26 C
Phnom Penh

លោក ស ខេង នៅតែអះអាងថាគ្រឿងញៀនជាបញ្ហាដ៏ធំសម្រាប់ កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេង នៅតែបង្ហាញក្តីកង្វល់ពាក់ព័ន្ធបញ្ហាគ្រឿងញៀន ដោយលោកថាបញ្ហានេះនៅតែជាបញ្ហាដ៏ធំនៅកម្ពុជា។

ថ្លែងក្នុងឱកាស ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ២០១៩-២០២៣» ដែលធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃលោក ស ខេង មានប្រសាសន៍ថា ការបង្ក្រាបគ្រឿងញៀន រយៈពេល ១០ឆ្នាំមកនេះ បានយ៉ាងជោគជ័យ ប៉ុន្តែគ្រឿងញៀននៅតែជាបញ្ហាដ៏ធំ ក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាពដដែល។

លោកទទួលស្គាល់ថា បញ្ហាគ្រឿងញៀននៅចំណុចខ្លះកាន់តែធំជាងមុនថែមទៀត ទោះបីជាការអនុវត្តរបស់រដ្ឋាភិបាលកន្លងទៅ បានខិតខំប្រឹងប្រែងច្រើនយ៉ាងណាក៏ដោយ។  ប៉ុន្តែដោយសារទីផ្សារគ្រឿងញៀន វារីករាលដាលកាន់តែធំ អញ្ចឹងហើយចំនួនចាប់ជនប្រព្រឹត្តិបទល្មើស ឬក៏វត្ថុតាងគ្រឿងមកផ្តន្ទាទោស ក៏កាន់តែច្រើនផងដែរ។ 

ពាក់ព័ន្ធនឹងផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ២០១៩-២០២៣ លោក ស ខេង បញ្ជាក់ថា បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ បញ្ហាគ្រឿងញៀន នៅតែជាកង្វល់ដែលទាមទារការចិត្តទុកដាក់ប្រឹងប្រែងពុះពារជំនះ និងដោះស្រាយប្រកបដោយយុត្តិធម៌ និងកាន់តែមានប្រសិទ្ធភាព។

លោកថា ការធ្វើដូច្នេះ ដើម្បីឱ្យប្រជាជន ពិសេសស្ត្រីដែលមានរហូតដល់៥២ភាគរយ អាចរស់នៅប្រកបដោយការគោរពសិទិ្ធ សេចក្តីសុខ និងសុវត្ថិភាពក្នុងជីវិត ព្រមទាំងភាពសុខដុមរមនាក្នុងសង្គម។

សង្គមស៊ីវិលកន្លងមកធ្លាប់ អះអាងថា បញ្ហាគ្រឿងញៀននេះ គឺជាផ្នែកមួយនាំឱ្យមានវិបត្តិសង្គមដូចជាចោរកម្ម ឃាតកម្ម គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងសង្គម និងក្នុងគ្រួសារ ព្រមទាំងរំលោភសេពសន្ថវៈជាដើម។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា កត្តាដែលធ្វើឱ្យអ្នកប្រើប្រាស់ និងអ្នកចែកចាយគ្រឿងញៀនមានការកើនឡើង គឺបណ្តាលមកពីកត្តាមួយចំនួនដូចជាការបង្ក្រាបមិនមានប្រសិទ្ធ និងមិនបានឆ្លើយតបទៅនឹងបញ្ហាដែលកើតមានឡើង។ លើសពីនេះ កត្តាដែលសមត្ថកិច្ចច្រើនតែដើរក្រោយ ឧក្រិដ្ឋជន ឬ អ្នកជួញដូរគ្រឿងញៀន ខណៈដែលឧក្រិដ្ឋជនបានបង្កើតជាបណ្តាញចែកចាយរឹងមាំ ព្រមទាំងកត្តាធនធានមនុស្ស ដែលបានប្រែក្លាយពីអ្នកប្រើប្រាស់ថ្នាំញៀនទៅជាបណ្តាញនៃការចែកចាយជាដើម។

លោកបន្តថា ដើម្បីដោះស្រាយបញ្ហានេះ គឺ រដ្ឋាភិបាលត្រូវបង្កើតជាប្រព័ន្ធនៃការឆ្លើយតបជាបន្ទាន់ចំពោះសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ចំពោះបញ្ហាគ្រឿងញៀនដែលកើតឡើងនៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលា។ ត្បិតកន្លងមក មានការលើកឡើងពីពលរដ្ឋទៅកាន់សមត្ថកិច្ចចំពោះបញ្ហានេះ ប៉ុន្តែការឆ្លើយតបមានភាពយឺតយ៉ាវ។ បញ្ហានេះ លោកថា នាំឱ្យពលរដ្ឋដាក់សង្ស័យទៅលើសមត្ថកិច្ច ជុំវិញការប្រព្រឹត្តអំពើពុករលួយ ឬ ការឃុបឃិតគ្នាជាប្រព័ន្ធ ដែលធ្វើឱ្យបញ្ហាថ្នាំញៀននៅតែចោទជាបញ្ហាធំដដែល។

របាយការណ៍របស់នាយកដ្ឋានប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ នៅដើមខែមករាឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្នុងឆ្នាំ២០២០នេះ សមត្ថកិច្ចជំនាញ បង្ក្រាបបទល្មើសគ្រឿងញៀនសរុបជាង១ម៉ឺនករណី(១០ ៤៦១) និងរឹបអូសបានវត្ថុតាងគ្រឿងញៀនចំនួនជាង៣តោន( ៣ ១៨៩ គីឡូក្រាម) ព្រមទាំងសារធាតុគីមីផ្សំជាគ្រឿងញៀនចំនួនជាង៥តោន(៥ ០២៥ គីឡូក្រាម)។

របាយការណ៍បន្តថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចក៏បានចាប់ខ្លួនមនុស្សដែលពាក់ព័ន្ធគ្រឿងញៀនចំនួនជាង២ម៉ឺននាក់(២១ ៥៦៦)។ ក្នុងនោះមានជនបរទេសចំនួន ៣៨៩ នាក់។ ដោយឡែក អ្នកដែលពាក់ព័ន្ធនឹងការជួញដូរ កែច្នៃ រក្សាទុក និងដាំដុះចំនួន ១២ ៧៣៩ នាក់ និងអ្នកប្រើប្រាស់ចំនួន ៨ ៨២៧ នាក់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស