34 C
Phnom Penh

ក្រុមបញ្ញវន្តខ្មែរនៅក្រៅប្រទេសថាការបង្កើតគណបក្សនយោបាយថ្មីរបស់អតីតមន្ត្រីបក្សប្រឆាំងជារឿងត្រឹមត្រូវតាមច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកឃ្លាំមើលនិយាយថា ការបើកគណបក្សថ្មីរបស់មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង លោក អ៊ូ ច័ន្ទរ័ត្ន គឺជាសិទ្ធិរបស់ពលរដ្ឋដែលស្របទៅនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយក៏ស្របទៅនឹងប្រព័ន្ធលទ្ធិប្រជាធិបតេយ្យផងដែរ។

ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និង ជាប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា មន្ត្រីបក្សប្រឆាំងដែលនៅក្នុងស្រុកគ្មានជម្រើសណាល្អ ផ្សេងក្រៅពីបើកបក្សនយោបាយថ្មីនោះទេ ដោយសារការទទន្ទឹងរង់ចាំការរស់ឡើងវិញរបស់អតីតគណបក្សសង្គ្រោះជាតិ ហាក់មិនមានសង្ឃឹមសម្រាប់ពួកគេនោះឡើយ។

លោក អះអាងថា ការបង្កើតគណបក្សថ្មីនេះ ក៏ជាការស្ទាបស្ទង់ស្ថានភាពនយោបាយ និងការគាំទ្ររបស់ពលរដ្ឋលើគណបក្សរបស់ពួកគេផងដែរ ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិ។

ទោះជាយ៉ាងណាក៏ដោយ លោក ម៉ែន ណាត មានការសង្ស័យថា គណបក្សនេះប្រហែលជាអាចមានភ្លើងខៀវពី កឹម សុខា ថែមទៀតផង ទោះបីជា លោក មិនទាន់មានសេរីភាពពេញលេញក៏ដោយ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពី លោក អ៊ូ ច័ន្ទរ័ត្ន បានប្រកាសកាលពីពេលថ្មីៗនេះ ថាលោកនឹង ដាក់ពាក្យទៅក្រសួងមហាផ្ទៃដើម្បីសុំបើកគណនយោបាយថ្មីមួយជាផ្លូវ ក្រោយការបរាជ័យមាតុភូមិនិវត្តន៍របស់អ្នកស្រី មួរ សុខហួរ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ។

សារព័ត៌មាន The Cambodia Daily ព្យាយាមទាក់ទងទៅលោក អ៊ូ ច័ន្ទរ័ត្នដើម្បីសុំការបំភ្លឺបន្ថែមជុំវិញបញ្ហានេះនៅថ្ងៃទី២០ ខែមករានេះដែរ តែលោកថាកំពុងជាប់រវល់។

យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វិទ្យុបារាំង (RFI) បានដកស្រង់សម្តីលោក អ៊ូ ច័ន្ទរ័ត្ន ថា លោកនឹងមិនពន្យាពេលក្នុងការបើកគណបក្សថ្មីទៀតឡើយ ក្រោយពីមាតុភូមិនិវត្តន៍មិនបានសម្រេចរបស់អ្នកស្រី មូរ សុខហួរ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ រួចមក។

លោក អ៊ូ ច័ន្ទរ័ត្ន អះអាងថា គណបក្សថ្មីរបស់លោក នឹងចេញជារូបរាងពិតប្រាកដយ៉ាងយូរ នៅត្រឹមដំណាច់ខែមករា ឆ្នាំ២០២១នេះ ដែលនឹងមានឈ្មោះថា គណបក្ស កំណែទម្រង់ ឬ (Reform  Party) ដែលអាចមានសមាសភាពចូលរួមពីមន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង លោក សុន ឆ័យ ភាគី លោក សម រង្ស៊ី និងលោក មាជ សុវណ្ណារ៉ា ភាគីលោក កឹម សុខា ជាដើម។

ប៉ុន្តែលោក មាជ សុវណ្ណារ៉ា បានប្រាប់សាព័ត៌មាន The Cambodia Daily ថា លោកនឹងមិនចូលរួមជាមួយគណបក្សថ្មីរបស់លោក អ៊ូ ច័ន្ទរ័ត្ននេះទេ។

លោកបន្តថា លោកបានបដិសេដជាច្រើនលើក ច្រើនសារហើយថាលោក នឹងមិនដើរទៅណាចោលដួងព្រលឹងគណបក្សសង្រ្គោះជាតិ ជាដាច់ខាត ហើយលោកក៏មិនបានត្រៀមរៀបចំបង្កើតបក្សនយោបាយអ្វីនោះដែរ។ លោកបន្តថា កាល:ទេស:នយោបាយនៅពេលនេះ មិនមែនជារជ្ជកាល មាជ សុវណ្ណារ៉ា ឡើយ ប៉ុន្តែវាជារជ្ជកាល កឹម សុខា និង សមរង្ស៊ី នៅក្នុងដំណោះស្រាយវិបត្តិនយោបាយ រវាងបក្សកាន់អំណាច និងបក្សសង្រ្គោះជាតិ ជាមួយសហគមន៍អន្តរជាតិ ដែលត្រូវជជែកគ្នា ស្វែងរកផ្លូវចេញពីនយោបាយជាប់គាំង ។

លោកអតីតអ្នកទោសនយោបាយ និងជាមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិរូបនេះ អះអាងថា លោកនៅបន្តគាំទ្រប្រធានអតីតបក្សសង្រ្គោះជាតិ លោក កឹម សុខា ពីព្រោះលោកនៅតែមានជំនឿថា អាចនឹងមានការជជែកគ្នារកច្រកចេញ សម្រាប់បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២ខាងមុខ។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធសំណុំរឿងរបស់លោក កឹម សុខា ប៉ុន្តែមកទល់បច្ចុប្បន្ននេះ លោកកឹម សុខា នៅតែជាមនុស្សស្អាតស្អំ ព្រោះតុលាការមិនទាន់សម្រេចថាលោកមានទោសឬ អត់នៅឡើយទេ។  ពីរឆ្នាំក្រោយមក មន្រ្តីបក្សប្រឆាំងមួយចំនួន រួមមាន លោក អ៊ូ ច័ន្ទរ័ត្ន លោកគង់ គាំ លោក គង់ បូរ៉ា លោក កង គឹមហាក់ លោក រៀល ខេមរិន្ទ និងលោក ជីវ កត្តា ជាដើម បានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ពីព្រះមហាក្សត្រតាមរយៈក្រសួងមហាផ្ទៃ ហើយពួកគេទាំងនោះក៏ទទួលបានសម្បទាធ្វើនយោបាយឡើងវិញពីព្រះមហាក្សត្រខ្មែរផងដែរ។

ប្រសិនបើលោក អ៊ូ ច័ន្ទរ័ត្ន បើកគណបក្សថ្មីនៅចុងខែ មករា ឆ្នាំ២០២១ នេះមែន នោះលោកគឺជាអ្នកទី៤ ហើយ ក្នុងចំណោមមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែលបានសម្រេចចិត្តបើកគណបក្សថ្មីដោយមិនរង់ចាំការរស់ឡើងវិញរបស់គណបក្សសង្គ្រោះជាតិនោះទេ។  កន្លងមក លោក ជីវ កត្តា និងលោក កង គឹមហាក់ បានដឹកនាំបង្កើតគណបក្សខ្មែរស្រលាញ់ជាតិ លោក គង់ ម៉ូនីកា និងលោក គង់ គាំ បង្កើតគណបក្សឆន្ទៈខ្មែរ និងលោក រៀល ខេមរិន្ទ្រ បង្កើតគណបក្សខ្មែរអភិរក្សនិយម។

អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ បានឱ្យដឹងថាបច្ចុប្បន្នគណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ មានចំនួន ៣៨គណបក្ស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស