29 C
Phnom Penh

មេដឹកនាំពិភពលោកសំឡឹងមើលការវិវត្តន៍នយោបាយចុងក្រោយនៅសេតវិមាន ជាមួយនឹងការសាទរ លោកបៃដិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅសេតវិមាន កាលពីថ្ងៃទី២០ ខែមករា មានព្រឹត្តិការណ៍មួយជាប្រវត្តិសាស្ត្រ គឺពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ ចូលបៃដិន ។ លោកបៃដិន ពេលនេះ គឺជាប្រធានាធិបតីសហរដ្ឋអាមេរិក លើកទី៤៦ ។

លោកជាប្រធានាធិបតីឡើងជំនួស លោកដូណាល់ត្រាំ ដែលចាញ់ឆ្នោត ក្នុងការស្វែងរកអាណត្តិទី២ ដែលមិនបានសម្រេចនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី៣វិច្ឆិកា ឆ្នាំ២០២០។

ក្នុងពីធីជាប្រវត្តិសាស្ត្រនេះ  គេសង្កេតឃើញមេដឹកនាំ ពិភពលោក ជាច្រើន បានសាទរ មេដឹកនាំថ្មីអាមេរិក វ័យ៧៨ឆ្នាំរូបនេះ។ មេដឹកនាំដែលបានបញ្ជូនសារអបអរសាទរ លោកបៃដិន ភាគច្រើន សង្ឃឹមថារដ្ឋការថ្មីអាមេរិក នឹងជួយធ្វើអោយពិភពលោក ធូរសា្រលខ្លាំង ហើយ ទំនាក់ទំនងរវាងអាមេរិក និងប្រទេសទាំងមិនមានជាសម្ព័ន្ធភាពជាមួយអាមេរិក និងសម្ព័ន្ធភាព នឹងក្លាយជាមិត្តនឹងគ្នាឡើងវិញ។

ជាដំបូងមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុបបានហៅរដ្ឋការរបស់លោកបៃដិន គឺមិត្តថ្មីរបស់ខ្លួន។ អ្នកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បាននិយាយថា ក្នុងរយៈពេល ៤ឆ្នាំ ទៅមុខទៀត អឺរុបមានមិត្តនៅសេតវិមាន។ ប្រធានាធិបតីថ្មីសហរដ្ឋអាមេរិក គឺជាមិត្តរបស់អឺរ៉ុប។ អឺរ៉ុបត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការចាប់ផ្ដើមជាថ្មីជាមួយសហរដ្ឋអាមេរិកដែលជាដៃគូ ដ៏ទុកចិត្តបំផុត ។

តាមសារព័ត៌មាន អាល្លឺម៉ង់ DW ប្រធានាធិបតី Frank-Walter Steinmeier បាននិយាយនៅក្នុងវិដេអី ឃ្លីប ថា យើងកំពុងរង់ចាំ អ្នក ជួយប្រយុទ្ធប្រឆាំង បញ្ហាកំពុងកើតមាននៅលើពិភពលោក ។ លោក Frank-Walter បានពិណ៌នា ថ្ងៃស្បថចូលកាន់តំណែងរបស់លោក បៃដិន គឺជាថ្ងៃដ៏ល្អ នៃប្រជាធិបតេយ្យពិភពលោក ។

រដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ Heiko Maas ក៏បាននិយាយថា លោកសង្ឃឹមថា សហរដ្ឋអាមេរិក ក្រោមរដ្ឋការលោកបៃដិន នឹងដោះដូរគោលនយោបាយការបរទេស របស់អតីតប្រធានាធិបតី ត្រាំ ហើយឆ្ពោះមកកាន់អឺរ៉ុបដែលជា មិត្តដ៏ទុកចិត្តបំផុត។ លោកថារយៈពេល៤ឆ្នាំរបស់រដ្ឋការដូណាល់ត្រាំ គឺការសម្របសម្រួល ការអត់ឱន រវាងអឺរ៉ុប និងអាមេរិក សឹងតែអស់ទៅហើយ។

ទាំងមេដឹកនាំ ប្រទេសអង់គ្លេស អេស្ប៉ាញ ដាណាម៉ាក និងប្រទេសអ៊ីតាលីក៏បានផ្ញើសារស្វាគមន៍លោក ចូលបៃដិនោងដែរ។ សាររបស់មេដឹកនាំ ទាំងនោះ សម្ដែងក្ដីសង្ឃឹមថា រដ្ឋការលោកបៃដីន នឹងមានគោលនយោបាយល្អ និង សហរដ្ឋអាមេរិក គឺជាខ្លាំងដ៏ធំនៃ ប្រជាធិបតេយ្យ ពិភពលោក។ ប្រធានាធិបតីបារាំង Emmanuel Macron បានទទូចអោយ រដ្ឋការថ្មីសហរដ្ឋអាមេរិក វិលមករកកិច្ចព្រមព្រៀងបរិសា្ថន ឆ្នាំ២០១៥ឡើងវិញ។ កិច្ចព្រមព្រៀងនេះ សំដៅរួមគ្នា ប្រយុទ្ធប្រឆាំងនឹងការប្រែសប្រួល អាកាសធាតុ ។

តែនៅពេលជាមួយគ្នានេះ មានក្រុមប្រទេសដែលមានជំម្លោះ ជាមួយរដ្ឋការលោកដូណាល់ត្រាំ ក៏បានបញ្ជូនសារស្វាគមន៍លោក បៃដិន ផងដែរ។ ប៉ុន្តែបានបង្កប់ន័យចំអកអោយលោក ដូណាល់ត្រាំ។

ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានស្វាគមន៍ការចាកចេញរបស់លោក Donald Trump ដែលលោកបានហៅថាលោកត្រាំថាជា ជនផ្តាច់ការ។ លោក Rouhani បានបន្ថែមថា ឥឡូវនេះ ការសម្រេចចិត្ត គឺស្ថិតនៅក្នុងដៃរបស់សហរដ្ឋអាមេរិកនៃរដ្ឋការថ្មីដែលសង្ឃឹមថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងត្រឡប់មករកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ វិញ ។

រីឯអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Hua Chunying បានពិពណ៌នា ថាកាលពី ៤ ឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិកបានជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន គាបសង្កត់និងបង្ខូច              កេរ្តិ៍ឈ្មោះប្រទេសចិន និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។

តែអ្នកនាំពាក្យចិន រូបនេះ សង្ឃឹមថា រដ្ឋបាលរបស់លោក Biden នឹង ទទួលយកនូវភាពកោះក្ដៅ ជាមួយនឹងប្រទេសចិនឡើងវិញ។ ពីប្រទេសរុស្ស៊ី ឯនោះវិញ អ្នកនាំពាក្យរដ្ឋាភិបាលវិមានក្រឹមឡាំង បានសម្ដែងនូវការសាទរលោកបៃដិនផងដែរ ប៉ុន្តែបញ្ជាក់ថា រុស្ស៊ីគិតថា នឹងមិនមានការធ្វើអោយល្អប្រសើរឡើងវិញទេ រវាងទំនាក់ទំនងក្រុងវ៉ាស៊ីនតោន និងក្រុងម៉ូស្គូ។ ដោយឡែក មេដឹកនាំ ប្រទេសឥណ្ឌា និងជប៉ុន ក៏បានសាទរលោកបៃដិនផងដែរ ដោយសង្ឃឹមថា កិច្ចសហប្រត្តិបត្តិការទ្វេភាគី ឬ ពហុភាគី សម្រាប់អាស៊ី ប៉ាស៊ីហ្វិចនឹងរឹតតែ ខ្លាំងនិងល្អប្រសើរថែមទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស