រដ្ឋាភិបាល បានបញ្ជាទៅអាជ្ញាធរខេត្តមណ្ឌលគិរី ដោយសហការជាមួយក្រសួងកសិកម្ម និងកម្លាំងចម្រុះ ត្រូវរៀបចំផែនការសកម្មភាព ដើម្បីបើកយុទ្ធនាការបោសសំអាតទ្រង់ទ្រាយធំ លើការរំលោភទន្ទ្រាន ហ៊ុមព័ទ្ធ យកដីរដ្ឋខុសច្បាប់តាមគ្រប់រូបភាព។
លើសពីនេះ រដ្ឋាភិបាលក៏បានសម្រេចឱ្យលុបចោលរាល់លិខិតកាន់កាប់ដីធ្លីទាំងឡាយ ដែលចេញដោយអាជ្ញាធរភូមិ រហូតដល់ខេត្ត ដែលមានភាពមិនស្របច្បាប់ និងចេញដីកាដកហូតដីស្រស់នៅខេត្តមណ្ឌលគិរី មកដាក់ជាសម្បត្តិរដ្ឋវិញ។
ការសម្រេចនេះ ធ្វើឡើងតាមសំណើរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានធ្វើឡើងលិខិតមួយស្នើសុំគោលការណ៍ពីលោក នាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីចាត់វិធានការចំពោះសកម្មភាពរំលោភកាន់កាប់ដីចម្ការស្រល់ដោយខុសច្បាប់។
លិខិតណែនាំមួយរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអភិបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ឱ្យដឹងថា ក្រៅតែពីឱ្យដកហូតដីដែលចេញលិខិតមានភាពមិនប្រក្រតី និងចេញដីការដកហូតដីចម្ការស្រស់មកជាសម្បត្តិរដ្ឋហើយនោះ រដ្ឋាភិបាល ក៏សម្រេចឱ្យរដ្ឋបាលខេត្តត្រូវសហការជាមួយក្រសួងកសិកម្ម ពិនិត្យចាត់វិធានការមួយចំនួនទៀតរួមមាន ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលដែលពាក់ព័ន្ធនឹងការរៀបចំឯកសារក្លែងក្លាយ។
លើសពីនេះ ត្រូវមានចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលដែលរឹងទទឹង ឬពុំព្រមអនុវត្តស្របគាមវិធាននានា ដែលអាជ្ញាធរដាក់ចេញកន្លងមក និងនៅជាធរមាន។
រដ្ឋាភិបាលក៏បានបញ្ជាឱ្យមានចំណាត់ការផ្លូវច្បាប់លើអ្នកចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមិនប្រក្រតី លើដីស្ថិតក្នុងដែនសមត្ថកិច្ច ក្រសួងកសិកម្ម។ ត្រូវមានចំណាត់ការផ្លូវច្បាប់លើរាល់ការបំប្លែងដីរដ្ឋ នៅក្នុងដែនសមត្ថកិច្ចក្រសួងកសិកម្ម មកជាដីកម្មសិទ្ធិឯកជនមិនមានប្រក្រតីភាព ដោយមិនបានសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម ។
ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានបញ្ជាឱ្យរដ្ឋបាលខេត្តមណ្ឌលគិរី ត្រូវរៀបចំផែនការសកម្មភាព ដើម្បីបើកយុទ្ធនាការបោសសំអាតទ្រង់ទ្រាយធំ លើការរំលោភទន្ទ្រាន ហ៊ុមព័ទ្ធយកដីរដ្ឋខុសច្បាប់តាមគ្រប់រូបភាព ដោយមានកិច្ចសហការគាំទ្រចូលរួមពីកម្លាំងចម្រុះថ្នាក់ជាតិ។
ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានសម្រេចឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពិនិត្យលទ្ធភាពអាចស្នើធ្វើនិយ័តកម្ម ឬប្តឹងទៅតុលាការមោឃភាព ចំពោះវិញ្ញាបនបត្រសម្គាល់អចលនវត្ថុដែលមិនបានបំពេញនីតិវិធី។
ក្នុងលិខិតមួយកាលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានជម្រាបទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាដីរាប់ពាន់ហិកតារបស់ក្រុមហ៊ុន វូជីសាន អិលអេស គ្រុប (VouJisan LS Group) និងក្រុមហ៊ុន ហួរ លីង អ៊ិនធើណេសិនណល អ៊ីនស៊ួរេន (Houling International Insurance) ដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលនៅឆ្នាំ២០០៥ និង២០១០ ដើម្បីវិនិយោគដាំដើមស្រល់ នៅស្រុកអូររាំង និងក្រុងសែនមនោរម្យ ត្រូវបានរំលោភយកកាន់កាប់ខុសច្បាប់យ៉ាងអនាធិបតេយ្យ។
កាលពីឆ្នាំ២០០៥ រាជរដ្ឋាភិបាល បានផ្តល់សិទ្ធិវិនិយោគឱ្យក្រុមហ៊ុន វូជីសាន នូវផ្ទៃទំហំ ១ម៉ឺនហិកតា ដើម្បីដាំដើមស្រល់ បន្លែ និង ផ្លែឈើ និង រោងចក្រកែច្នៃ។ ដោយឡែកនៅឆ្នាំ២០១០ រាជរដ្ឋាភិបាលបានផ្តល់សិទ្ធិវិនិយោគឱ្យក្រុមហ៊ុនហួរលីង នូវផ្ទៃដីទំហំជិត១ម៉ឺនហិកតា( ៨,៤០០) ទៀត ដើម្បីដាំដើមស្រល់។
លិខិតដដែលនោះឱ្យដឹងថា ផ្ទៃដីព្រៃធម្មជាតិនិងព្រៃឈើស្រល់របស់រដ្ឋដែលបានរក្សាទុក ក្នុងតំបន់សម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនទាំងពីរនោះ ក៏រងការកាប់ទន្ទ្រានដី និងហ៊ុមរបងព័ទ្ធយកធ្វើជាកម្មសិទ្ធិ ដោយទីតាំងខ្លះមានដល់ទៅវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងលិខិតកាន់កាប់ទៀតផង។
ក្រសួងកសិកម្ម ក៏ស្នើឱ្យចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលដែលជាប់ពាក់ព័ន្ធនឹងការរៀបចំឯកសារក្លែងក្លាយ ការចេញវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុមិនប្រក្រតី ការបំប្លែងដីរដ្ឋខុសច្បាប់ និងបញ្ហាមួយចំនួនទៀត។
ក្រៅពីព្រៃស្រល់ និងព្រៃធម្មជាតិនៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំងពីរ ក៏មានការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដី យកធ្វើជាកម្មសិទ្ធិខុសច្បាប់នូវដីចម្ការឈើស្រល់របស់រដ្ឋ និងដីចម្ការឈើស្រល់ ដែលព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងដាំក្នុងពិធីរុក្ខទិវាជាតិកាលពីឆ្នាំ២០០៥ទៀតផង៕