38 C
Phnom Penh

លោក គឹម សុខ មិនខ្វល់នឹងចំណាត់ការតុលាការរបស់លោក ហ៊ុន សែន ទេ ព្រោះជាដំណើររឿងតុលាការបំពានរដ្ឋធម្មនុញ្ញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយ ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស លោក គឹម សុខ អះអាងថា លោកមិនខ្វល់ចំពោះចំណាត់ការរបស់តុលាការក្រុងភ្នំពេញ ដែលលោកហៅថាជាតុលាការរបស់លោកហ៊ុន សែន នោះឡើយ ព្រោះជាដំណើររឿងដែលតុលាការបានធ្វើបំពានរដ្ឋធម្មនុញ្ញ។ លោកបញ្ជាក់ថា លោកខ្វល់តែការខិតខំរកគន្លឹះផ្លាស់ប្ដូរអំណាចផ្ដាច់ការអាជ្ញាទំនើងចិត្តរបស់គ្រួសារហ៊ុនប៉ុណ្ណោះ ។

ការអះអាងនេះ ក្រោយពេលតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិត វណ្ណៈ បានចេញលិខិតអញ្ជើញមេធាវីការពារក្តីរបស់លោក គឹម សុខា គឺ លោកមេធាវី ជួង ជូងី ឱ្យចូលរួមសវនាការជុំវិញបទចោទប្រកាន់ទៅលើលោក គឹម សុខ ពាក់ព័ន្ធការញុះញង់ និងបរិហារកេរ្តិ៍។

លិខិតអញ្ជើញមេធាវីនោះ គឺតម្រូវឱ្យលោកចូលរួមសវនាការជុំវិញសំណុំរឿងនេះ នៅថ្ងៃទី ២៦ខែមករា ខាងមុខ។

យ៉ាងណាអ្នកវិភាគនយោបាយលោក គឹម សុខ ប្រាប់The Cambodia Dailyដោយលើកឡើងថា លោក ត្រូវបានចាប់ដាក់គុកកាលពីឆ្នាំ២០១៧ រយៈពេល១៨ខែ ក្នុងបណ្តឹងលើកទី១ ពីបទបរិហារកេរ្ដរិ៍ និងញុះញង់នោះ ។ ដល់សំណុំរឿងទី២ ក៏បទបរិហារកេរ្ដិ៍ និងញុះញង់ដដែល ។

លោកបន្តថា អ្នកជំនាញច្បាប់ ពន្យល់ច្បាស់ណាស់ ពុំមានច្បាប់កម្ពុជាណា តម្រូវឲ្យកាត់សេចក្ដី លើបណ្ដឹងពីរដែលត្រូវប្ដឹងខុសគ្នាតែប៉ុន្មានថ្ងៃសោះ ក្នុងបទចោទដូចគ្នានោះទេ ។

លោកថា បណ្ដឹងទី១ ត្រូវជម្រះសេចក្ដីយ៉ាងអយុត្តិធម៌រួចហើយទៅលើរូបលោក ដូច្នេះ បណ្ដឹងទីពីរ ត្រូវទម្លាក់ចោលជាស្វ័យប្រវត្តិ ។ ប៉ុន្តែ កាលណាតុលាការរបបក្រុងភ្នំពេញ នៅតែបន្តចាត់ការទាំងផ្ទុយខ្លឹមសារច្បាប់បែបនេះ ការវិវត្តន៍របៀបនេះ ជារឿងនយោបាយសុទ្ធសាធ។

ទោះយ៉ាងណា រឿងតស៊ូតទល់នឹងតុលាការ លោកទុកជូនលោកមេធាវី ជួង ជូងី ដែលជាអ្នកការពារក្តីឱ្យលោក និងជាអ្នកតំណាងរូបលោក ។ លោកគឹម សុខទុកចិត្តសមត្ថភាព និងសេចក្ដីក្លាហានរបស់លោកជួង ជូងី ។ អ្នកវិភាគរូបនេះបន្តថា លោកជួង ជូងី មិនត្រឹមតែជាមេធាវីតំណាងលោកទេ តែក្នុងបេះដូងលោកគឺ លោក ជូង ជូងី ជាវីរបុរសការពារសិទ្ធិផ្លូវច្បាប់របស់ពលរដ្ឋខ្មែរដែលពឹងអាស្រ័យគាត់ ។

ក្នុងករណីរឿងក្ដីលោកជាមួយនិងលោក ហ៊ុន សែន លោកគឹម សុខ បញ្ជាក់ថាលោកបានទុកដាក់លើមេធាវីការពារក្តីខ្លួនទាំងស្រុង ។ ដោយឡែកសិទ្ធិចូលរួមឬ មិនចូលរួមសវនាការ លោកថា ធ្វើតាមការសម្រេចចិត្តរបស់មេធាវីខ្លួន ទៅចុះ។

អ្នកវិភាគដដែល ឋានៈកំពូលពីររបស់លោក ហ៊ុន សែន គាត់ប្រើការប្ដឹងទៅលើរូបលោកទាំងពីរ ។ បណ្ដឹងទី១ ដែលកាត់បង្ខំឲ្យលោក គឹម សុខ ជាប់គុក១៨ខែ គឺលោក ហ៊ុន សែន ប្រើឋានៈរបស់គាត់ជាប្រធានគណបក្សប្រជាជនកម្ពុជា និងបណ្ដឹងទី២ ដែលកោះហៅលោកពេលនេះ គឺលោក ហ៊ុន សែន ប្រើតំណែងគាត់ជានាយករដ្ឋមន្ត្រី ។

ប៉ុន្តែសម្រាប់លោក គឹម សុខ ច្បាស់ណាស់ នេះគឺជាតុលាការនយោបាយ ដែលព្យាយាមបំបិទសិទ្ធិតស៊ូមតិរបស់លោក នៅសង្វៀនតតាំងនៅកម្ពុជា ។ តុលាការនយោបាយ មិនផ្អែកលើមូលដ្ឋានអង្គហេតុ និងអង្គច្បាប់នោះទេ គឺធ្វើតាមតែមាត់របស់លោក ហ៊ុន សែន សុទ្ធសាធ ។ ម្ល៉ោះហើយ លោកគឹម សុខ បញ្ជាក់ថាលោកមិនខ្វល់ច្រើន លើការងាររបស់តុលាការកូនចៅលោក ហ៊ុន សែន នោះទេ ។

លោកបន្តថា ការរងគ្រោះ មិនមែនមានតែលោកម្នាក់ទេ គឺពលរដ្ឋខ្មែរពេញស្រុកមួយនគរ យំទាមទារយុត្តិធម៌ ដូច្នេះ ផ្លូវដែលលោកត្រូវប្រកាន់យក គឺឈរលើមូលដ្ឋានគោលការណ៍រដ្ឋធម្មនុញ្ញ។ លើសពីនេះ ត្រូវឈរនៅលើ ខ្លឹមសារកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ព្រមទាំងស្មារតីកិច្ចព្រមព្រៀងក្រុងប៉ារីស៍ ក្នុងការចូលរួមផ្គុំកម្លាំងជាមួយអ្នកតស៊ូសកម្មដើម្បីសេរីភាពគ្រប់មជ្ឈដ្ឋាន បោះជំហានរកការផ្លាស់ប្ដូរកម្ពុជាទៅកាន់សេរីភាពប្រជាធិបតេយ្យ ។

អ្នកវិភាគដដែលអះអាងថា ពេលដល់គោលដៅប្រជាធិបតេយ្យ ទើបយើងជាខ្មែរទាំងអស់គ្នា លែងព្រាត់ប្រាស លែងហូរទឹកភ្នែក លែងឈឺចាប់ លែងជួបគ្រោះទុរភិក្ស ជាពិសេស បានស្គាល់សេចក្តីសុខ និងយុត្តិធម៌ពិតប្រាកដ។

លោក គឹម សុខ ត្រូវបានអាជ្ញាធរចាប់ខ្លួន ហើយតុលាការចោទប្រកាន់លោកពីបទបរិហាកេរ្តិ៍ និងញុះញង់ ក្រោយលោកបានលើកឡើងគណបក្សប្រជាជនកម្ពុជាស្ថិតនៅពីក្រោយការស្លាប់របស់លោកបណ្ឌិត កែម ឡី ហើយរដ្ឋាភិបាលដឹកនាំដោយលោកហ៊ុន សែន បានបង្កើតប្រព័ន្ធនៃការសម្លាប់មនុស្សក្នុងឃាតកម្មធំៗប៉ុន្តែរកឃាតករមិនឃើញ។

លោកត្រូវបានតុលាការផ្តន្ទាទោសលោកឱ្យជាប់គុក១៨ខែ និងពិន័យជាប្រាក់ចំនួន៨លានរៀលចូលរដ្ឋ រួមនឹងប្រាក់សងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជាដែលជាដើមបណ្តឹងចំនួន៨០០លានរៀលឬស្មើប្រមាណ២០ម៉ឺនដុល្លារ។

ក្រោយចេញពីពន្ធនាគារនៅឆ្នាំ២០១៨ លោកបន្តវិភាគ និងរិះគន់រដ្ឋាភិបាលឥតសច្ចៃមាត់ដដែល រហូតដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ លោក ហ៊ុន សែន ចេញមុខព្រមានខ្លាំងៗជាថ្មីទៀត ដោយទាមទារឱ្យលោក គឹម សុខ សងសំណងដល់លោក បើគ្មានប្រាក់លោកនឹងឱ្យតុលាការចាប់ខ្លួនដាក់គុកជាថ្មីទៀត។

ក្រោយសារព្រមាននេះ ការធ្វើទុក្ខបុកម្នេញទៅលើលោកគឹម សុខ និងគ្រួសារក៏កាន់តែកើតមានធ្ងន់ធ្ងរ រហូតបង្ខំចិត្តឱ្យលោកភៀសខ្លួនទៅប្រទេសថៃយ៉ាងប្រញាប់ប្រញាល់។ ក្រោយរស់នៅជាជនភៀសខ្លួននៅប្រទេសថៃមួយរយៈពេលខ្លី លោកនិងកូនស្រី ក៏បានសិទ្ធិជ្រកកោននៅប្រទេសទីបី គឺប្រទេសហ្វាំងឡង់ នៅខែតុលា ឆ្នាំ២០១៨ ដដែលនោះ៕  

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស