម្លោះនេះគឺក្រោមច្បាប់តំបន់សមុទ្រចិនខាងត្បូងគឺជាផ្លូវនាវាចរណ៍អន្ដរជាតិ។ មកដល់ពេលនេះចិននឹងរដ្ឋការរបស់លោកដូណាល់ត្រាំមើលមុខគ្នាមិនចំឡើយ។

សម្រាប់ប្រទេសចិននៅតែមិនទុកចិត្តរដ្ឋការរបស់លោកចូលបៃដិនព្រោះតែគិតថារដ្ឋការថ្មីរបស់អាមេរិកទំនងនៅតែប្រកាន់យកគោលនយោបាយទប់ទល់និងពង្រីកឥទ្ធិពលរបស់អាមេរិកនៅក្នុងតំបន់ជាពិសេសជម្លោះសមុទ្រចិនខាងត្បូង និងការពង្រីកឥទ្ធិពលយោធារបស់ចិននៅក្នុងតំបន់នេះ។

ក្នុងន័យនេះហើយដែលរដ្ឋមន្រ្ដីការបរទេសចិនបានរូតរះមកធ្វើ   ទស្សនកិច្ចនៅក្នុងបណ្ដាប្រទេសអាស៊ាន ដែលទីក្រុងប៉េកាំងអាចទាក់ទាញ ឬក៏បញ្ចុះបញ្ចូលឱ្យកាត់បន្ថយបានខ្លះនូវឥទ្ធិពលរបស់                      អាមេរិក។ ក្នុងចំណោមប្រទេសទាំង១០ក្នុងសមាគមនេះគឺទំនងមានតែវៀតណាមមួយគត់ដែលចិនមិនអាចនិយាយបាន។

កាលពីចុងសប្ដាហ៍មកនេះ រដ្ឋមន្រ្ដីការបរទេសចិនវ៉ាងយីបានទៅធ្វើទស្សនកិច្ចនៅប្រទេសភូមា ព្រុយណេ ឥណ្ឌូនេស៊ី និង ហ្វីលីពីន។

គ្រប់ទស្សនកិច្ចរបស់លោកទាំងបួនប្រទេសនេះត្រូវបានមើលឃើញថា ប្រមុខការទូតចិនម្នាក់នេះតែងតែនិយាយលួងលោម ហើយអះអាងថា ចិនអាចជួយបានទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដព្រោះចិនគឺជាមិត្តរបស់អស់លោកដោយស្មោះត្រង់និងមានភូមិផងរបងក្នុងតំបន់តែមួយ។

ក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៦មករា ជាទស្សនកិច្ចចុងក្រោយរបស់លោក ក្នុងតំបន់ គឺលោក វ៉ាងយីបាន ប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំ ដោយផ្ដោតលើការស្រោចស្រង់ប្រទេសក្រោយវិបត្តិកូវីដ-១៩ ។ លោក វ៉ាង បន្តអះអាងថាចិន នឹងឈរជាមួយហ្វីលីពីនរហូតដល់កូវីដ-១៩ រលាយនៅក្នុងប្រទេសនេះ។

មុនទៅដល់រដ្ឋធានីម៉ានីល លោក វ៉ាង បានទៅភូមា ឥណ្ឌូណេស៊ី និងព្រុយណេ។ នៅភូមា លោករដ្ឋមន្ត្រី តំណាងរដ្ឋាភិបាលចិន បានសន្យាផ្ដល់វ៉ាក់សាំង៣សែនដូសឲ្យរដ្ឋាភិបាលភូមា។ តែសម្រាប់ហ្វីលីពីន គឺជាប្រទេសរងគ្រោះខ្លាំងដោយសារជំងឺកូវិដបន្ទាប់ពីឥណ្ឌូណេស៊ី។ នេះបើនិយាយអំពីប្រទេស១០នៃសមាគមអាស៊ាន។

មកទល់ពេលនេះ ហ្វីលីពីនមានការឆ្លងជាង៤៩ម៉ឺននាក់ និងអ្នកស្លាប់ជិតមួយម៉ឺននាក់។ ប្រទេសនេះ បានចាត់វិធានការបិទក្រុងជាច្រើនលើក និងរឹតបន្តឹងការធ្វើដំណើរជាច្រើនផងដែរ។ ប្រទេសនេះ ក៏បានសម្រេចទិញវ៉ាក់សាំងពីក្រុម ហ៊ុនប្រទេសចិនផងដែរគឺ សម្រេចទិញវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac Biotech ចំនួន២៥លានដូស ។

មុនឡើងយន្តហោះ ចាកចេញពីក្រុងម៉ានីល លោកវ៉ាងយី បានបង្ហាញអារម្មណ៍ប្រាប់ សមភាគីរបស់លោកគឺលោក Teodoro Locsin ថាចិនគឺជាមិត្តរបស់ហ្វីលីពីន និងជាអ្នកក្បែរខាងជិតបំផុត។ យើងនឹងឈរយ៉ាងរឹងមាំជាមួយប្រជាជនហ្វីលីពីនរហូតមេរោគនេះត្រូវបានរលាយអស់។

សម្រាប់លោក Locsin បានទទូចថាកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ បានជំរុញ និងលើកកម្ពស់មិត្តភាពទ្វេភាគីកាន់តែរឹងមាំ។ លោករដ្ឋមន្ត្រីការបរទេសហ្វីលីពីនក៏ស្នើឲ្យប្រទេសទាំងពីរចាប់ផ្ដើមឡើងវិញគម្រោងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ពន្ធដែលបានឯកភាពគ្នាកន្លងមក។

កាសែត ចិន Global Times ដែលស្រង់ ទស្សនៈវិភាគរបស់ អ្នកសិក្សាសង្គម និងនយោបាយ Chen Xiangmiao,  នៃវិទ្យាសា្ថនជាតិ ដើម្បីសិក្សាសមុទ្រចិនខាងត្បូង មើលឃើញថា ការលើកឡើងអំពី ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ គឺជារបៀបវារៈសំខាន់មួយរបស់ប្រមុខការទូតចិន ប៉ុន្តែសំខាន់ជាងនេះ គឺលោកវ៉ាងយី មកកាន់អាស៊ាននៅពេលនេះ គឺពិតណាស់ សំដៅបន្តពង្រឹងថែមទៀត ដៃគូរបស់ខ្លួនក្នុងតំបន់នេះ គឺអោយ បានមុនការចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក ចូលបៃដិន។ ដំណើរទស្សនកិច្ចរបស់ ប្រមុខការទូតចិន មិនធ្វើឡើងដោយគ្មានការព្រៀងទុកនោះទេ ។

គោលបំណង គឺ ចង់ស្វែងរកមិត្តពិតប្រាកដសម្រាប់តំបន់ ខណៈ ចិននៅតែគិតថា រដ្ឋការរបស់លោកបៃដិន អាចនឹងមិនចោលការជ្រៀតជ្រែករបស់អាមេរិក ក្នុងជំលោះនៃតំបន់នេះដោយងាយៗនោះទេ។ ប៉ុន្តែ មានសំណួរមួយសួរថាតើ ហេតុអ្វីបានជា លោក វ៉ាងយី មិនទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម?

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស