28.4 C
Phnom Penh

តៃវ៉ាន់ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ទំនងបង្ហាញប្រាប់ចិនអំពីការប្រុងប្រៀបសង្គ្រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមយុទ្ធដែលមានគោលបំណងដើម្បីទប់ទល់សង្រ្គាម ជាមួយមហាយក្សចិន បានកំពុងកើតឡើងហើយនៅលើទឹកដីកោះតៃវ៉ាន់។

សាព័ត៌មាន Aljazeera កាលពីថ្ងៃទី១៩ មករា បានឲ្យដឹងថាសមយុទ្ធនេះ តៃវ៉ាន់បានប្រើប្រាស់រថក្រោះកាំភ្លើងត្បាល់ និងអាវុធធុនតូចគ្រប់ធុន។

សមយុទ្ធនេះមានគោលបំណងដើម្បីទប់ទល់នឹងសង្រ្គាមវាយលុក ពីប្រទេសចិនដែលចេះតែបង្កើនការគំរាមកំហែង ទាមទារយកកោះតៃវ៉ាន់ តាមរយៈការសកម្មភាពយោធា នៃកងទ័ពទ័ពជើងទឹកចិន។

ឧត្តមសេនីយ Chen Chong-ji ប្រធាននាយកដ្ឋានសង្គ្រាមនយោបាយនៃដែនកោះតៃវ៉ាន់ និយាយថា មិនថាមានអ្វីកើតឡើងក្នុងតំបន់ច្រក សមុទ្រទេ គឺតៃវ៉ាន់បានប្តេជ្ញាចិត្តហើយថា ការធ្វើសមយុទ្ធនេះដើម្បីការពារមាតុភូមិដែលមិនខ្លាចប្រទេសណាមួយឡើយ។

ការធ្វើសមយុទ្ធនេះ គឺប្រព្រឹត្តទៅនៅមូលដ្ឋានកងទ័ពហ៊ូគូ ភាគខាងត្បូង នៃរដ្ឋធានីតៃប៉ិ ក្នុងបំណងបង្ហាញការប្ដេជ្ញាចិត្តរបស់តៃវ៉ាន់ក្នុងការថែរក្សាសន្តិភាព តាមរយៈការបង្ហាញកម្លាំងទ័ព។

លោកឧត្តមសេនីយ៍រូបនេះថាគោលបំណងដើម្បីធានាដល់សាធារណជនផងដែរថាកងទ័ពកំពុងតែថែរក្សាការពារមាតុភូមិទោះក្នុងពេលដែល ថ្ងៃបុណ្យចូលឆ្នាំថ្មី នៅខែក្រោយចូលមកដល់ក៏មាន កងទ័ពជាច្រើនត្រូវបានផ្ដល់ឱកាសឱ្យឈប់សម្រាក។ ប៉ុន្តែកងទ័ពជាច្រើនទៀត ត្រូវប្រុងប្រយ័ត្នដើម្បី សង្រ្គាម។

ចិនបានចាត់ទុកកោះដែលគ្រប់គ្រងដោយកម្លាំងអ្នកប្រជាធិបតេយ្យមួយនេះ ស្ថិតនៅចម្ងាយ ១៦០ គីឡូម៉ែត្រ ពីដែនដីចិន ហើយស្ថិតនៅឆ្នេរសមុទ្រភាគអាគ្នេយ៍របស់ខ្លួនគឺជាផ្នែកមួយនៃទឹកដីរបស់ចិន។

ប៉ុន្តែប្រធានាធិបតី Tsai Ing-wen ដែលត្រូវបានជាប់ឆ្នោតសារជាថ្មីនៅខែមករាឆ្នាំ ២០២០ បានបដិសេធយ៉ាងដាច់អហង្ការនូវការអះអាងរបស់ទីក្រុងប៉េកាំងដែលនាំឱ្យមានល្បែងសង្គ្រាមនិងបញ្ជូនយន្តហោះចម្បាំងនិងយន្តហោះឈ្លបយកការណ៍ស្ទើរតែរាល់ថ្ងៃឆ្ពោះទៅកោះតៃវ៉ាន់ក្នុងប៉ុន្មានខែថ្មីៗនេះ។

ក្រុមអ្នកវិភាគនិយាយថា យុទ្ធសាស្រ្តសង្រ្គាមតំបន់ ពណ៌ប្រផេះនៃប្រទេសចិនគឺ មានគោលបំណងមួយដ៏ធំបំផុតគឺធ្វើឱ្យយោធាតៃវ៉ាន់ហត់នឿយមុនការប្រកួតក្នុងសង្គ្រាមពិតប្រាកដ ដែលនឹងអាចកើតមាន។

ក្រុមអ្នកជំនាញក្នុងតំបន់ព្រមានថា ប្រទេសចិន ដីគោកបាននឹងកំពុងប្រើប្រាស់យុទ្ធសាស្ត្រលាងខួរផងដែរ ក្នុងការប្រឆាំងនឹងកោះតៃវ៉ាន់ដោយប្រើប្រាស់ព័ត៌មានមិនពិត តាមអ៊ីនធឺណិតក្នុងបំណងចង់បង្វែរមតិសាធារណៈឱ្យគាំទ្ររដ្ឋាភិបាលចិន ហើយស្អប់តៃវ៉ាន់។

ក្រុមអ្នកជំនាញបាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនបានចេញផ្សាយកាលពីចុងខែធ្នូ ថា៖ «សង្គ្រាមចិត្តសាស្រ្ត ឬយុទ្ធសាស្ត្រលាងខួរនេះ ត្រូវបានបង្កើតឡើងដោយពួកកុម្មុយនីស្តចិន និងត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើងនៅក្នុងឆ្នាំ ២០២០ ដោយប្រើប្រាស់មុខងាររបស់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កើតការយល់ច្រឡំតាមរយៈការបំភិតបំភ័យដោយផ្សាយទាក់ទិននឹងសង្រ្គាម ប្រឆាំងចិន»។

លោក Su Tzu-yun អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវការពារជាតិ និងសន្តិសុខតៃវ៉ាន់បាននិយាយថា៖ «រដ្ឋាភិបាលទីក្រុងប៉េកាំងបានព្យាយាមបង្កើត ប្រទេស ១ ប្រព័ន្ធគ្រប់គ្រង ២» ដើម្បីបង្កើតអំណាចរបស់ខ្លួនដោយការបង្រួបបង្រួមតំបន់តូចៗចូលក្រោមការគ្រប់គ្រងរបស់ខ្លួន។ នេះគឺជាសេចក្ដីរំពឹងទុករបស់ មេដឹកនាំចិនលោក Xi Jinping មុនគាត់ចុះចេញពីតំណែង ប៉ុន្តែព្រឹត្តិការណ៍កើតឡើងនៅហុងកុង អាចនឹងធ្វើឱ្យជះឥទ្ធិពលលើសតិអារម្មណ៍របស់ប្រជាជនតៃវ៉ាន់។

លោក Alexander Huang Chieh-cheng សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ និងអ្នកសិក្សាយុទ្ធសាស្ត្រនៅសាកលវិទ្យាល័យ Tamkang ក្នុងទីក្រុង Taipei មានប្រសាសន៍ថា៖ «សង្គ្រាម លាងខួរក្បាលពលរដ្ឋតៃវ៉ាន់ នេះ គឺជាផ្នែកមួយនៃជម្លោះ ត្រូវបានគេហៅថាតំបន់ពណ៌ប្រផេះ ដែលផ្តោតលើការគ្រប់គ្រងខួរក្បាលមនុស្សដោយបំភាន់ ស្មារតី របស់សត្រូវ និងសំដៅកម្ទេចឆន្ទៈរបស់អ្នកទាំងនោះតាមរយៈប្រព័ន្ធអ៊ីនធឺណិតប្រព័ន្ធផ្សព្វផ្សាយ ។

លោក Huang បន្តថា៖ «ទីក្រុងប៉េកាំងមិនមានបំណងបញ្ជូនកងកម្លាំងទៅលុកលុយកោះតៃវ៉ាន់នាពេលឆាប់ៗពេកនោះទេ ពីព្រោះគេជឿថា មិនទាន់ដល់ពេលត្រឹមត្រូវ ដើម្បីវាយសង្គ្រប់តៃវ៉ាន់នៅពេលនេះទេ។

លោកស្រី Tsai បានព្យាយាមបង្កើនការការពារដែនកោះនេះដោយបើកដំណើរការកម្មវិធីយោធាមួយទៀតគឺការសាងសង់នាវាមុជទឹកថ្មីនិងទិញអាវុធរាប់ពាន់លានដុល្លារពីសហរដ្ឋអាមេរិកដែលរួមមានទាំងការធ្វើឱ្យប្រសើរនូវយន្តហោះចម្បាំង F-16, យន្តហោះគ្មានមនុស្សបើក, ប្រព័ន្ធរ៉ុក្កែតនិងមីស៊ីល ដែលអាចវាយប្រហារទាំងសមុទ្រនិង គោលដៅលើដីប្រឆាំងនឹងចិន។

ចិននិងតៃវ៉ាន់បានបែកបាក់គ្នា ជាង៧០ឆ្នាំមកហើយ ។ ចាប់តាំងពីឆ្នាំ១៩៤៩ តៃវ៉ាន់ទោះជាបែកចេញពីចិនប៉េកាំងមែន តែ នៅមិនអាចរក ឱកាសបង្កើតជារដ្ឋឯករាជ្យមួយបានឡើយ ដោយសារខ្លាចចិន លើកទ័ពចូលកាន់កាប់។ តែចិន វិញ ក៏ខ្លាចដែរព្រោះតៃវ៉ាន់មានខ្នងបង្អែកដ៏ធំ គឺមហាអំណាចអាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស