លោក ហ៊ុន សែន អះអាងថា លោកធុញទ្រាន់ចំពោះក្រុមអ្នករិះគន់ ដែលនៅតែទិតៀនរូបលោក និងលើកឡើងដដែលៗមិនចេះចប់ចំពោះការលុប បឹងតាមោក ឬបឹងទំនប់កប់ស្រូវ ក្នុងរាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃសុក្រទី២២ខែមករានេះ លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជាត្រូវការ ការអភិវឌ្ឍន៍ ដូច្នេះរដ្ឋាភិបាលត្រូវតែលុបបឹងដើម្បីពង្រីកទីក្រុង។ លោក សួរថា កាលពីមុនគេលុបបឹងក្នុងទីក្រុងភ្នំពេញបាន ចុះពេលនេះហេតុអ្វីលោកលុបមិនបាន?
លោក បន្ថែមថា ការអភិវឌ្ឍន៍បាននាំផលប្រយោជន៍ដល់ពលរដ្ឋ និងសេដ្ឋកិច្ចជាតិយ៉ាងច្រើន ដូចជា ក្រុមហ៊ុនឯកជនមួយកើតឡើង គឺផ្តល់ការងារជូនពលរដ្ឋជាច្រើនកន្លែង ហើយក៏ផ្តល់ប្រាក់ពន្ធដល់រដ្ឋផងដែរ។ ដូច្នេះដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ និងកំណើនរបស់ប្រជាជន រដ្ឋាភិបាលចាំបាច់ត្រូវតែលុបបឹងទាំងនោះដើម្បីពង្រីកការអភិវឌ្ឍន៍ឲ្យបានទូលំទូលាយ។
យ៉ាងណាក៏ដោយ លោក នៅតែអះអាងដដែលថា មានតែអ្នកឈ្នះប៉ុណ្ណោះ ដែលមានសិទ្ធិសរសេរប្រវត្តិសាស្ត្រ។ ដូច្នេះអ្នកណាជេរ ក៏ជេរទៅ តែរឿងរបស់លោក គឺលោកត្រូវតែធ្វើ ។ ជាងនេះទៀត លោក បានចាត់ទុកការតិះទៀត និងការរិះគន់ អំពីការលុបបឹងតាមោកនេះគ្រាន់តែជាទស្សនៈមនុស្សមួយចំនួនតែប៉ុណ្ណោះ ដែលមិនអាចរំខានដល់ការអភិវឌ្ឍន៍របស់លោក បានឡើយ។
ទាក់ទិននឹងបញ្ហានេះ ប្រធានគណៈកម្មាធិការនាយក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការលុបបឹងដើម្បីអភិវឌ្ឍន៍ទីក្រុង គឺពិតជារឿងត្រឹមត្រូវហើយ ប៉ុន្តែរដ្ឋាភិបាលត្រូវបង្ហាញពីប្លង់មេឲ្យបានច្បាស់លាស់ថា រដ្ឋាភិបាលនឹងលុបបឹងទាំងនោះឲ្យអស់ ឬត្រូវទុកខ្លះដែរ។
លោក រិះគន់ថា រដ្ឋាភិបាលមិនដែលបង្ហាញពីគោលនយោបាយច្បាស់លាស់របស់ខ្លួននៅឡើយទេ ទាក់ទងនឹងការអភិវឌ្ឍន៍ដោយការលុបបឹងនានា នៅក្នុងទីក្រុងភ្នំពេញកន្លងមក។ លោក មើលឃើញថា កាលពីមុនបឹងនៅរាជធានីភ្នំពេញមានច្រើន ដូច្នេះបើលុបអស់ខ្លះក៏នៅលស់បឹងច្រើនទៀតដែរ ប៉ុន្តែ បច្ចុប្បន្ននេះ បឹងនៅសល់តិច ហើយបើលុបទៀត គឺមានតែអស់បឹងតែម្តង។
បណ្ឌិត យ៉ង សាំងកុមារ អះអាងថា បឹងនៅក្នុងទីក្រុងភ្នំពេញដែលនៅមិនទាន់លុបបាត់ទាំងស្រុង គឺនៅសល់តែបឹងតាមោកនេះមួយប៉ុណ្ណោះ ខណៈបឹងផ្សេងទៀតត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យកាត់ឲ្យក្រុមហ៊ុនឯកជន ដើម្បីធ្វើការអភិវឌ្ឍន៍ ដោយសាងសង់អាគារធំៗ ជាបន្តបន្ទាប់។
ចំណែក នាយិការប្រតិបត្តិ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានសរសរលើទំព័ហ្វេសប៊ុកកន្លងមកថា រដ្ឋាភិបាលគួរតែដកមកវិញឲ្យអស់នូវការសម្រេចទាំងឡាយរបស់ខ្លួនដែលបានកាត់ដីបឹងតាមោកទៅឱ្យស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនកន្លងមក។
នាយិការូបនេះ បញ្ជាក់ថា ការអភិវឌ្ឍមួយត្រូវតែជាការអភិវឌ្ឍប្រកបដោយចីរភាព ដែលត្រូវផ្សារភ្ជាប់ជាមួយសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ផ្ទុយទៅវិញបើគ្រាន់តែបំពេញតម្រូវការណាមួយយតែមួយមុខ នោះមិនអាចធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពឡើយ។
ទាក់ទិននឹងបញ្ហានេះ កាលពីខែកញ្ញាឆ្នាំ២០២០ សកមម្មជនបរិស្ថាននៃអង្គការចលនាមាតាធម្មជាតិ មានគម្រោង ស្លៀកពាក់ ស និងធ្វើដំណើរដោយថ្មើជើង ពីវត្តភ្នំទៅកាន់ទៅកាន់គេហដ្ឋានលោក ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដើម្បីសុំជួបលោកដោយផ្ទាល់ ក្នុងបំណងសុំអន្តរាគមន៍ឱ្យបញ្ឈប់ការលុបបឹងតាមោកនេះ តទៅទៀត។
ដោយសារតែបញ្ហានេះ សកម្មជនចលនាមាតាធម្មជាតិ៣នាក់ រួមមានលោក ស៊ុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវ រស្មី ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន និងការចោទប្រកាន់ពីបទ ញុះញង់បង្ករឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ បច្ចុប្បន្ន សកម្មជនបរិស្ថានទាំងនោះ កំពុងឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស មណ្ឌល១ និងមណ្ឌល២ ក្នុងរាជធានីភ្នំពេញ។
ទិន្នន័យសង្គមស៊ីវិល បង្ហាញថា បឹងតាមោក ឬបឹងកប់ស្រូវ មានផ្ទៃដីសរុបជាង ៣ពាន់ហិកតា ដែលបានកំណត់នៅក្នុងអនុក្រឹត្យ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោកជាសម្បត្តិសាធារណៈរបស់រដ្ឋ។
ចាប់តាំងពីខែ សីហា ឆ្នាំ២០១៨ មក រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យសម្រេចកាត់ផ្ទៃបឹងតាមោក ចេញពីសម្បត្តិសាធារណៈរបស់រដ្ឋឲ្យទៅក្រុមហ៊ុនឯកជន និងស្ថាប័ននានារបស់រដ្ឋ ជាបន្តបន្ទាប់ អស់ជាង ៦០០ ហិកតាហើយ។
របាយការណ៍របស់សមាគមធាងត្នោតកាលពីខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថាក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោកហ៊ុន សែន ចាប់តាំងពីទសវត្ស៩០មក បឹង និងតំបន់ដីសើម ធម្មជាតិ ចំនួន២៦ ត្រូវបានលុបទាំងស្រុង និងលុបដោយផ្នែក។ ហើយ បឹងនិងតំបន់ដីសើមចំនួន១០ ត្រូវបានលុបទាំងស្រុង និងបានបាត់ស្រមោលពីផែនទីតែម្តង ហើយនៅបឹងនិងតំបន់ដីសើមចំនួន១៦ទៀត កំពុងប្រឈមការវិនាសនាពេលខាងមុខ ក្រោមស្លាកនៃការអភិវឌ្ឍន៍នោះតែម្តង៕