35 C
Phnom Penh

ក្រុមអ្នកឃ្លាំមើលសង្គម ទាមទារឲ្យលោក ហ៊ុន សែន វែកមុខឃាតករពិតដែលបានបាញ់សម្លាប់ លោក ជា វិជ្ជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវទៅ រដ្ឋាភិបាលលោក ហ៊ុន សែន និងតុលាការកម្ពុជា ជុំរុញការស៊ើបអង្កេត វែកមុខឃាតកពិត ជូនសាច់ញាតិ ក្រុមគ្រួសារ និងអ្នកគាំទ្រ អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា។

ការវែកមុខរកឃាតករពិតនេះពួកគេថា  ដើម្បីជានិមិត្តរួបនៃការពង្រឹងនូវប្រព័ន្ធយុត្តិធម៌ថ្លៃថ្នូរ ការអនុវត្ត នីតិរដ្ឋស្អាតស្អំ និងជម្រះមន្ទិលសង្ស័យនានាទៅលើរដ្ឋអំណាចថាជាអ្នកនៅពីក្រោយខ្នងឃាតកម្មនេះ ព្រមទាំងបំបាត់អំពើនិទណ្ឌភាពនៅកម្ពុជាផងដែរ។

ការអះអានេះធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅថ្ងៃទី២១ ខែមករាឆ្នាំ២០២១នេះ ពោលគឺមុនមួយថ្ងៃ នៃខួប១៧ ឆ្នាំ ក្នុងការបាញ់សម្លាប់លោក ជា វិជ្ជា ដែលត្រូវនឹងថ្ងៃទី២២ ខែមករា។ សេចក្តីថ្លែងការណ៍ដដែលឲ្យដឹងថា សំណុំរឿងឃាតកម្មលើលោក ជា វិជ្ជា នៅតែមិនទាន់អាចរកពន្លឺយុត្តិធម៌បាននៅឡើយ មកទល់សព្វថ្ងៃ ខណៈមន្ត្រីរដ្ឋាភិបាលកម្ពុជា អះអាងថា សំណុំរឿងនេះកំពុងស្ថិតក្នុងដំណើការនៃការស៊ើបអង្កេតនៅឡើយ។

សេចក្តីថ្លែងការណ៍នេះ ក៏បានអះអាងថាសំណុំរឿងសម្លាប់លោក ជា វិជ្ជានេះ គឺមានជាប់ពាក់ព័ន្ធនឹង អតីតអគ្គស្នងការនគរបាលជាតិ គឺ លោក ហុក ឡង់ឌី ដែលជាដន្លងរបស់លោកហ៊ុន សែន។

ប្រភពដដែល រិះគន់ថា ការធ្វើមិនដឹងមិនឮរបស់លោក ហ៊ុន សែន ក្នុងសំណុំរឿងឃាតកម្មលើលោក ជា វិជ្ជា នេះ បានធ្វើឲ្យពលរដ្ឋខ្មែរ ដាក់ការសង្ស័យយ៉ាងខ្លាំងលើលោក ហ៊ុន សែន ថា ជាការរួមគំនិតគ្នាជាមួយជនដៃដល់ ក្នុងចេតនានយោបាយ ដើម្បីគម្រាមគូរប្រជែងរបស់ខ្លួន គឺគណបក្ស ហ៊ិន ស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី។

គណបក្សប្រឆាំងទាំងពីរកាលពីពេលនោះ បានរួបរួមគ្នា ជាគណបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យ ក្នុងបំណងប្រឆាំងបេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន នៅពេលនោះ និងបានធ្វើឱ្យជាប់គាំនយោបាយជិត១ឆ្នាំ ចាប់តាំងពីក្រោយការបោះឆ្នោតជាតិឆ្នាំ២០០៣មក រហូតដល់ឆ្នាំ២០០៤។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតើដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់ The Cambodia Daily នៅថ្ងៃនេះថា មុននឹងមានអំពើឃាតកម្មនេះកើតឡើង លោក ជា វិជ្ជា ធ្លាប់បា្រប់ជាមិត្តជិតស្និទ្ធ និងជាក្រុមការងារនៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ទាំងទឹកមុខស្រង៉ូតស្រងាត់ថា មន្រ្តីជាន់ខ្ពស់ពីក្រសួងមហាផ្ទៃ នៅក្រោមបញ្ជាមេប៉ូលីសកំពូល បានគំរាមសម្លាប់រូបលោក។

លោក ម៉ែន ណាត អះអាងថា អតីតស្នងការនគរបាលរាជធានីភ្នំពេញ លោក ហេង ពៅ គឺជាសាក្សីយ៉ាងសំខាន់បំផុត ក្នុងសំណុំរឿងសម្លាប់លោក ជា វិជ្ជា។ ក្រៅពីនេះ នៅមានសាក្សីជាមន្រ្តីប៉ូលីសពីររូបទៀតគឺលោក លី រ៉ាស៊ី និងលោក ហ៊ិន សុង  ដែលមានការពាក់ព័ន្ធក្នុងសំណុំរឿងសម្លាប់លោក ជា វិជ្ជា ក្រោមអំណាចបញ្ជារបស់លោក ហុក ឡង់ឌី។

លោក បញ្ជាក់ថា លោក ហេង ពៅ ត្រូវបានតុលាការកាត់ទោសឲ្យជាន់ពន្ធនាគារហូតដល់សព្វថ្ងៃ ខណៈសាក្សីជាមន្រ្តីប៉ូលីសពីររូបទៀតដែលជាជំនិតរបស់លោក ហេង ពៅ គឺលោក លី រ៉ាស៊ី និងលោក ហ៊ិន សុង មិនត្រូវបានតុលាការកោះហៅដើម្បីសាកសួរម្តងណាឡើយ។

បន្ថែមលើនេះ តុលាការក៏មិនដែលបាន ស៊ើបអង្កេត និងសាកសួរសាច់ញាតិជនរងគ្រោះពីបញ្ហាទាំងនេះដែរ។

កាលពីខែសីហា ឆ្នាំ២០០៣ អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជាត្រូវបានគេគំរាមសម្លាប់ តាមសារជាអក្សរផ្ញើចូលទូរស័ព្ទរបស់លោក ដែលត្រូវបានគេស្គាល់ជាលេខទូរស័ព្ទរបស់មន្រ្តីប៉ូលីសជាន់ខ្ពស់នៃ ក្រសួងមហាផ្ទៃ។ រហូតដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ២០០៤ លោក ជា វិជ្ជា ត្រូវឃាតករបាញ់សម្លាប់ ក្បែរវត្តលង្កា កណ្តាលទីក្រុងភ្នំពេញ ទាំងកណ្តាលថ្ងៃ។

ពាន់ព័ន្ធនឹងឃាតកម្មដែលមិនអាចវែកមុខឃាតកពិតយកមកផ្តន្ទាទោសនេះ មិនមែនតែលោក ជា វិជ្ជា ម្នាក់ប៉ុណ្ណោះទេ ក្នុងនោះមាន ឃាតកម្មលើតារាសំដែងក្នុងទស្សវត្តទី៩០ អ្នកស្រី ពិសិដ្ឋ ពលីកា នៅខែកក្កដា ឆ្នាំ១៩៩៩។

ការបាញ់ប្រហារទៅលើព្រះភិក្ខុ សំ ប៊ុនធឿន ក្នុងឆ្នាំ២០០៣ ក្នុងបរិវេណវត្តលង្កាក្នុងរាជធានីភ្នំពេញ។ ឃាតកម្ម លើប្រធានអង្គការ ការពារធនធម្មជាតិលោក ឈុត វុទ្ធី នៅខេត្តកោះកុង ក្នុងឆ្នាំ២០១២។ 

ជាងនេះទៀត ឃាតកម្មបាញ់សម្លាប់ក្រៅប្រព័ន្ធច្បាប់នៅកម្ពុជា ក៏បានកើតទៅលើ អ្នកវិភាគនយោបាយសង្គមបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៦ នៅហាងស្តាម៉ាតកាល់តិច ស្តុបបូកគោកណ្តាលទីក្រុងភ្នំពេញ ក្បែរផ្ទះក្មួយប្រុសបង្កើតលោកហ៊ុន សែន គឺ លោកឧកញ៉ា ហ៊ុន តូ ទាំងព្រឹកព្រលឹមផងដែរ។

មកទល់ពេលបច្ចុប្បន្ន សំណុំរឿងឃាតកម្មធំៗទាំងនេះ ឃាតករពិតមិនត្រូវបានចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ឡើយ ក្រៅតែពីឃាតករសម្បនិមិត្ត ឬក្លែងក្លាយប៉ុណ្ណោះ។

ជាក់ស្តែងសំណុំរឿងឃាតកម្មលើលោក ជា វិជ្ជា សមត្ថកិច្ចបានចាប់ខ្លួនលោក ប៊ន សំណាង និងសុខ សំអឿន យកមកឃុំខ្លួនចំនួន២លើកអស់រយពេលជាច្រើនឆ្នាំ  ប៉ុន្តែក្រោយការស៊ើបអង្កេតគ្មានភស្តុតាងអ្វីដែលបញ្ជាក់ថាពួកគេជាឃាតករនោះ តុលាការសម្រេចដោះលែងពួកគេវិញកាលពីឆ្នាំ២០១៣។

ការឃុំខ្លួនអ្នកទាំងពីរជាច្រើនឆ្នាំ បានធ្វើឱ្យពួកគេខូចកេរ្តិ៍ឈ្មោះ បាត់បង់កិត្តិយស និងសេចក្តីថ្លៃថ្នូរជាមនុស្ស ព្រមទាំងធ្វើឱ្យពួកគេបែកបាក់ចំណងគ្រួសារ ខាតពេលវេលារកស៊ី ស្របពេលរដ្ឋអំណាចមិនបានគិតគូរពីសំណងជូនពួកគាត់ទាំងនោះឡើយ។

សំណុំរឿងសម្លាប់លោកបណ្ឌិត កែម ឡី មកទល់ពេលនេះមានរយៈពេលជិត៥ឆ្នាំហើយ ប៉ុន្តែមានឃាតករម្នាក់ប៉ុណ្ណោះឈ្មោះអឿត អាង ហៅជួប សម្លាប់ ដែលត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសឱ្យជាប់គុកអស់មួយជីវិត។

គ្រួសារលោកកែម ឡី បានហៅឃាតកររូបនេះ ថាជាឃាតករសម្បនិមិត្ត ដែលគេប្រឌិតឡើងតែប៉ុណ្ណោះ ហើយពួកគេនៅតែជំរុញឱ្យរដ្ឋាភិបាលលោកហ៊ុន សែន វែកមុខរកឃាតករពិតដូចករណីលោក ជា វិជ្ជា ដែរ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស