សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានឲ្យដឹងថា ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារបុរសម្នាក់ ដែលជាជនជាតិចិនដូចគ្នា បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។
ឃាតកម្មនេះកើតឡើង នៅចំណុចមុខកាស៊ីណូ ជីយវនីសិន ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះជនជាតិចិន ដែលត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់នោះ ជិះរថយន្ដម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AL-9459។ ចំណែកជនសង្ស័យ បន្ទាប់ពីបានបាញ់សម្លាប់ជនរងគ្រោះរួចមក ហើយ ក៏បានជិះរថយន្ដ ០១គ្រឿង ម៉ាក Ford Ranger Rapter ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BI-1413 យកទៅផ្លុងចោលនៅដីឡូត៍មួយកន្លែង នៅម្តុំឆ្នេរអូរឈើទាល២ (អតីតឆ្នេរអារីស្តុន) ហើយចុះពីរថយន្តគេចខ្លួនបាត់។
ទាក់ទិនឃាតកម្មខាងលើនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ ពីដើមហេតុ ដែលនាំឲ្យមានការបាញ់ប្រហារនេះ នៅឡើយទេ។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញ ខេត្តព្រះសីហនុ កំពុងចុះស្រាវជ្រាវតាមចាប់ខ្លួនខ្មាន់កាំភ្លើងខាងលើ នេះ ដោយកចិត្ដទុកដាក់ ដើម្បីឈានដល់នាំខ្លួន ជនល្មើសយកមកផ្ដន្ទាទោសតាមច្បាប់៕