35 C
Phnom Penh

មន្រ្តីរាជការមួយចំនួនឲ្យដឹងថា មេគយទូទាំងប្រទេសកំពុងរត់ការ ពន្យាអាយុចូលនិវត្តន៍ ដើម្បីបន្តដំណែងដែលរកលុយបានស្រួល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីរាជការខ្លះឲ្យដឹងថា លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ) នឹងត្រូវគ្រប់អាយុចូលនិវត្តន៍នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ប៉ុន្តែមិនព្រមចូលនិវត្តន៍ទេ ដោយស្នើឲ្យលោក អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយរត់ការពន្យាអាយុចូលនិវត្តន៍ និងបន្តតំណែងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាបន្តទៀត។

មន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ តាមបណ្តាញសង្គម Messenger Facebook នៅថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះឲ្យដឹងថា អ្នកជួយរត់ការពន្យាអាយុចូលនិវត្តន៍ឲ្យ លោក គុណ ញឹម អាចបន្តដំណែងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពេលនេះ គឺលោក អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជាអ្នកធានារត់ការ និងចូលជួបជាមួយ លោក ហ៊ុន សែន ដើម្បីស្នើសុំពន្យាអាយុចូលនិវត្តន៍ដើម្បីបន្តតំណែងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបន្តទៀត។

បើតាមច្បាប់សហលក្ខត្តិកៈមន្ត្រីរាជការស៊ីវិលកំណត់ថា មន្ត្រីមានតួនាទីចាប់ពីត្រឹមអគ្គនាយកដ្ឋានចុះ គឺច្បាប់តម្រូវឲ្យដាក់មន្ត្រីទាំងនោះ ឲ្យចូលនិវត្តន៍នៅអាយុ ៦០ឆ្នាំ។

ក្រុមមន្រ្តីគយទាំងនោះឲ្យដឹងថា លោក គុណ ញឹម (ហៅ ងឹម ញឹម) ដែលត្រូវជាបងប្រុសបង្កើតរបស់ លោក ងឹម ញ៉េង អតីតតំណាងរាស្ត្រខេត្តពោធិ៍សាត់ នៃគណបក្សសង្គ្រោះជាតិ មានថ្ងៃខែ ឆ្នាំកំណើត កើតនៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៦១ ពោលគឺ ត្រូវចូលនិវត្តន៍នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។

ប្រភពដដែលបញ្ជាក់ទៀតថា ចំពោះការឡើងកាន់តួនាទីជាអគ្គនាយក នៃគអ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រឹមរយៈពេល ០៦ឆ្នាំប៉ុណ្ណោះ លោក គុណ ញឹម មានទ្រព្យសម្បត្តិមហាសាល ដែលមន្ត្រីនៅក្រោមឱវាទ និងមន្ត្រីនៅស្ថាបន័ផ្សេងៗទៀត ព្រមទាំងមិត្តភក្តិ និងពលរដ្ឋ រស់នៅជិតខាងផ្ទះ របស់គាត់ កោតស្ញប់ស្ញែង។

ជាក់ស្តែងផ្ទះរបស់លោកនៅទួលទំពូង ដែលពីមុនមានតែផ្ទះលើដីឡូត៌មួយប្លង់ ប៉ុន្តែបច្ចុប្បន្ននេះ លោក គុណ ញឹម បានទិញដីពង្រីក ០២ប្លង់ បន្ថែមទៀត សរុប ០៣ប្លង់ ហើយបានសាងសង់ធ្វើជា Apattement ឬឃុនដូ និងមានទិញផ្ទះវីឡា ០២ ជាប់គ្នា នៅបុរី អ័រគីដេកាលពីពេលថ្មីៗនេះថែមទៀតផង។

ប្រភពដដែលឲ្យដឹងទៀត ថា លោក គុណ ញឹម មានលុយរាប់លានដុល្លាអាមេរិក យកមកទិញសញ្ជាតិពាណិជ្ជកម្ម នៅអូស្ត្រាលី ទាំងគ្រួសារ ក្នុងគោលបំណងមករស់នៅប្រទេសអូស្ត្រាលី ទាំងអស់គ្នា            តែម្តង។ ជាងនេះទៅទៀត លោក គុណ ញឹម នឹងអាចចាកចេញពីប្រទេសកម្ពុជា ព្រោះសព្វថ្ងៃនេះ ភរិយា និងកូនៗរបស់គាត់ បានចាកចេញទៅរស់នៅប្រទេសអូស្ត្រាលី រួចអស់ទៅហើយ។

ដោយឡែក និយាយអំពីសម្ភារៈ ឬមធ្យោបាយប្រើប្រាស់ផ្ទាល់ខ្លួន របស់លោក គុណ ញឹម ដែលពីមុនមានតែរថយន្ត Pajero ចាស់មួយគ្រឿងសម្រាប់ជិះ ប៉ុន្តែបច្ចុប្បន្ននេះ រូបគាត់មានរថយន្តទំនើបៗជាច្រើនគ្រឿង។

ក្រុមមន្ត្រីគយ ដែលទំនងជាច្រណែនជាមួយ លោក គុណ ញឹម ផងនោះ បានសង្កត់ធ្ងន់ថា ប្រការដែលបុគ្គល គុណ ញឹម ក្រាញននៀលមិនព្រមចូលនិវត្តន៍ គឺដោយសារតែមាន លោក អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ជវត្ថុ ជាអ្នកជួយជ្រោមជ្រែង ដោយនិយាយប្រាប់លោក គុណ ញឹម ថា តើអ្នកដែលចង់មកបន្តតំណែងជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាហ្នឹង មានធនធានឬអត់ ព្រោះកន្លែងនេះគ្មានអ្នកណាអាចធ្វើកើតនោះឡើយ?

ត្រង់ចំណុចនេះ មន្ត្រីរាជការមួយចំនួន ដែលបំរើការងារនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្តែងការហួសចិត្ត និងពោលចំអកថា តំណែងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ហ្នឹងបែបមានតែ លោក គុណ ញឹម និងលោក អូន ព័ន្ធមុនីរត្ន ដែលធ្លាប់ចែកភាគហ៊ុនឲ្យគ្នាទៅវិញទៅមកទេ ទើបអាចកាន់កិច្ចការនេះបាននោះ។ ពួកគេសង្ស័យថា បើលោក អូន ព័ន្ធមុនីរ័ត្ន យកតួនាទីនេះ ទៅដាក់ឲ្យបុគ្គល ឬអ្នកផ្សេងធ្វើ  អាចនាំឲ្យបែកការ។

ទោះជាបែបនេះក្តី  ប្រភពពីមន្ត្រីគយមួយចំនួនអះអាងថា លោក អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានធានាជួយ លោក គុណ ញឹម ឲ្យបន្តតំណែងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាជាបន្តទៀតរួចហើយ ដោយតម្រូវឲ្យ លោក គុណ ញឹម យកសំណូកជូន លោក ហ៊ុន សែន មួយចំនួនធំជាការស្រេច។

យ៉ាងណាក៏ដោយចុះ ទាំងក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម, ប្រជាពលរដ្ឋ ជាពិសេសមន្ត្រីគយ ដែលកំពុងបំរើការងារនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងរង់ចាំមើលថា តើលោក គុណ ញឹម ដែលគ្រប់អាយុចូលនិវត្តន៍ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ប៉ុន្មានថ្ងៃខាងមុខនេះ អាចនៅបន្តតួនាទីដឹកនាំជា អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាបន្តទៀត ឬក៏មានអ្នកថ្មីផ្សេងទៀតមកជំនួស? ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស