បរិស្ថាន

អាណាព្យាបាលនៅខេត្តព្រះសីហនុ បន្តព្រួយបារម្ភ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងចោររឆក់

By ឌឹ ខេមបូឌា ដេលី

January 21, 2021

អាណាព្យាបាលរស់នៅខេត្តព្រះសីហនុ បន្តព្រួយបារម្ភអំពីបទល្មើសគ្រឿងញៀន និងចោរឆក់ ដែលបានធ្វើសកម្មភាពរាល់ថ្ងៃ នៅក្នុងមូលខេត្តព្រះសីហនុ។

ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋ ក៏ដូចអាណាព្យាបាលរស់នៅខេត្តព្រះសីហនុ បានសំណូមពរដល់ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ជាពិសេស លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយដាក់បទបញ្ជាទៅ កម្លាំងសមត្ថកិច្ចនគរបាល នៅតាមអធិការដ្ឋាននានា ឲ្យបង្កើនសកម្មភាពចុះត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសគ្រឿងញៀន ដែលកំពុងចរាចរណ៍នាមូលដ្ឋានខេត្តព្រះសីហនុ ឲ្យបានច្រើនថែមទៀត។

ពលរដ្ឋអះអាងថា ជាក់ស្តែង កាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ពន្ធ័បទល្មើសគ្រឿងញៀន នៅក្រុម១៩ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។  

ជនសង្ស័យទាំង០៣នាក់ រួមមាន៖ ឈ្មោះ ធី រ៉ាវីត ភេទប្រុស និងធី រ៉ាវុធ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងឈ្មោះ ម៉ា ស្រស់ ភេទស្រី ជាជនជាតិខ្មែរ ។ អ្នកទាំងបី មានទីលំនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 

ប្រតិបត្តិការនេះ សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមព៌ណសថ្លា សង្ស័យសារធាតុញៀន ៤១ កញ្ចប់ធំ ទូរសព្ទ័ ០៣គ្រឿង ម៉ូតូ ០២គ្រឿង ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១ និងថង់វិចខ្ចប់ មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ និងឈានទៅបន្តសំណុំរឿងបញ្ជូនទៅកាន់តុលាការបន្តនីតិវិធីច្បាប់។

ដោយឡែក កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នគរបាលចរាចរណ៍ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទ របស់ជនជាតិចិន នៅចំណុចកែងតុលាការចាស់ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ស្នងការនគរបាល ខេត្តព្រះសីហនុ គឺលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានចេញបទបញ្ជាហាមមិនឲ្យ មន្ត្រីអនុវត្តច្បាប់ណាម្នាក់ទៅកាង ឬនៅពីក្រោយបទល្មើសផ្សេងៗ  រួមមានគ្រឿងញៀនជាដើម ក្នុងខេត្តនេះជាដាច់ខាត៕