28.4 C
Phnom Penh

មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលគួរតែមានវិធានការជាបន្ទាន់ ដើម្បីសង្គ្រោះជីវភាពរបស់ពលករខ្មែរដែលកំពុងជាប់គាំងនៅប្រទេសថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ អំពាវនាវ ឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា យកចិត្តទុកបន្ថែមទៀតលើពលករខ្មែរដែលបម្រើការងារក្នុងប្រទេសថៃ កំពុងជួបវិបត្តិសុខភាព និងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ក្នុងពេលប្រទេសថៃ ផ្ទុះឡើងនៃជំងឺកូវីដ១៩ ជាទ្រង់ទ្រាយធំ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ពលករខ្មែរដែលកំពុងបម្រើការនៅប្រទេសថៃបានជួបការលំបាកផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ខណៈពួកគេក៏កំពុងប្រឈមទៅនឹងការបញ្ឈប់ពីការងារដោយគ្មានប្រាក់សំណងក្រោមលេសវិបត្តិកូវីដ១៩ ពីថៅកែរោងចក្រ។

លោកបន្តថា ចំណែក ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃកំពុងធ្វើចត្តាឡីស័កក្នុងប្រទេសកម្ពុជា មានការរអ៊ូរទាំ ទៅលើសម្ភារៈរបស់ក្រសួងសុខាភិបាលដែលបានផ្តល់ឲ្យពួកគេ មិនគ្រប់គ្រាន់ និងមិនស្របតាមស្តង់ដាសុវត្ថិភាព ជាពិសេសសម្ភារៈផ្នែកខាងស្ត្រីមានការខ្វះខាតច្រើន។

លោក សំណូមពរ ឲ្យរដ្ឋាភិបាលគិតគូរបន្ថែមទៀតទៅលើការផ្តល់អាហាររូបត្ថម្ភដល់ពួកគេឲ្យបានគ្រប់គ្រាន់ ត្បិតពលករទាំងនោះក៏បានត្អូញត្អែរពីរការខ្វះខាតនៃការផ្តល់អាហារមិនបានត្រឹមត្រូវដល់ពួកគេផងដែរ។ លោក ជុំរុញឲ្យរដ្ឋាភិបាលត្រួតពិនិត្យឲ្យបានហ្មត់ចត់តាមមណ្ឌលចត្តាឡីស័កនីមួយៗ។

ការអះអាងនេះធ្វើឡើងក្រោយកម្រើកឡើងវិញនៃវីរុសកូវីដ១៩នៅក្នុងប្រទេសថៃដែលបង្ខំឲ្យរដ្ឋាភិបាលថៃសម្រេចដាក់ប្រទេសទាំងមូលក្នុងភាពប្រកាសអាសន្ន ចាប់ពីថ្ងៃទី១៦ ខែមករា រហូតលដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីបន្តទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

កាលពីថ្ងៃចន្ទទី១៨ ខែមករា ឆ្នាំ២០២១ ការសែតបរទេស Bangkok Post បានចុះផ្សាយពីរបាយការណ៍រដ្ឋាភិបាលថៃថា វីរុសកូវីដ១៩ ថ្មីត្រូវរកឃើញ ចំនួន ៣៦៩ ករណីបន្ថែមទៀត កាលពីថ្ងៃចន្ទម្សិលម៉ិញ។  ចំនួននេះបានធ្វើឱ្យមានជម្ងឺកូវីដ១៩ កើនឡើងប្រមាណជាង ១ម៉ឺន ២ពាន់ ករណី ចាប់តាំងពីជំងឺនេះ ផ្ទុះឡើងសារជាថ្មី។

ប្រភពដដែលបានស្រង់សម្តីរបស់ វេជ្ជបណ្ឌិតប្រទេសថៃលោក Taweesilp អះអាងកាលពីថ្ងៃទី១៧ មករា នេះថា ពលករចំណាកស្រុកខុសច្បាប់ដែលមិនបានចុះបញ្ជី មានចំនួនប្រហែល ៥ម៉ឺននាក់ ដែលអាចនឹងឆ្លងវីរុសកូវីដ១៩ថ្មីនេះ ប្រសិនបើពួកគេ ជៀសវាងការធ្វើតេស្ត៍ដោយខ្លាចមានវិធានការផ្លូវច្បាប់របស់រដ្ឋាភិបាលថៃ។

យ៉ាងណាក៏ដោយ ការសែតបរទេសមួយនេះ បញ្ជាក់ថា រដ្ឋាភិបាលថៃបានអនុញ្ញាតឱ្យពលករចំណាកស្រុកខុសច្បាប់ពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ចុះឈ្មោះតាមប្រព័ន្ធអ៊ិនធឺណិតជាមួយនាយកដ្ឋានមានសត្ថកិច្ចចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមិនមានការពិន័យនោះទេ។

កម្មវិធីលើកលែងទោសនេះ មានគោលបំណងជុំរុញឱ្យអាជ្ញាធរត្រួតពិនិត្យសុខភាពរបស់ពួកគេជាបន្ទាន់ និងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះជាយថាហេតុផងដែរ។

កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចេញសេចក្តីជូនដំណឹង ទៅដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សា នៅប្រទេសថៃ ត្រូវប្រុងប្រយ័ត្នខ្ពស់ ព្រោះរដ្ឋាភិបាលថៃ បានសម្រេចបិទប្រទេសទាំងមូលចាប់ពីថ្ងៃទី១៦ ខែមករា រហូតលដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីបន្តទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ស្ថានទូតកម្ពុជា បានអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃទាំងអស់ បន្តចូលរួមសហការបន្ថែមទៀត ដើម្បីអនុវត្តវិធានការនានារបស់រដ្ឋាភិបាលថៃឲ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធិភាពខ្ពស់ ព្រមទាំងត្រូវនាំគ្នារក្សាអនាម័យឲ្យបានត្រឹមត្រូវក្នុងការកម្រើកឡើងវិញនៃជំងឺរាតត្បាតនេះ។

ចំណែកក្រសួងសុខាភិបាលកម្ពុជាឯណេះវិញ នៅថ្ងៃទី១៩ ខែមករានេះ បានចេញសេចក្តីប្រកាសព័ត៌មានថា ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ និងបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ មានចំនួនសរុប ៧០នាក់ហើយ។ ក្នុងនោះបានជាសះស្បើយ ២២នាក់ រីឯអ្នកដទៃទៀតកំពុងសម្រាកព្យាបាលតាមមណ្ឌលចត្តាឡីស័កតាមខេត្តរបស់ពួកគេរៀងៗខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស