36 C
Phnom Penh

សហរដ្ឋអាមេរិក ផ្តល់ជំនួយជាង៤០ម៉ឺនដុល្លារ ដល់កម្ពុជាសម្រាប់អភិរក្សប្រាសាទចំនួន២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋអាមេរិក បានសម្រេចផ្តល់ជំនួយជាង៤០ម៉ឺនដុល្លារដល់កម្ពុជា សម្រាប់គម្រោងការអភិរក្សប្រាសាទព្រះវិហារ និងប្រាសាទបាក់ខែង។

សេចក្តីប្រកាសព័ត៌មានរួមរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីចុងសប្តាហ៍មុន ឱ្យដឹងថា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានអនុម័តលើជំនួយជាថវិកាចំនួន១២ម៉ឺនដុល្លារ ជូនដល់អាជ្ញាធរជាតិព្រះវិហារ។ ថវិកានេះ ដើម្បីអភិរក្សជណ្តើរខាងជើងនៃប្រាសាទដែលត្រូវបានសាងសង់  ឡើងនៅសតវត្សទី១១ និងជួសជុលឡើងវិញប្រព័ន្ធបង្ហូរទឹកសម័យបុរាណនៅសង្ខាងនៃជណ្តើរផងដែរ។

សេចក្តីប្រកាសព័ត៌មានដដែល បន្តថា ស្ថានទូតក៏មានកិច្ចព្រមព្រៀងមួយទៀតក្នុងទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ ផ្តល់ជូនមូលនិធិប្រាសាទពិភពលោក ឬWMF សម្រាប់់បន្តការងារអភិរក្សប្រាសាទភ្នំបាខែង        នាខេត្តសៀមរាប ក្នុងដំណាក់កាលទី៥។

ប្រភពដដែលបន្តថា គម្រោងនេះនឹងដំណើរការក្នុងរយៈពេល២៤ខែ រហូតដល់ឆ្នាំ២០២២ ទៅក្នុងបរិបទនៃទំនាក់ទំនងរយៈពេលយូររបស់អង្គការ WMF ជាមួយអាជ្ញាធរជាតិអប្សរា។

ជំនួយទាំងនេះទទួលបានមកពីមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) ជាកម្មវិធីជំនួយមួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។

ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា Patrick Murphy បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានរួមនោះថា ទីតាំងប្រវត្តិសាស្រ្តទាំងនេះជាចំណែកដែលនៅស្ថិតស្ថេរយូរអង្វែងនៃបេតិកភណ្ឌវប្បធម៌យ៉ាងពិសេសរបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់និងផ្តល់តម្លៃនៅទូទាំងពិភពលោក ហើយថវិកានេះនឹងជួយអភិរក្សប្រាសាទទាំងនេះ សម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

ដោយឡែក សម្រាប់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា អ្នកស្រី ភឿង សកុណា មានប្រសាសន៍ថា ជំនួយនេះបង្ហាញពីការគាំទ្រយូរអង្វែង និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិករួមជាមួយសហគមន៍អន្តរជាតិ ក្នុងការការពារ អភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌នៅកម្ពុជា។

លើសពីនេះ ជំនួយនេះ អ្នកស្រីជឿជាក់ថា នឹងធ្វើឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដែលឈរលើគុណតម្លៃរួម រវាងប្រទេសកម្ពុជា និងរដ្ឋាភិបាលនិងប្រជាជនអាមេរិក ឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត។

គិតពីឆ្នាំ២០០១មក ក្រោមជំនួយជាថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ក្រោមសេនាធិការក្រសួងការបរទេសសហរដ្ឋអាមេរិកនេះ អាមេរិក បានផ្តល់ថវិកាចំនួនជាង៤លានដុល្លារហើយមកដល់រដ្ឋាភិបាលកម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស