34.8 C
Phnom Penh

អ្នកវិភាគយោបាយថា ការដើរសុំវ៉ាក់សាំងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា គឺជាយុទ្ធសាស្ត្របំប៉ោងសភាពការណ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឃ្លាំមើលសង្គម ប្រិតកម្មថា ការដើសុំវ៉ាក់សាំង ពីប្រទេសនេះ ឬប្រទេសនោះ របស់លោក ហ៊ុន សែន គ្រាន់តែជានយោបាយពង្រីកព្រឹត្តិការណ៍ឲ្យធំ និងឲ្យឮសូរខ្ទរខ្ទារ ដើម្បីបិទបាំងចំនុចខ្សោយរបស់ខ្លួនប៉ុណ្ណោះ។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការដើរសុំវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ នេះ គឺដើម្បីបិទបាំងសម្ពាធរបស់សហគមន៍អន្តរជាតិ ដូចជា អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ជាដើម ដែលពួកគេទាមទាររដ្ឋាភិបាលលោក ហ៊ុន សែន គោរពសិទ្ធិមនុស្ស និងស្តារលទ្ធិប្រជាធិបតេយ្យ ឡើងវិញ។

លោក គឹម សុខ អះអាងថា លោក ហ៊ុន សែន កំពុងទាញអារម្មណ៍ ពលរដ្ឋខ្មែរ ជាពិសេសយុវជន និងកម្មករ ឲ្យផ្ដោតលើការភ័យខ្លាចពីជំងឺកូវីដ១៩ ដើម្បីបន្សាបការប្រតិកម្មតវ៉ារបស់ពួកគេ នៅពេលមានសម្ពាធ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យការទូតរបស់កម្ពុជា ជាដើម ពីមហាអំណាចលោកសេរី។

លោក បញ្ជាក់ថា ការដាក់សម្ពាធរបស់ប្រទេសមហាអំណាចទាំងនោះអាចនឹងធ្លាក់សង្កត់ លើរបបដឹកនាំរបស់លោក ហ៊ុន សែន ក្នុងឆ្នាំ២០២១នេះ។

អ្នកវិភាគរូបនេះ រិះគន់ថា ការស្នើសុំវ៉ាក់សាំងពីប្រទេសឥណ្ឌាបន្ថែមទៀតនោះ គឺក្នុងចេតនាដើម្បីបង្កាមុខមាត់វ៉ាក់សាំងរបស់ ចិន ប្រសិនវ៉ាក់សាំងរបស់ចិនហូរចូលទៅកម្ពុជា ហើយមិនត្រូវបានពលរដ្ឋស្វាគមន៍សាទរប្រើប្រាស់នោះ។

ការអះអានេះធ្វើឡើងបន្ទាប់ប្រមុខរដ្ឋាភិបាលកម្ពុជាប្រកាសទទួលជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន១លានដូសពីមហាមិត្តចិន ក្នុងពេលដំណាលគ្នានោះ កម្ពុជាក៏បានស្នើសុំវ៉ាក់សាំងពីប្រទេសឥណ្ឌា និងប្រទេសរុស្ស៊ីផងដែរ។

កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ លោក ហ៊ុន សែន អះអាងថា លោកនឹងមិនទទួលយកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ពីប្រទេសណាដែលមិនទាន់ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដើម្បីធ្វើការពិសោធន៍លើប្រជាពលរដ្ឋខ្មែរនោះទេ។

យ៉ាងនេះក្តី កាលពីថ្ងៃទី១៥ ខែមករា នេះ លោក បានត្អូញត្អែរថា លោកព្រមទទួលយកវ៉ាក់សាំងពីមិត្តចិន ព្រោះវានឹងអាចជួយដោះស្រាយការលំបាករបស់កម្ពុជាក្នុងដំណាក់កាលដំបូងចំពោះការរាតត្បាតនៃជំងឺកូវីដ១៩។

យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុនFUSUN PHARMA របស់ចិន បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ថា នឹងបញ្ជារទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីក្រុមហ៊ុននេះ យ៉ាងតិចចំនួន ១០០ លានដូស ដែលពួកគេរំពឹងថាវ៉ាក់សាំងទាំងនេះនឹងបញ្ជូនដល់ប្រទេសចិន នៅខែមករា ឆ្នាំ២០២១។

អ្នកសង្កេតការណ៍ អះអាងថា តាមលទ្ធផលតេស្តនៅប្រទេសប្រេហ្ស៊ីល វ៉ាក់សាំង Sinovac របស់ចិនមានប្រសិទ្ធភាពតែ៥០,៣៨%ប៉ុណ្ណោះ ដែលខុសពីការប្រកាសរបស់រដ្ឋាភិបាលចិនកន្លងមកថា វ៉ាក់សាំងនេះនឹងមានប្រសិទ្ធិដល់ទៅភាព៧៨% នោះ។

ក្រុមអ្នកឃ្លាំមើលសង្គម រិះគន់ថា ថវិកាដែលរដ្ឋាភិបាលកម្ពុជាប្រកាសទទួលពីសប្បុរសជនជាង ៥០ លាន ដុល្លារ កាលពីដើមខែធ្នូ ឆ្នាំ២០២០ កន្លងទៅ មិនទាន់ត្រូវបានអនុញាតិឲ្យប្រើបា្រស់ ដើម្បីទិញថ្នាំបង្ការជំងឺកូវីដ១៩ ពីប្រទេសណាមួយនៅឡើយទេ ខណៈសព្វថ្ងៃនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា អនុវត្តតែផែនការទទួលវ៉ាក់សាំង និងស្នើសុំ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ពីបណ្តាប្រទេសជាមិត្តប៉ុណ្ណោះ។

ពួកគេ ថា  ស្ថានភាពកូវីដ១៩នៅកម្ពុជា មិនទាន់ដល់ម្រិតអាសន្នរហូតដល់រង់ចាំមិនបាន នូវវ៉ាក់សាំង ដែលអនុញ្ញាតឲ្យប្រើប្រាស់ ដោយអង្គការសុខភាពពិភពលោក នោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស