27.5 C
Phnom Penh

លោក ហ៊ុន សែន បញ្ជាឲ្យលោក ម៉ម ប៊ុនហេង ធ្វើបញ្ជីឈ្មោះអ្នកដែលស្ម័គ្រចិត្តនិងអ្នកមិនស្ម័គ្រចិត្តចាក់វ៉ាក់សាំងរបស់ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្វើជំរឿនប្រជាជន និងមន្ត្រីរាជការទាំងឡាយណា ដែលស្ម័គ្រចិត្ត និងមិនស្ម័គ្រចិត្ត ចំពោះការចាក់វ៉ាកសាំងប្រឆាំងមេរោគកូវីដ១៩ ដែលឧបត្ថម្ភដោយសាធារណៈរដ្ឋប្រជាមានិតចិនក្នុងដំណាក់កាលដំបូង។ លោកថា ការធ្វើដូចនេះ ដើម្បីដឹងពីចំនួនពិតប្រាកដនៃអ្នកដែលព្រមចាក់វ៉ាក់សាំងនេះ។

លើកឡើងក្នុងពិធីសម្ពោធអគារថ្មីរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោក ហ៊ុន សែន ព្រមានថា ប្រទេសដទៃអាចនឹងដាក់លក្ខខណ្ឌសសម្រាប់អ្នកដែលចង់ចូលទៅប្រទេសរបស់គេថា បើអ្នកមិនមានវិញ្ញាបនប័ត្រ បញ្ជាក់អំពីការចាក់វ៉ាក់សាំងពីប្រទេសសាម៉ីទេ គេនឹងមិនអនុញាតិឲ្យចូលប្រទេសរបស់គេនោះឡើយ។

បញ្ហានេះ លោក បញ្ជាក់ថា មិនមែនរដ្ឋាភិបាលកម្ពុជា ជាអ្នកបង្ខំប្រជាជនឲ្យចាក់នោះទេ តែប្រទេសដែលអ្នកចង់ចូល គឺជាអ្នកបង្ខំ ហើយកម្ពុជាក៏អាចនឹងអនុវត្តវិធានការបែបនេះផងដែរ សមា្រប់ជនបរទេសដែលចង់ចូលមកកម្ពុជា។

លោក ហ៊ុន សែន បានអះអាងថា បើប្រជាជនកម្ពុជាចាក់វ៉ាក់សាំងបានកាន់តែច្រើន គឺជាសញ្ញាវិជ្ជមានដែលអាចទាក់ទាញវិនិយោគឲ្យក្រុមហ៊ុនបរទេសមករកស៊ីនៅកម្ពុជាបានកាន់តែច្រើន។ ប៉ុន្តែផ្ទុយទៅវិញ បើប្រជាជនកម្ពុជាមិនបានចាក់វ៉ាក់សាំងការពារទេ នោះកម្ពុជានឹងក្លាយជាតំបន់ដែលមានហានិភ័យ ដែលធ្វើឲ្យបរទេសផ្អាកការធ្វើវិនិយោគជាមិនខាន។

ប្រមុខរដ្ឋាភិបាលកម្ពុជា អះអាងថា នៅពេលវ៉ាក់សាំងរបស់ចិនស៊ីណូវ៉ាក់ និងស៊ីណូហ្វាម មកដល់កម្ពុជា លោកនឹងចេញទៅទទួលដល់ព្រលានយន្តហោះអន្តរជាតិពោធិចិនតុងដោយផ្ទាល់។

យ៉ាងណា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ លោក ហ៊ុន សែន អះអាងថា លោកនឹងមិនទទួលយកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ពីប្រទេសណាដែលមិនទាន់ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដើម្បីធ្វើការពិសោធន៍លើប្រជាពលរដ្ឋខ្មែរនោះទេ។

បញ្ហានេះ លោក ហ៊ុន សែន ក៏បានចាប់ផ្តើមយុទ្ធនាការទទួលយកការឧបត្ថម្ភសាច់ប្រាក់ពីប្រជាពលរដ្ឋពីគ្រប់ទិសទីដើម្បីប្រមូលថវិកាសម្រាប់ទិញវ៉ាក់សាំងប្រឆាំជំងឺកូវីដ១៩។

ប៉ុន្តែរហូតមកទល់នឹងពេលនេះ លោកមិនទាន់អនុម័តសាច់ប្រាក់ដែលរៃអង្គាសបានទាំងនោះបញ្ជាទិញវ៉ាក់សាំង ពីប្រទេសណាមួយនៅឡើយទេ គឺអនុវត្តត្រឹមតែទទួលការឧបត្ថម្ភ និងស្នើសុំវ៉ាក់ពីបណ្តាប្រទេសជាមិត្តប៉ុណ្ណោះ។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា លោក ហ៊ុន សែន កំពុងធ្វើនយោបាយក្រឡាអុក គឺអុកស៊ីបានត្រង់ណា គាត់ស៊ីត្រង់ហ្នឹង ។

លោក គឹម សុខ អះអាងថា លោក ហ៊ុន សែន កំពុងប្រើនយោបាយវ៉ាក់សាំងនេះ ក្នុងបំណងបង្កើតស្រមោលពត៌មាន បិទបាំងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ក្នុងពេលខាងមុខ ព្រោះលោក ហ៊ុន សែន ត្រូវប្រឹងជ្រែង ដើម្បីដល់គោលដៅផ្ទេរអំណាច ដោយមិនខ្វល់ពីសម្ពាធសេដ្ឋកិច្ច របស់មហាអំណាចលោកសេរី ព្រោះគាត់ប្រឹងបង្កើតលេសដោយខ្លួនគាត់ថា ចាក់វ៉ាក់សាំងបានច្រើន លំហូរវិនិយោគកាន់តែច្រើន។

អ្នកវិភាគរូបនេះ រិះគន់ថា លោក ហ៊ុន សែន មានចេតនា និងគោលដៅ ទម្លាក់កំហុសវិបត្តិសេដ្ឋកិច្ច ដែលនឹងធ្លាក់ធ្ងន់ទៅៗ លើប្រជាពលរដ្ឋ ដែលមិនព្រមចូលរួមចាក់វ៉ាក់សាំង ដើម្បីរំដោះខ្លួនពីកំហុសនយោបាយសម្លាប់ប្រជាធិបតេយ្យរបស់គាត់។

លោក បញ្ជាក់ថា លោក ហ៊ុន សែន ប្រឹងលើកឈ្មោះប្រទេសឥណ្ឌាកូរ៉េខាងត្បូង និងអង់គ្លេស អំពីការសុំជំនួយវ៉ាក់សាំង ដើម្បីបិទស្នាមមិនទុកចិត្តរបស់ពលរដ្ឋខ្មែរលើវ៉ាក់សាំងចិន ដែលពុំមាននរណាដឹងថា ជាវ៉ាក់សាំងពីប្រទេសណា ។ លោកថា នេះជាវិធីបន្លំភ្នែកពលរដ្ឋ ដែលអ្នកធំចាក់វ៉ាក់សាំងអង់គ្លេស ឯពលរដ្ឋចាក់វ៉ាក់សាំងចិន។

ក្រោយប្រកាសទទួលវ៉ាក់សាំងពីប្រទេសចិន និងស្នើសុំវ៉ាក់សាំងពីប្រទេសឥណ្ឌាកាលពីពេលថ្មីៗនេះ នៅថ្ងៃទី២២ ខែមករា នេះ លោក ហ៊ុន ប្រកាសជាសាធារណៈ លោកកំពុងពិចារណាស្នើសុំវ៉ាក់សាំងពីប្រទេសកូរ៉េខាងត្បូង និង ប្រទេសអង់គ្លេស ដែលមានឈ្មោះថា អូស្ត្រាសេណេកា យូខេ ផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស