29 C
Phnom Penh

អគ្គលេខាធិការបក្សប្រជាធិបតេយ្យមូលដ្ឋានថា មាតុភូមិនិវត្តន៍របស់ភាគីលោក សមរង្ស៊ី មិនអាចទៅរួចទេ បើគ្មានភ្លើងខៀវពីលោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP អះអាងថា ការធ្វើមាតុភូមិនិវត្តន៍របស់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនឹងភាគីលោក សមរង្ស៊ី នឹងមិនអាចទៅរួចទេប្រសិនបើមិនមានភ្លើងខៀវពី លោក ហ៊ុន សែន។

អគ្គលេខាធិការគណបក្ស GDP បណ្ឌិត សាម អ៊ីន បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិមិនហ៊ាន ហើយក៏ មិនមានចេតនាពិតប្រាកដក្នុងការវិលត្រលប់ចូលកម្ពុជានោះទេ។ ប៉ុន្តែពួកគេចេះតែបន្តនិទានរឿងវិលចូលស្រុក ដើម្បីកុំឱ្យមហាជនភ្លេច និងកុំឱ្យអ្នកគាំទ្រអស់សង្ឃឹមលើបក្សខ្លួនតែប៉ុណ្ណោះ។

ការអះអាងនេះធ្វើឡើង បន្ទាប់ពីអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បានប្រកាសពីបរាជ័យនៃការធ្វើមាតុភូមិនិវត្តន៍របស់ខ្លួនចូលទៅប្រទេសកម្ពុជាជាថ្មីទៀត កាលពីពាក់កណ្តាលខែ   មករា នេះក្រោមហេតុផលរដ្ឋអំណាចរបស់លោកហ៊ុន សែន មិនព្រមផ្តល់សុពលភាព លិខិតឆ្លងដែន និងមិនផ្តល់ទិដ្ឋការ ឬវីហ្សាដល់ពួកគេឡើយ។

យ៉ាងណាក៏ដោយ ការធ្វើមាតុភូមិនិវត្តន៍របស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ទាំង២លើកកន្លងមកនោះ សុទ្ធតែត្រូវបរាជ័យទាំងស្រុង ទាំងការធ្វើមាតុភូមិនិវត្តន៍ដើម្បីផ្តួលរំលំ និងការផ្សះផ្សាជាតិជាមួយប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន។

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ មិនត្រូវបានគេអនុញ្ញាតិឲ្យឡើងយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ឆ្ពោះទៅប្រទេសកម្ពុជា ដោយឆ្លងកាត់ប្រទេសសឹង្ហបុរី នោះទេ ពីព្រោះអ្នកស្រីមិនមានទិដ្ឋការ ដើម្បីចូលប្រទេសកម្ពុជាឡើយ។

ដោយឡែក យុទ្ធនាការមាតុភូមិនិវត្តន៍ ៩ ខែវិឆ្ឆិកា ឆ្នាំ២០១៩ ដែលដឹកនាំដោយលោក សម រង្ស៊ី ពេលនោះ ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ប៉ុន្តែត្រូវបរាជ័យទាំងស្រុង។

ក្រុមអ្នកសង្កេតការណ៍ រិះគន់ថា បើអ្នកនយោបាយនៅតែនិយាយបំភាន់ការពិត ទៅកាន់អ្នកគាំទ្រ របស់ខ្លួន ហើយធ្វើឲ្យពួកគេខកបំណងជាច្រើនលើកច្រើនសារនោះ  អ្នកនយោបាយទាំងនោះ នឹងធ្លាក់ចុះការគាំទ្រជាមិនខាន ។ ដូច្នេះ ពួកគេត្រូវតែពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រនយោបាយរបស់ក្រុមខ្លួនជាបន្ទាន់។

ពួកគេបញ្ជាក់ថា អ្នកនយោបាយដែលមានលក្ខណៈសម្បត្តិល្អ ប៉ុន្តែមានសមាសភាពក្រុមការងារមិនល្អ និងអ្នកគាំទ្ររបស់ខ្លួនខ្លះ ជាមនុស្សអសីលធម៌ និង អវិជ្ជា នោះគឺជាប្រផ្នូលនៃដំណើរនយោបាយដ៏អាក្រក់របស់ពួកគេដែលកំពុងឆ្ពោះទៅកាន់ភាពបរាជ័យយ៉ាងពិតប្រាកដ។

អ្នកវិភាគនយោបាយសង្គម លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកថា ធ្វើអ្វីក៏ត្រូវតែមានក្បួនដែរ។ លោកថា បុគ្គលធម្មតាប្រើក្បួនដដែលៗ ដែលអ្នកចេះមុនៗចងក្រងទុក ប៉ុន្តែមនុស្សអស្ចារ្យ មានប្រាជ្ញាផលិតក្បួនពីសមត្ថភាពរបស់ខ្លួន ព្រោះថា គ្រប់យុទ្ធវិធី ពុំមែនសុទ្ធតែត្រូវការអ្នកក្លាហានទាំងអស់គ្នាទេ ប៉ុន្តែ គ្រប់គ្នាចាំបាច់ត្រូវហ៊ានលះបង់។

លោក បញ្ជាក់ថា ក្រុមមេដឹកនាំនយោបាយ-Live Show ស្រែកបន្ទររំពងមេឃ ខ្ទ័រដី ប៉ុន្តែពេលចុងក្រោយនាំគ្នាអង្គុយ រកនឹកសម្ដីដោះសាប្រាប់ពលរដ្ឋ លាងកំហុសច្រំដែលៗរបស់ខ្លួន។

រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានសមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រមាណជាង១រយនាក់ហើយ រងការចាប់ខ្លួនជាបន្តបន្ទាប់ និងចោទប្រកាន់ពីបទ ផ្សំគំនិតក្បត់ និងញុះញង់បង្ករឲ្យមានភាពវឹកវរធ្ងន់ដល់សន្តិសុខសង្គម បន្ទាប់ពីពួកគេបានចូលរួមក្នុងយុទ្ធនាការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា របស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩ និងព្រឹត្តិការណ៍ចូលស្រុកខ្មែរនៅឆ្នាំ២០២១នេះ។

លោក ហ៊ុន សែន ធ្លាប់បានប្រកាសហើយថា លោកនឹងមិនចុះហត្ថលេខាស្នើសុំទៅព្រះមហាក្សត្រដើម្បីលើកលែងទោសឱ្យលោក សម រង្ស៊ី ទៀតឡើយ។ លោកថែមទាំងសច្ចារថា  លោកសុខចិត្តកាត់ដៃស្តាំរបស់ខ្លួនចោល បើសិនលោកធ្វើរឿងដដែលនេះទៀត។

លោក សម រង្ស៊ី បានចាកចេញពីកម្ពុជា កាលពីឆ្នាំ២០១៥ ហើយមកទល់ពេលនេះ លោកនៅមិនទាន់មានភ្លើងខៀវណាមួយពីលោក ហ៊ុន សែន ដើម្បីបានវិលត្រឡប់ចូលកម្ពុជានៅឡើយទេ។

កាលពីខែកក្កដា ឆ្នាំ២០១៣ លោក សម រង្ស៊ី បានវិលចូលកម្ពុជាវិញក្រោយចាកចេញពីកម្ពុជាជាច្រើនឆ្នាំ គឺចំពេលដែលឪពុកបង្កើតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលមរណភាព។

កាលណោះ លោក សម រង្ស៊ី បានផ្ញើលិខិតចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក ហ៊ុន សែន ។ ក្រោយមកបន្តិចលោក ក៏ទទួលបានលិខិតលើកលែងទោសពីព្រះមហាក្សត្រ តាមរយៈ លិខិតរបស់នាយករដ្ឋមន្រ្តីដែលបានស្នើឡើងពេលនេះ។

អតីតមេបក្សប្រឆាំងរូបនេះ បានវិលត្រឡប់ចូលកម្ពុជា ជិតដល់ថ្ងៃបោះឆ្នោតជាតិឆ្នាំ២០១៣ ខណៈអ្នកឃ្លាំមើលសង្កេតឃើញថាលោកហ៊ុន សែន ក៏ចង់បានភាពស្របច្បាប់ពីវត្តមានរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិពេលនោះ សម្រាប់បង្ក្រប់ដំណើការបោះឆ្នោតរបស់ខ្លួន ដើម្បីឱ្យសហគមន៍អន្តរជាតិទទួលស្គាល់ផងដែរ៕  

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស