33 C
Phnom Penh

រដ្ឋាភិបាលថៃអំពាវនាវសុំកុំមានការប្រជុំនយោបាយ ខណៈតុលាការបញ្ឆេះការឈឺចាប់ថែមទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រលកបាតុកម្មនៅក្រុងបាងកក ត្បិត ស្ថិតក្នុងសភាពស្ងប់ស្ងាត់ក៏ពិតមែន តែមិនប្រាកដថា ស្ងប់ស្ងាត់ជារៀងរហូតនោះទេ។  ក្រុមបាតុករដែលជាក្រុមចលនានិស្សិត បានដាក់ផែនការរួចហើយ ថា នឹងបន្តធ្វើបាតុកម្ម ឡើងវិញ ដែលជាគាបសង្កត់ ទៅលើរដ្ឋាភិបាល លោកប្រយុទ្ធចាន់អូចា ឲ្យកែទម្រង់ស្ថាប័នរាជវាំង ដោយកាត់បន្ថយអំណាចរបស់ ព្រះមហាក្សត្រពាក់ព័ន្ធនឹងវិស័យកងទ័ព និងគាបសង្កត់អោយ លោកបា្រយុទ្ធនាលែងពីតំណែង ដោយបាតុករចោទថា អតីតមេរដ្ឋប្រហាររូបនេះ បន្តកាន់តំណែងនាយករដ្ឋមន្ត្រី ដោយសារតែស្ថាប័នព្រឹទ្ធសភាលើកបន្តុប។

ជាថ្មីម្ដងទៀត រដ្ឋាភិបាល លោកបា្រយុទ្ធ ដែលកំពុងប្រយុទ្ធប្រឆាំងដ៏ស្វិតស្វាញ នឹងជំងឺ កូវិដ១៩ បានដាក់ការព្រួយបារម្ភ ថាការប្រជុំនយោបាយ នៅពេលនេះមិនគួរមាននោះទេព្រោះ មេរោគដ៏កំណាចនេះ នឹងបន្តរីករាលដាលការឆ្លងរបស់វាកាន់តែខ្លាំង។

អ្នកនាំពាក្យ រាជរដ្ឋាភិបាល Anucha Burapachaisri និយាយថា លោក បា្រយុទ្ធសូមអំពាវនាវ កុំមានការធ្វើមហាប្រជុំនយោបាយ ព្រោះប្រទេសថៃកំពុងញំយីដោយជំងឺកូវិដ។

កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយនៅថ្ងៃទី១៩មករានេះថា ការអំពាវនាវរបស់លោក នាយករដ្ឋមន្ត្រីប្រាយុទ្ធ ធ្វើឡើងចំពេលដែលមានការចុះផ្សាយលើបណ្ដាញសង្គម របស់មេដឹកនាំបាតុករ ថា បាតុកម្ម អាចនឹងបន្តជាថ្មីទៀត ចាប់ពីថ្ងៃចុងសប្ដាហ៍នេះ ដើម្បី អោយមានការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ដែលត្រូវចែងច្បាស់អំពីអនាគត ប្រទេសថៃ ហើយមិនត្រូវអនុញ្ញាតិឲ្យពួកយោធា មានតួនាទីក្នុងរដ្ឋាភិបាលស៊ីវិលនោះទេ ទោះជាឧត្តមសេនីយ ទាំងនោះចូលនិវត្តន៍ក៏ដោយ។

តែអ្នកនាំពាក្យ របស់រដ្ឋាភិបាល បាននិយាយថា រដ្ឋាភិបាល នៅតែប្រកាន់ខ្ជាប់នូវច្បាប់ គ្រាមានអាសន្នក្នុងការប្រយុទ្ធនឹងជំងឺកូវិដ ដោយហាមការជុំគ្នា ក្នុងទ្រង់ទ្រាយធំៗ។ នៅក្នុងប្រទេសថៃ មានអ្នកឆ្លងថ្មី ៣៦៩ នាក់ កាលពីថ្ងៃទី១៨មករា ដែលនាំអោយ អ្នកឆ្លងកូវិដ- ១៩ កើនឡើង ១ម៉ឺន ២ពាន់ ៤២៣នាក់ និងអ្នកស្លាប់ កើនឡើង៧០នាក់។

តែបែបនេះក្ដីទំនង កាន់តែធ្វើក្រុមបាតុករឈឺចាប់ ព្រោះអ្នកតស៊ូមតិម្នាក់វ័យ ៦០ឆ្នាំ ឈ្មោះ Anchan ត្រូវបានតុលាការកាត់ឲ្យមានទោស ៤៣ឆ្នាំ ៦ខែ ករណីប្រមាថអង្គព្រះមហាក្សត្រ។ តុលាការ ទីក្រុងបាងកកបានរកឃើញ ស្ត្រីជាអតីតមន្ត្រីរាជការរូបនោះ បានប្រព្រឹត្តបទល្មើសសរុប ២៩ករណី ដែលជាការបំពានទៅលើច្បាប់ដ៏តឹងរ៉ឹងបំផុតរបស់ថៃ ក្នុងការការពារស្ថាប័នព្រះមហាក្សត្រ។

ក្រុមមេធាវីរដ្ឋាភិបាលថៃបាននិយាយថា ស្ត្រីរូបនោះបានបង្ហោះ ឃ្លីបសំឡេង ដែលជាការបញ្ចេញមតិយោបល់រិះគន់សង្គមថៃនិងរបបរាជានិយម ទៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក  ដែលទង្វើទាំងនេះ តុលាការចាត់ទុកថា ជាការរិះគន់ និងប្រមាថចំពោះព្រះមហាក្សត្រ។

រឿងក្តីរបស់ស្ត្រីរូបនេះ មានរយៈពេល ៦ឆ្នាំមកហើយ បន្ទាប់ពីរដ្ឋប្រហារយោធាខែឧសភាឆ្នាំ២០១៤ ដែលបានទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ចេញពីតំណែងនាយករដ្ឋមន្ត្រីហើយស្រ្តីរូបនេះជាអ្នកគាំទ្រ អ្នកស្រីយីងឡាក់ និងគណបក្សភឿថៃ ។ ស្ត្រីរូបនេះត្រូវបានចោទប្រកាន់តាំងពីពេលនោះមក។

អ្នកសង្កេតការណ៍ព្រមានថា ករណីកាត់ទោស ស្ត្រីរូបនេះ នឹងនាំឲ្យក្រុមបាតុករ ដែលបានធ្វើបាតុកម្មប្រឆាំងនឹងអំណាចរបស់មហាក្សត្រ អាចនឹងកម្រើកឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស