26 C
Phnom Penh

ក្រសួងធនធានទឹក អំពាវនាវឱ្យពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដូចគ្នាទៅនឹងបណ្តាឆ្នាំមុនៗដែល នៅឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ពលរដ្ឋ ឱ្យបន្តរក្សានិងប្រើប្រាស់ទឹកដោយសន្សំសំចៃ ព្រោះឆ្នាំនេះបញ្ហាទឹកនឹងប្រឈមដូចឆ្នាំកន្លងទៅ។ 

សេចក្តីជូនដំណឹងរបស់ក្រសួង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បានលើកឡើងថា ផ្អែកតាមការវាយតម្លៃពីអន្តរជាតិ និងក្នុងតំបន់ បង្ហាញថា កម្ពុជានឹងទទួលរងឥទ្ធិពលពីបាតុភូត អែនសូ (ENSO) ស្របពេលកម្ពុជាកំពុងរងបាតុភូតធម្មជាតិ២ ដែលមានឈ្មោះថា La Naina ត្រជាក់៥០% និងបាតុភូត Neutral ក្តៅត្រជាក់៥០ភាគរយ។ បាតុភូតទាំងពីរនេះបានធ្វើឱ្យអាកាសធាតុសម្រាប់រដូវប្រាំង និងដើមរដូវវស្សាឆ្នាំ២០២១នេះ អាចនឹងមានលក្ខណៈអំណោយផលល្អ។

យ៉ាងនេះក្តី ក្រសួងបញ្ជាក់ថា ក្នុងខែមេសា និងដើមរដូវវស្សា អាចនឹងមានភ្លៀងកក់ខែច្រើន តែបរិមាណទឹកភ្លៀងដែលធ្លាក់មកគឺមិនទាន់គ្រប់គ្រាន់សម្រាប់ប្រើប្រាស់ដើម្បីឆ្លើយតបទៅតាមតម្រូវការភ្លាមៗរបស់ពលរដ្ឋនោះទេ។

បញ្ហានេះ  ក្រសួងបានអំពាវនាវឱ្យពលរដ្ឋបន្តរក្សាទឹកនិងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសតំបន់ជនបទដាច់ស្រយាលនៅឆ្ងាយពីប្រភពទឹក ព្រោះអាចនឹងប្រឈមកង្វះទឹកប្រើប្រាស់ផងដែរ។

កាលពីដើមខែមករា គណបក្សប្រជាធិបតេយ្យមូលដ្ឋានGDP បានលើកឡើងថា នយោបាយគ្រប់គ្រងទឹកជំនាន់អាណាចក្រខ្មែរអង្គរ ជាឧទាហរណ៍ល្អសម្រាប់ការគ្រប់គ្រងទឹកនាពេលបច្ចុប្បន្នដូចជាការគ្រប់គ្រងទឹកមិនឲ្យជន់លិចទីក្រុង ឬទីប្រជុំជន  ព្រមទាំងការគ្រប់គ្រងទឹកដើម្បីប្រើប្រាស់ក្នុងវិស័យកសិកម្ម និងការគ្រប់គ្រងទឹកសម្រាប់ទេសចរណ៍ជាដើម។

GDP បន្តថា ការរៀបចំប្រព័ន្ធគ្រប់គ្រងទឹកនៅតាមតំបន់សំខាន់ៗដូចជាស្ទឹងព្រែកត្នោតសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាលនិងកំពង់ស្ពឺ គឺជាអាទិភាពមួយនៃគោលនយោបាយទឹករបស់គណបក្សនេះផងដែរ។

ចាប់តាំងពីឆ្នាំ២០១៦មក នៅតំបន់ជាច្រើននៃប្រទេសកម្ពុជា ពិសេសបណ្តាខេត្តជាប់ព្រំដែនថៃ តែងរងភាពរាំងស្ងួត និងជួបញ្ហាកង្វះទឹកប្រើប្រាស់ស្ទើរជារៀងរាល់ឆ្នាំ ខណៈរដ្ឋាភិបាលមានយន្តការដោះស្រាយត្រឹមតែការដឹកទឹកចែកជូនពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្នឬរយៈពេលខ្លីតែប៉ុណ្ណោះ។ ប៉ុន្តែមកទល់ពេលបច្ចុប្បន្នរដ្ឋាភិបាលនៅមិនទាន់បង្ហាញយន្តការដោះស្រាយច្បាស់លាស់ និងជាយូរអង្វែងនោះឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស