26 C
Phnom Penh

ជនជាតិដើមភាគតិចម្នាក់ចាត់ទុកការសម្រេចរបស់តុលាការខេត្តមណ្ឌលគិរីឱ្យចាញ់ក្តីក្នុងសំណុំរឿងបរិហាកេរ្តិ៍ ថាជារឿងអយុត្តិធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជនជាតិដើមភាគតិចម្នាក់ដែលសកម្មក្នុងការការពារព្រៃឈើចាត់ទុកការសម្រេចសេចក្ដីរបស់តុលាការខេត្តមណ្ឌលគិរី ថាជារឿងអយុត្តិធម៌។ ការអះអាងនេះ ស្របពេលតុលាការខេត្តនេះបានសម្រេចឱ្យលោកចាញ់ក្តីដើមបណ្តឹង ហើយត្រូវបង់ប្រាក់ចំនួន៤០ លានរៀល ទៅអភិបាលស្រុកអូររាំងដែលជាដើមបណ្តឹង និងបង់ប្រាក់ពិន័យចូលរដ្ឋចំនួន ៤ លានរៀល ក្រោមបទចោទប្រកាន់បរិហាកេរ្ត៍។

តំណាងជនជាតិភាគតិចពូនងលោក គ្រើង តុលា ត្រូវបានអភិបាលស្រុកអូររាំង លោក សៀក មុន្នី ប្ដឹងពីបទបរិហាកេរ្ត៍  ក្រោយពីតំណាងជនជាតិភាគតិចរូបនេះបានសរសេរលើបណ្ដាញសង្គមរិះគន់អភិបាលស្រុកអូររាំង ដែលបានឈូសឆាយដីព្រៃ ក្នុងដែនអភិរក្សធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។  នៅថ្ងៃពុធនេះ ចៅក្រមសាលាដំបូងខេត្តមណ្ឌលគិរី លោក លី លីប ម៉េង បានប្រកាសសាលក្រម ដោយសម្រេចឱ្យតំណាងជនជាតិភាគតិចពូនងលោក គ្រើង តុលា បង់ប្រាក់ចំនួនប្រាក់៤០ លានរៀល ទៅអភិបាលស្រុកអូររាំង លោក សៀក មុន្នី ដែលជាដើមបណ្តឹង និងបង់ប្រាក់ពិន័យចំនួន ៤ លានរៀលចូលរដ្ឋ ក្រោមបទចោទប្រកាន់ បរិហាកេរ្ត៍ ។

តំណាងជនជនជាតិដើមភាគតិចពូន លោក គ្រើន តុលា ចាត់ទុកការសម្រេចសេចក្ដីរបស់តុលាការខេត្តមណ្ឌលគិរី ដោយមិនបានចុះស៊ើបអង្កេតនេះថា ជារឿងអយុត្តិធម៌។ លោកបញ្ជាក់ថា រូបលោកនឹងប្ដឹងជំទាស់ការសម្រេចរបស់តុលាការខេត្តនេះ ទៅសាលាឧទ្ធរណ៍បន្តទៀត។ 

បើតាមសំណេររបស់លោក គ្រើន តុលា សរសេរនៅបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ឱ្យដឹងថា លោក សៀក មុន្នី ដែលទើបឡើងកាន់តំណែងជាអភិបាលស្រុកអូររាំង បានប្រព្រឹត្តអំពើពុករលួយ ដោយដណ្ដើមយកដីប្រជាពលរដ្ឋប្រមាណ៣០០  ហិកតា ស្ថិតនៅចំណុចទូលស្វាយ ភូមិពូរឡេះ ឃុំដាក់ដាំ ស្រុកអូររាំង។ លើសពីនេះ លោក បានយកលេសសុំលុយរដ្ឋមកសង់ផ្លូវពីឃុំដាក់ដាំទៅទួលស្វាយ ប្រមាណ៣០ គីឡូម៉ែត ដើម្បីស្វែងរកទីផ្សារលក់អចលនទ្រព្យ។

សារនៅលើហ្វេសប៊ុកដដែលនោះ បញ្ជាក់ថាមានពលរដ្ឋម្នាក់បានស្នើសុំឱ្យលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងរដ្ឋមន្ត្រីក្រសួងដែនដីលោកជា សុផារ៉ា បង្កើតគណៈកម្មការស្រាវជ្រាវករណីនេះ ជាបន្ទាន់ ហើយនឹងដាក់ពាក្យបណ្ដឹងទៅតុលាការខាងមុខនេះទៀតផង។

វិបត្តិដីធ្លីនៅខេត្តមណ្ឌលគិរីកន្លងមក ត្រូវបានគេមើលឃើញថាកើតឡើងជាប្រព័ន្ធ ត្បិតមានមន្ត្រីពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិមួយចំនួនផងជាប់ពាក់ព័ន្ធ។

ជាក់ស្តែងកាលពីថ្ងៃ៣០ ខែសីហា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានដាក់លិខិតមួយទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិនិត្យ និងសម្រេចលើលទ្ធផលរបស់ក្រុមការងារអន្តរក្រសួង ចំពោះការចុះសិក្សាស្រាវជ្រាវករណីកាប់រានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី។

លិខិតដដែលនោះបានស្នើទៅលោក ហ៊ុន សែន ជួយសម្រួលភារកិច្ចអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង និងបញ្ចប់មុខតំណែងមន្ត្រីចំនួន ៩រូបផ្សេងទៀត។

លិខិតនោះ ក៏បានស្នើបញ្ចប់មុខតំណែងលោក ស៊ិន វណ្ណវុឌ្ឍ ជាអភិបាលស្រុកកោះញែក បញ្ចប់មុខតំណែងលោក សៀក មុន្នី អភិបាលស្រុកអូររាំង បញ្ចប់មុខតំណែងលោក សុក សេរ៉ា នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី។  លើសពីនេះ ស្នើបញ្ចប់មុខតំណែងមេឃុំស្រែព្រះ នៅស្រុកកែវសីមា លោក ពឿប ពេ។

ស្នើដកតំណែងអ្នកស្រី ថ្វាន់ ត្រែល មេឃុំសែនមនោរម្យ ដក លោក ប៊ុត សំអ៊ែល មេឃុំស្រែខ្ទម។ បន្ថែមពីនេះស្នើដកតំណែងមេបញ្ជាការនៃបញ្ជាការដ្ឋានផ្នែកសឹករង លោក ថាន ប៊ុនធឿន  និងមេបញ្ជាការរងកងឯកភាព លេខ ៧១៦ លោក ដេត ហ៊ាន ជាដើម។ ការស្នើបញ្ចប់មុខតំណែងពួកគេទាំងនេះ ដោយក្រសួងមហាផ្ទៃបញ្ជាក់ថា អ្នកទាំងនេះជាប់ពាក់ព័ន្ធនឹងការរំលោភបំពានដីរដ្ឋខុសច្បាប់៕  

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស