ក្រុមអ្នកសារព័ត៌មានជាច្រើននៅកម្ពុជា មន្ត្រីរាជការ និងសង្គមស៊ីវិលជាដើម ដែលបានស្គាល់ ឬជាមិត្តភ័ក្ត មិត្តរួមអាជីព របស់អតីតនិពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍ ជានិពន្ធនាយកកាសែតខ្មែរថែមយ៍ និងជាទីប្រឹក្សាក្រសួងព័ត៌មាន លោក ជាង សុខា បាននាំគ្នាសម្តែងភាពសោកស្តាយចំពោះការបាត់បង់រូបលោក ដោយមិនអាចត្រឡប់វិញនេះ។
លោក ជាង សុខា ត្រូវបានក្រុមគ្រួសារ និងមិត្តភ័ក្តិជិតស្និតរបស់លោកបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា បានទទួលមរណភាពនៅព្រឹកថ្ងៃទី ២២ខែមករា ឆ្នាំ២០២១ ក្នុងវ័យ៤១ឆ្នាំ ដោយរោគាពាធ បន្ទាប់ពីធ្លាក់ខ្លួនឈឺក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។
ប្រវត្តិសង្ខេបរបស់លោក ដែល The Cambodia Daily ទទួលបាននៅថ្ងៃនេះឱ្យដឹងថា លោក ជាង សុខា កើតនៅឆ្នាំ១៩៨០ នៅខេត្តកំពង់ស្ពឺ។ លោកបានបញ្ចប់ថ្នាក់ចំណេះដឹងទូទៅ ឬ បាក់ឌុបនៅឆ្នាំ១៩៩៩។ ក្រោយមកលោកបានបន្តចូលរៀនជំនាញសារព័ត៌មាន និងវគ្គបណ្តុះបណ្តាលជំនាញនេះនៅសាកលវិទ្យាល័យភូមិភ្នំពេញ។
លើសពីនេះ លោក ជាង សុខា ក៏បានទទួលសញ្ញាបត្រ ឬវិញ្ញាប័ណ្ណប័ត្រ ផ្នែកជំនាញសារព័ត៌មាន និងជំនាញផ្សេងៗជាច្រើនទៀត ទាំងក្នុងប្រទេស និងក្រៅប្រទេស។
លោកបានប្រឡូកក្នុងវិស័យសារព័ត៌មានតាំងពីឆ្នាំ១៩៩៨ ដោយផ្ដើមចេញពីការងារ Freelancer ជាមួយស្ថាប័នជាតិ និងអន្តរជាតិធំៗ ។ ក្រោយមកដោយស្រលាញ់អាជីពមួយនេះ ធ្វើឱ្យការងាររបស់លោកក៏ចេះតែកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងការប្រឡូកវិស័យការងារទាំងសារព័ត៌មាន និងអង្គការអន្តរជាតិ លោក ជាង សុខា នៅឆ្នាំ២០០៣ ដល់ឆ្នាំ២០១១ លោកបានក្លាយជាអ្នកសារព័ត៌មានជាន់ខ្ពស់របស់កាសែតភ្នំពេញប៉ុស្តិ៍។ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ លោកក៏បានឡើងតំណែងជាប្រធានផ្នែកគ្រប់គ្រប់បុគ្គលនៃកាសែតភ្នំពេញប៉ុស្តិ៍។
ដោយឡែកចាប់ពីឆ្នាំ២០១៥ ដល់ពេលបច្ចុប្បន្ន លោកជានិពន្ធនាយកនៃកាសែតខ្មែរថាមយ៍ រួមទាំងមានតំណែងជាទីប្រឹក្សាក្រសួងព័ត៌មានដែលរដ្ឋាភិបាលផ្តល់ឱ្យក្នុងពេលថ្មីៗនេះ និងតួនាទីសំខាន់ក្នុង សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាផងដែរ។
ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធអ្នកសារព័ត៌មាន ខេមបូចា និងជាភា្នក់ងាររបស់កាសែតបច្ចឹមប្រទេស រ៉យទ័រ (Reuters) លោក ប្រាក់ ចន្ធុល មានប្រសាសន៍ថា លោកចាត់ទុក មរណភាពរបស់លោក ជាង សុខា គឺជាការបាត់បង់មិត្តភ័ក្ត បាត់បង់អ្នកសារព័ត៌មាន ឬអ្នករួមអាជីពដ៏ឆ្នើមម្នាក់ និងជាទីស្រលាញ់ ក្នុងពេលយ៉ាងឆាប់រហ័ស។ លោក រំលឹកថា កាលពេលលោកជាង សុខា នៅមានជីវិត លោកជាអ្នកសារព័ត៌មានម្នាក់ដែលទទួលការកោតសរសើរពីគ្រប់មជ្ឈដ្ឋាន ពិសេសអ្នករួមអាជីព ហើយលោក ជាមនុស្សដែលចូលចិត្តការរាប់អានមិត្តភក្តិ ដោយមិនប្រកាន់វណ្ណៈ ឬរើសអើងបក្ខពួក ឬនិន្នាការសង្គម។
លោកប្រាក់ ចន្ធុល បង្ហាញការសោកស្តាយជាខ្លាំងចំពោះការបាត់បង់មិត្តរួមអាជីពរូបនេះ។
មរណៈភាពរបស់លោក ជាង សុខា នឹងធ្វើឱ្យក្រុមគ្រួសាររបស់លោកនឹងអាចប្រឈមក្នុងជីវភាពគ្រួសារ ត្បិតភរិយាលោកដែលជាគ្រូបង្រៀននោះ នឹងក្លាយជាបង្គោលដ៏សំខាន់សម្រាប់គ្រួសារ ម្យ៉ាងគ្រួសារលោកសុខា ក៏បានចំណាយប្រាក់កាក់ច្រើនក្នុងការព្យាបាលជំងឺលោកកន្លងមកផងដែរ។ លើសពីនេះ កូនៗទាំងបីនាក់របស់លោក ក៏នៅតូចទៅទៀត។
ដោយឡែក មិត្តរួមអាជីពលោក សុខា មួយរូបទៀត គឺ លោក ម៉ៃ ទិត្យថារ៉ា ឱ្យដឹងថា លោកបានធ្វើការជាមួយលោក ជាង សុខា រយៈពេល១៥ឆ្នាំ និងបានស្គាល់គ្នាជាមួយលោករយៈពេល២១ឆ្នាំមកហើយដែរ។ លោកថារ៉ា និយាយថា មរណៈភាពរបស់លោក ជាង សុខា គឺជាការបាត់បង់ដ៏ធំធេង ខណៈលោក សុខា គឺជាអ្នកសារព័ត៌មានដ៏ល្អម្នាក់ និងជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយគ្រប់ប្រភពផងដែរ។
ដោយឡែកមិត្តរួមអាជីព និងជាអ្នកជិតខាងមួយរូបទៀត លោក តុង សូប្រាជ្ញ សរសេរលើគណនីហ្វេសប៊ុកលោកថា លោកទប់ចិត្តមិនបានឡើយ ក្នុងពេលភ្លាមៗនេះ ចំពោះការបាត់បង់ លោក ជាង សុខា ដែលជាអ្នកជិតខាងដ៏ល្អរបស់លោក។
លោកបន្តថា លោក ជាង សុខា គឺជាអ្នកសែតដែលត្រូវមិត្តរួមការងារឱ្យរហស្សនាមថា«ដុកទ័រលេខ» ព្រោះអតីតអ្នកកាសែតរូបនេះជាមនុស្សពូកែចាំលេខទូរស័ព្ទ មិនថាលេខថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ ឬក៏ប្រធានអង្គការ ឬក៏លេខមិត្តភក្តិបងប្អូនទេ ឱ្យតែមានគឺចាំ។ ប្រភពដដែលឱ្យដឹងទៀតថា លោកសុខា ខំប្រឹងប្រែងណាស់ ទម្រាំដល់ថ្ងៃនេះ តើហេតុអ្វីបានជាព្រហ្មលិខិតមិនមេត្តាសោះ?
មន្ត្រីជាន់ខ្ពស់សមាគមអាដហុក លោក ស៊ឹង សែនករុណា ក៏បានបង្ហាញការសោកស្តាយចំពោះការបាត់បង់អ្នកសារព័ត៌មានដ៏ឆ្នើមនេះ ហើយលោកក៏បានបួងសួង ឱ្យវិញ្ញាណក្ខន្ធលោក ជាង សុខា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ចំណែករដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធិ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោកដោយថានៅថ្ងៃទី ២២ខែមករានេះ យើងបានបាត់បង់សហភាតរៈដ៏ឆ្នើមម្នាក់ទៀតហើយ គឺលោក ជាង សុខា។ រដ្ឋមន្ត្រីរូបនេះក៏បានបួងសួងឱ្យព្រលឹងលោក សុខា បានទៅកាន់សុគតិភព និងសូមកុំបារម្ភអំពីអនាគតកូនទាំង៣របស់លោកឱ្យសោះ។
ជាមួយគ្នានេះ លោក ក៏បានថ្លែងអំណរគុណដល់ឧកញ៉ា Pech Bolene ដែលជានាយកសាលា Westline ដែលបានបញ្ចុះតម្លៃសិក្សាដល់កូនៗទាំងបីរូបរបស់លោក ជាង សុខា ចំនួន៥០% រហូតចប់ថ្នាក់សិក្សា។ រីឯ៥០%ទៀត លោក ខៀវ កាញារិទ្ធិ អះអាងថា លោកជាអ្នកធានារ៉ាប់រងរហូតក្មួយៗទាំងនោះបានបញ្ចប់ការសិក្សា។
បច្ចុប្បន្នសព លោក ជាង សុខា តម្កល់ទុកនៅផ្ទះលេខ 28J ស្ថិតនៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ក្បែរវត្តកំសាន្ត។
ក្នុងនាមសារព័ត៌មានThe Cambodia Daily សូមសម្តែងនូវមរណៈទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់លោក ជាង សុខា ដែលជាមិត្តរួមអាជីពដ៏ឆ្នើម និងសូមចូលរួមរំលែកទុក្ខសោកជាមួយគ្រួសារសពផងដែរ។
The Cambodia Daily សូមបួងសួងឱ្យវិញ្ញាណក្ខន្ធលោក ជាង សុខា បានទៅសោយសុគតិភពកុំបីឃ្លាងឃា្លតឡើយ៕