អ្នកឃ្លាំមើលសង្គម ឯកភាពចំពោះអ្វីដែលកូនប្រុសពៅរបស់លោកហ៊ុន សែន គឺ លោកហ៊ុន ម៉ានី បានលើកឡើង ដោយថាធ្វើនយោបាយត្រូវមានការទទួលខុសត្រូវចំពោះជាតិ គិតគូរប្រយោជន៍ជាតិ និងមិនត្រូវធ្វើនយោបាយបែបអាត្មានិយម និងជាន់ពន្លិចនោះឡើយ។
នៅថ្ងៃទី២១ ខែមករា នេះ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាកូនប្រុសទីបីរបស់លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ានី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា ហានិភ័យដ៏ធំមួយសម្រាប់អនាគតកម្ពុជា គឺការធ្វើនយោបាយដោយមិនទទួលខុសត្រូវ មិនខ្លាច ឬបារម្ភពីផលប៉ះពាល់ និងការខាតបង់ផលប្រយោជន៍ជាតិ។ លោកថានេះ ជានយោបាយបែបអាត្មានិយម និងជាន់ពន្លិច។
ទាក់ទិននឹងការលើកឡើងនេះ ប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានប្រាប់សាព័ត៌មាន The Cambodia Daily ថា ការលើកឡើងពីសំណាក់កូនប្រុសពៅលោក ហ៊ុន សែន នេះ ជារឿងត្រឹមត្រូវ ព្រោះហានិភ័យដ៏ធំមួយសម្រាប់អនាគតកម្ពុជាគឺដោយសារមានមេដឹកនាំដូចជាឪពុករបស់លោក ហ៊ុន ម៉ានី ដែលធ្វើនយោបាយដោយគ្មានការទទួលខុសត្រូវ មិនខ្លាច ឬមិនបារម្ភពីផលប៉ះពាល់ និងការខាតបង់ផលប្រយោជន៍ជាតិនោះឡើយ។
លោកទូច វិបុល បន្តថា នយោបាយបែបអាត្មានិយម និងជាន់ពន្លិចគេឯងដែលមិនគិតពីហានិភ័យនៃអនាគតប្រទេសជាតិរបស់លោក ហ៊ុន សែន ដូចជា ការសម្លាប់លទ្ធិប្រជាធិបតេយ្យ។ ការបំបិទសិទ្ធិសេរីភាពសារព័ត៌មាន ការរំលោភសិទ្ធិមនុស្ស រំលោភរដ្ឋធម្មនុញ្ញជាតិ និងការរំលាយគណបក្សប្រឆាំង។
លើសពីនេះ ករណីរឹបអូសយកដីធ្លី និងបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានដោយបង្ខំ និងគ្មានដំណោះស្រាយសមរម្យ។ ការបើកដៃឱ្យឧកញ៉ា និងបរិវាររបស់ខ្លួនដែលមានអំណាច ដើរបំផ្លិចបំផ្លាញធនធានធម្មជាតិ ពិសេសព្រៃឈើ រ៉ែ និងសម្បត្តិធម្មជាតិផ្សេងទៀត ដើម្បីពង្រឹងអំណាចបក្ខពួកក្រុមគ្រួសារនិយមរបស់ពួកគេ។
ជាងនេះទៅទៀត អំពើនិទណ្ឌភាពសម្លាប់មនុស្សក្រៅប្រព័ន្ធ ដោយមិនដែលរកឃើញឃាតករពិត ក្នុងករណីឃាតកម្មធំៗ ដូចករណីសម្លាប់ លោក ជា វិជ្ជា លោក ឈុត វុទ្ធី និងលោកបណ្ឌិត កែម ឡី ជាដើម។
លោកវិបុល បន្ថែមថានយោបាយបែបអាត្មានិយមផ្សេងទៀត ដូចជាការធ្វើសម្បទានដីធ្លីឱ្យក្រុមបរទេសរយៈពេល៩៩ឆ្នាំ ដោយមិនគិតពីហានិភ័យជាតិ បណ្តាលមកពីប្រទេសជិតខាងនៅថ្ងៃអនាគត។ ការយកកិច្ចប្រជុំសភាជាតិ ធ្វើជាវេទិការ នៃការគំរាមកំហែងសមាជិកសភាឱ្យចុះហត្ថលេខា លើសន្ធិសញ្ញាបំពេញបន្ថែម កាលពីឆ្នាំ២០០៥ និងឆ្នាំ២០១៩ ដើម្បីឱ្យស្របតាមសន្ធិសញ្ញាព្រំដែនគោកឆ្នាំ ១៩៨៥ និងកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២។
កិច្ចព្រមព្រៀងដែនទឹកនេះ នឹងនាំឱ្យបាត់បង់កោះត្រល់ និងចង្កោមកោះក្រចកសេះទៅលើវៀតណាម ស្របពេលសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងនេះតម្រូវឱ្យធ្វើមោឃភាព ឬរំលាយចោល តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ រួចទៅហើយនោះ។
ជាងនេះទៀត ការទទួលស្គាល់ការបម្លែងខ្នាតផែនទី និងការបោះបង្គោលព្រំដែនជាមួយវៀតណាមដោយស្ងាត់ៗ ដោយគ្មានការចូលរួមពីអ្នកឯកទេសអន្តរជាតិ ព្រមទាំងគ្មានតម្លាភាពទៀតនោះ ដែលជាធ្វើឱ្យខ្មែរត្រូវបាត់បង់ទឹកដី ក៏ជានយោបាយបែបអាត្មានិយម មិនគិតផលប្រយោជន៍ដែរ។ ក្រៅពីនេះ ការបង្ហូរជនជាតិវៀតណាមខុសច្បាប់ចូលមករស់នៅក្នុងប្រទេសកម្ពុជា ហើយថែមទាំងជួយផ្គត់ផ្គង់ដីធ្លីផ្ទះសម្បែង ខណៈពលរដ្ឋខ្មែរខ្លួនឯងជាច្រើនកំពុងរងគ្រោះដោយសារការរឹបអូសដីធ្លី ផ្ទះសម្បែងពីសំណាក់អ្នកមានប្រាក់និងមានអំណាច ដោយមិនមានដំណោះស្រាយសមរម្យផងនោះ។
ប្រធានចលនានិស្សិតដដែល ក៏បានលើកឡើងពីពីនយោបាយអាត្មានិយម និងជាន់ពន្លិចជាតិឯង មិនគិតពីហានិភ័យទៅថ្ងៃអនាគត ដែលរដ្ឋាភិបាលលោកហ៊ុន សែន បានធ្វើដែរនោះគឺការចូលរួមគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលដាក់បញ្ចូលខេត្តខ្មែរភាគឦសាន្ត រួមមានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី ដែលសម្បូរទៅដោយសម្បត្តិធម្មជាតិ ចូលទៅក្នុងគម្រោងត្រីកោណជាមួយវៀតណាម ដោយនាំឱ្យមានហានិភ័យទៅថ្ងៃអនាគតជាដើម។
លោក ទូច វិបុលថា ទាំងនេះគ្រាន់តែជាការរៀបរាប់ត្រួសៗ ចំពោះ ហានិភ័យនៃប្រទេសជាតិ ក្រោមការដឹកនាំនៃនយោបាយឈ្នះៗ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាឪពុករបស់លោកហ៊ុន ម៉ានី តែប៉ុណ្ណោះ។
អង្គការឃ្លាំមើលអន្តរជាតិខ្លូបលវីណេស (Global Witness) ធ្លាប់បានចេញរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនចំនួន៣លើករួចមកហើយ ដោយរបាយការណ៍នីមួយៗ បានលាតត្រដាងពីនយោបាយបែបអាត្មានិយមរបស់លោកហ៊ុន សែន។ របាយការណ៍ទាំងនោះ រួមមានរបាយការណ៍មានចំណងជើងថា សែស្រឡាយអ្នកលក់ជាតិ។ របាយការណ៍ទីពីរក្រោមចំណងជើងថា ប្រទេសសម្រាប់លក់ និង ចុងក្រោយកាលពីឆ្នាំ២០១៦ របាយការណ៍មានចំណងជើងថា អាណាចក្រអាជីវកម្មត្រកូល ហ៊ុន។
របាយការណ៍ស៊ើបអង្កេតទាំងនេះ បានបង្ហាញពីការគ្រប់គ្រងរបស់លោកហ៊ុន សែន ដោយបង្កើតឱ្យមានបានតែក្រុមគ្រួសារ និងបក្ខពួករបស់ខ្លួន បំផ្លិចបំផ្លាញទ្រព្យសម្បត្តិធនធានធម្មជាតិ អំពើពុករលួយ និងការគ្រប់គ្រងអាជីវកម្មស្ទើរតែទាំងអស់នៅស្រុកខ្មែរ ខណៈពលរដ្ឋរាប់លាននាក់ទៀតកំពុងរស់នៅក្នុងភាពក្រីក្រ ការចំណាកស្រុក ការជំពាក់បំណុលវ័ណ្ឌករនិងភាពអយុត្តិធម៌សង្គមជាដើម។
ដោយឡែក កាលពីចុងឆ្នាំ២០២០ សហភាពអឺរ៉ុបបានសម្រេចជាផ្លូវការក្នុងការដកប្រព័ន្ធអនុគ្រោះEBA ២០ភាគរយពីកម្ពុជា ក្រោយពេលពួកគេរកឃើញថាកម្ពុជាបានបំផ្លាញមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស សិទ្ធិការងារយ៉ាងធ្ងន់ធ្ងរ។
អឺរ៉ុបបានទុកពេលជាច្រើនឆ្នាំ ដើម្បីឱ្យរដ្ឋាភិបាលលោកហ៊ុន សែន កែខ្លួន ដោយងាកមកគន្លងត្រូវវិញ ប៉ុន្តែរដ្ឋាភិបាលបុរសខ្លាំងមិនបានធ្វើតាមការស្នើសុំរបស់អឺរ៉ុបឡើយ ក្រោមហេតុផលថាកម្ពុជានឹងមិនអោនក្បាលដាក់ប្រទេសណាមួយ ដើម្បីជាថ្នូរនឹងភាពអនុគ្រោះណាមួយឡើយ៕