សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងយាងមកកាន់តំណែងជាព្រះប្រធានគណបក្សរាជានិយមនេះឡើងវិញ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីព្រះអង្គបានបាត់ព្រះភ័ក្ត្រពីឆាកនយោបាយយ៉ាងយូរ ដោយត្រូវទៅសម្រាកព្យាបាលព្រះកាយនៅក្រៅប្រទេស ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះអនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ហេង ចាន់ថា បញ្ជាក់ថា សព្វថ្ងៃនេះ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានព្យាបាលព្រះរាជសុខភាពជាសះស្បើយវិញហើយ។ លើសពីនេះព្រះអង្គ នឹងអាចដឹកនាំការងារក្នុងគណបក្សវិញបានថែមទៀតផង។
លោកបន្តថា បច្ចុប្បន្នព្រះអង្គកំពុងគង់នៅប្រទេសបារាំងនៅឡើយ និងកំពុងព្យាយាមរកជើងហោះហើរ ដើម្បីធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។
អនុប្រធានគណបក្សរូបនេះអះអាងថា សម្ដេចព្រះប្រធាននឹងយាងមកដឹកនាំគណបក្សរាជានិយមមួយនេះ ក្នុងពេលឆាប់ៗនេះ ពោលគឺក្នុងពេលស្ថានភាពជំងឺកូវីដ១៩បានធូរស្រាល ហើយមានជើងយន្តហោះមកកាន់កម្ពុជា។
កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានតែងតាំងបុត្ររបស់ព្រះអង្គ ១អង្គ គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទីរបស់គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច។ កាលណោះ សម្ដេចក្រុមព្រះនៅសម្រាកព្យាបាលព្រះរាជសុខភាពនៅប្រទេសបារាំងនៅឡើយ។
កាលពីខែមិថុនា ឆ្នាំ២០១៨ ក្បូនព្រះទីនាំងរបស់ទ្រង់នរោត្តម រណឫទ្ធិ បានជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្តឈ្នួលមួយគ្រឿងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាញឱ្យព្រះអង្គរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅក្រៅប្រទេស។ គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្តាលឱ្យអ្នកម្នាង អ៊ុក ផល្លា រណឫទ្ធិ ទទួលមរណភាព រួមទាំងអ្នករួមដំណើរមួយចំនួនទៀតរងរបួសធ្ងន់ស្រាល។
គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងទៅលើក្បួនព្រះទីនាំងរបស់សម្តេចក្រុមព្រះ ជាលើកទី២ហើយ ក្រោយពេលលើកទីមួយបានកើតឡើងនៅក្នុងខេត្តកំពង់ចាម បណ្តាលឱ្យអ្នកម្នាងអ៊ុក ផល្លា រងរបួសធ្ងន់ធ្ងរផងដែរ។
អនុប្រធានគណបក្សហ៊ុនស៊ិនប៉ិច ដដែល បញ្ជាក់ថា រចនាសម្ព័ន្ធក្រោមការដឹកនាំរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានរៀបចំរួចរាល់ហើយ គឺមានគ្រប់ជាន់ថ្នាក់ទាំងអស់ តាំងពីលើដល់ក្រោមដល់ថ្នាក់លើ។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់សកម្មជនចាស់ៗ ដែលធ្លាប់គាំទ្រគណបក្សរាជានិយមមួយនេះ ចូលរួមជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិចឡើងវិញទៀតផង។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ធ្លាប់បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតដែលរៀបចំឡើងដោយអ៊ុនតាក់ កាលពីឆ្នាំ១៩៩៣ ប៉ុន្តែអំណាចមិនបានធ្លាក់លើដៃរបស់ព្រះអង្គទាំងស្រុងទេ ដោយអតីតនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលលើកបន្តុបដោយវៀតណាមបានឡាំប៉ាចំពោះលទ្ធផលឆ្នោត រហូតនាំឱ្យមានការសម្របសម្រួលបង្កើតជាសហនាយករដ្ឋមន្ត្រីទី១ និងទី២ តែម្តង។
ចាប់តាំងពីអាណត្តិទី១មក គណបក្សរាជានិយមមួយនេះ ក៏កាន់តែធ្លាក់ចុះនូវប្រជាប្រិយភាពជាបន្តបន្ទាប់ រហូតដល់លែងមានអាសនៈនៅក្នុងរដ្ឋសភាតែម្តង។
អ្នកវិភាគនយោបាយ ធ្លាប់លើកឡើងថា គណបក្សហ៊ុនស៊ិនប៉ិច នឹងមិនអាចស្តារប្រជាប្រិយភាពឡើងវិញបានជាដាច់ខាតទៅថ្ងៃអនាគត៕