27 C
Phnom Penh

អ្នកវិភាគថា ប្រជាធិបតេយ្យនៅកម្ពុជាអាចនឹងមានការប្រែប្រួលល្អជាងមុនក្នុងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកសង្កេតការណ៍មើលឃើញថា ស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជាអាចនឹងមានការប្រែប្រួលល្អប្រសើរឡើងវិញ ក្រោយពេលលោក ចូ បាយឌិន (Joel Biden) ឡើងកាន់អំណាចជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ។

អ្នកវិភាគនយោបាយ និងអ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម បណ្ឌិត សេង សារី បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា វិធានការគណបក្សប្រជាធិបតេយ្យរបស់ប្រធានាធិបតីលោក Joe Biden មានគោលការណ៍ពង្រីកគោលនយោបាយ អនុតរភាពសេរី ដែលនឹងប្រមូលយកប្រទេសសម្ព័ន្ធមិត្តទាំងឡាយណាដែលប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ ដើម្បីទប់ស្កាត់ឥទ្ធិពលប្រទេសដែលប្រកាន់របបកុម្មុយនិស្ត។

លោក បញ្ជាក់ថា កម្ពុជាក៏ជាប្រទេសមួយស្ថិតក្នុងការប្រទាញប្រទង់នៃការចាប់យក ពីសំណាក់មហាអំណាចកុម្មុយនិស្ត និងមហាអំណាចលោកសេរី។

យ៉ាងណាក៏ដោយ ប្រទេសកម្ពុជា គឺជាប្រទេសដែលព្រមទទួលយករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តែត្រូវគេមើលឃើញថា កំពុងដើរខុសគន្លងប្រជាធិបតេយ្យ និងធ្លាក់ចុះការគោរពសិទ្ធិមនុស្សធ្ងន់ធ្ងរ ក្នុងរយៈកាលកន្លងមក។

បណ្ឌិត សេង សារី អះអាងថា ប្រសិនរោងចក្រសហគ្រាសរបស់អាមេរិកប្តូរចិត្តវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញក្នុងរដ្ឋបាលរបស់លោក Joe Biden នោះសេដ្ឋកិច្ច ពាណិជ្ជកម្ម របស់មហាអំណាចចិននឹងជួបឱនភាព ឬធ្លាក់ចុះធ្ងន់ធ្ងរ។ បញ្ហានេះប្រទេសដែលសហការនឹងមហាអំណាចកុម្មុនិស្តចិន តាមរយៈគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ ច្បាស់ជាមានការប្រែប្រួល និងជួបការលំបាកផ្នែកខាងនយោបាយ និងសេដ្ឋកិច្ចជាមិនខាន។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីថ្មីរបស់សហរដ្ឋ   អាមេរិកលោក Joe Biden បានស្បថចូលកាន់តំណែងនៅថ្ងៃទី២១ ខែមករានេះ ដែលត្រូវនឹងថ្ងៃទី២០ខែមករា នៅសហរដ្ឋអាមេរិក បន្តពីប្រធានាធិបតីអស់តំណែង លោក Donal Trum ដែលបានចាញ់ឆ្នោតកាលពីចុងឆ្នាំ២០២០ កន្លងទៅ។

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នេះ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy សំដែងមោទនភាព និងសូមអបអរសាទរចំពោះ ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក លោក Joe Biden និងលោកស្រីអនុប្រធានាធិបតី Kamala Harris។ លើសពីនេះ លោកក៏ប្តេជ្ញា ក្នុងការបំពេញការងារនៅក្រោមក្រុមការងាររបស់ប្រធានាធិបតី និងអនុប្រធានាធិបតី នៅក្នុងអាជីពរបស់លោកជាមន្រ្តីរដ្ឋការរបស់សហរដ្ឋអាមេរិក។

មុនការចូលស្បថចូលកាន់តំណែង ១០ ថ្ងៃគឺនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកថា មេដឹកនាំមិនត្រូវអង្គុយលើច្បាប់ ដើម្បីតែផលប្រយោជន៍ការពារអំណាចរបស់ខ្លួននោះទេ គឺត្រូវប្រើច្បាប់ដើម្បីរកយុត្តិធម៌ជូនប្រជាជនគ្រប់គ្នាទាំងអស់នៅក្នុងសង្គម។

លោក Joe Biden បានស្បថចូលកាន់តំណែងជាផ្លូវការក្នុងនាមជាប្រធានាធិបតីទី៤៦ របស់អាមេរិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ម៉ោងនៅសហរដ្ឋអាមេរិក នេះ ក្រោយទទួលបានសំលេងឆ្នោតលើសលុបពីអង្គបោះឆ្នោត ៣០៦រូប ខណៈលោក Donal Trum ទទួលបានអង្គបោះឆ្នោតត្រឹមតែ ២៣២រូប ប៉ុណ្ណោះ។

កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ លោក ហ៊ុន សែន បានផ្ញើលិខិតមួយច្បាប់ជូន លោក Joe Biden ដោយសម្តែងការអបអរសាទរចំពោះការជាប់ឆ្នោត ក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក និងបានប្តេជ្ញាយ៉ាងមុតមាំ ក្នុងការធ្វើការងារជាមួយរដ្ឋបាល លោក Joe Biden  ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី កម្ពុជា-អាមេរិក ឱ្យកាន់តែល្អ ប្រសើរបន្ថែមទៀត។

យ៉ាងណាក៏ដោយ អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាលោក W.Patrick Murphy កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រគល់លិខិតរបស់លោកប្រធានាធិបតី Donal Trum ២ច្បាប់ ជូនលោក ហ៊ុន សែន នៅវិមានសន្តិភាព។

ក្នុងលិខិតនោះបញ្ជាក់ថា សហរដ្ឋអាមេរិកមិនមានការគាំទ្រឲ្យដូររបប នៅក្នុងប្រទេសកម្ពុជា នោះទេ ប៉ុន្តែអាមេរិកបានប្រាប់មេដឹកនាំកម្ពុជា ឱ្យងាកមកគន្លងលទ្ធិប្រជាធិបតេយ្យពិតប្រាកដវិញ បើពុំនោះទេសមិទ្ធផល និងការអភិវឌ្ឍន៍របស់កម្ពុជាកន្លងមនេះ នឹងត្រូវជួបគ្រោះអាសន្នជាក់ជាមិនខាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស