26 C
Phnom Penh

ពលរដ្ឋខេត្តព្រះសីហនុ ចោទតុលាការខេត្តនេះថា ពុករលួយ និងបក្ខពួកនិយម នាំឲ្យពលរដ្ឋក្រីក្ររងទុក្ខបាត់បង់ដីធ្លីផ្ទះសម្បែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងពលរដ្ឋចំនួន ៣២គ្រួសារ រស់នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមានទំនាស់ដីធ្លីរ៉ាំរ៉ៃជាង២០ឆ្នាំកន្លងមក បានសំណូមពរទៅ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម និង ហ៊ុន សែន ជួយអន្តរាគមន៍ ទំនាស់ដីធ្លីរបស់ពួកគេ ជាមួយភាគីលោក ប៉ុន សារឿន ដែលជាឈ្មួញដីដ៏ល្បីល្បាញម្នាក់នៅក្នុងខេត្តនេះ។

សំណើរសុំកិច្ចអន្តរាគមន៍នេះ ធ្វើឡើងក្រោយពេល លោក ឡា ប៊ុន ហួន ព្រះរាជអាជ្ញា តុលាការខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានដឹកនាំកម្លាំងចម្រុះរាប់សិបនាក់ អមដោយគ្រឿងចក្រអេស្កាវ៉ាទ័រ ជាច្រើនគ្រឿង និងកម្មករប្រុសស្រីរាប់សិបនាក់ទៀត ចុះទៅឈូសកំទេចផ្ទះ និងដីចំការដាំណាំកសិកម្ម របស់ពលរដ្ឋ រស់នៅសហគមន៍អូរខ្សាច់ ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដើម្បីយកដីជូនភាគី លោក ប៉ុន សារឿន ទៅតាមអំណាចសាលដីកា របស់តុលាការកំពូលឆ្នាំ២០១៤។

តំណាងពលរដ្ឋ ៣២គ្រួសារ បន្តថា បរិវេណដីកំពុងមានទំនាស់ជាមួយភាគី លោក ប៉ុន សារឿន ដែលជាអតីតមន្ត្រីជាន់ខ្ពស់មកពីគណបក្សហ៊ុនស៊ិនប៉ិច ហើយក្រោយមកសុំចូលរួមនយោបាយជាមួយគណបក្សប្រជាជនម្ពុជា គឺមានទំហំផ្ទៃដីប្រមាណ ៧,៥ ហិកតា ក្នុងទំហំផ្ទៃដីចំនួន ៣២ ហិកតា ដែលស្ថិតក្រោមការគ្រប់គ្រង របស់ពលរដ្ឋចំនួនជាង ៣០គ្រួសារ

ពលរដ្ឋរងគ្រោះ អះអាងថា ការចុះអនុវត្តសាលដីកា ធ្វើឡើងខុសទីតាំងដី ហើយបានប៉ះពាល់ ឬរំលោភយកដីលំនៅដ្ឋាន និងចំការដំណាំកសិកម្ម របស់ពួកគាត់ទាំងអយុត្តិធ៌មបំផុត ព្រោះទីតាំងដី ដែលភាគី លោក ប៉ុន សារឿន ឈ្នះក្តីនោះ មិនមានទីតាំងនៅក្នុងមូលដ្ឋានរបស់ពួកគាត់នោះទេ។

ក្រុមប្រជាពលរដ្ឋទាំងនេះ អះអាងថា បរិវេណដីចំការ និងលំនៅដ្ឋាន របស់ពួកគាត់ ដែលភាគី លោក ប៉ុន សារឿន ប្តឹងរំលោភយកនោះ គឺពួកគាត់បានមករស់នៅ និងកាន់កាប់អាស្រ័យផលជាក់ស្តែងតាំងពីឆ្នាំ១៩៩២មកម៉្លេះ ហើយមិនដែលឃើញមានឈ្មោះ ប៉ុន សារឿន នៅទីតាំងដីនេះទេ ព្រោះទីតាំងនេះមានព្រៃដុះជុំជិត មានសត្វខ្លា ដំរីរស់នៅ ហើយដីតំបន់នេះមិនទាន់មានសន្តិសុខទេ ព្រោះមានកម្លាំងកងទ័ពខ្មែរក្រហម ចេញចូលក្នុងតំបន់នេះផង។

ដូច្នេះ អ្វីដែលភាគី លោក ប៊ុន សារឿន អះអាងថា ដីរបស់គាត់មានប្លង់កម្មសិទ្ធិ នៅឆ្នាំ១៩៩៤មកនោះ ជារឿងមិនពិតទាល់តែសោះ។

ពួកគេ សម្តែងក្តីអស់សង្ឈឹមទៅលើប្រព័ន្ធតុលាការកម្ពុជា គ្រប់ជាន់ថ្នាក់ ជាពិសេសសាលាដំបូងខេត្តព្រះសីហនុ ដែលបានកាត់ក្តីលើសំណុំរឿងដីធ្លី របស់ពួកគេទាំង ៣២គ្រួសារ មានភាពអយុត្តិធ៌មជាទីបំផុត ដោយមន្ត្រីតុលាការមួយចំនួននោះ មិនចុះពិនិត្យផ្ទាល់ដល់ទីតាំងដីទំនាស់ទេ មុននឹងសម្រេចក្តីឲ្យឲ្យភាគីលោក ប៉ុន សារឿន ឈ្នះក្តីលើសំណុំរឿងដីធ្លីនៅសហគមន៍នេះ។

តំណាងពលរដ្ឋបន្តថា បរិវេណដីផ្ទះ និងចំការដាំណាំរបស់ពួកគាត់ខាងលើនេះ គឺបានកាន់កាប់ជាក់ស្តែងស្របតាមច្បាប់ភូមិបាលត្រឹមត្រូវ ដោយមានសង់លំនៅដ្ឋានរស់នៅ និងមានដាំដំណាំកសិកម្មហូបផ្លែមានដើមដុះធំៗ រាប់ពាន់ដើមនៅលើដីនោះថែមទៀតផង។

ក្រុមអ្នកភូមិនិយាយថា សកម្មភាព របស់លោក ឡា ប៊ុនហួន ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះសីហនុ បានចាប់ខ្លួនមនុស្សវ័យចំណាស់ម្នាក់ឈ្មោះ កៅ ហ៊ួ ដែលកំពុងមានជំងឺវង្វេងស្មារតីម្នាក់ នាំយកទៅដាក់ពន្ធនាគារភ្លាមៗ ព្រមទាំងបំផ្លាញផ្ទះពលរដ្ឋទាំងតូចទាំងធំចំនួន ១៤ខ្នងផ្ទះ និងឈូសបំផ្លាញដើមឈើហូបផ្លែអស់រាប់រយដើម ដើម្បីប្លន់យកដីពួកគាត់ជូន លោក ប៉ុន សារឿន ដែលជាឈ្មួញដីមានទ្រព្យម្នាក់នៅខេត្តព្រះសីហនុ។

ជាងនេះទៀត ក៏មានផ្ទះតំណាងពលរដ្ឋរងគ្រោះមួយគ្រួសារ ត្រូវគេចូលលួចលុយ ដែលពួកគាត់ទើខ្ចីបុលគេអស់ជាង ១ម៉ឺនដុល្លារ អាមេរិក និងបាត់ទូរស័ព្ទដៃជាច្រើនគ្រឿង ព្រោះអំឡុងពេលនោះផ្ទះរបស់ស្ត្រីរងគ្រោះ ត្រូវកម្លាំងចម្រុះ និងក្រុមកម្មកររាប់សិបនាក់ បានចូលលុកលុយយ៉ាងអនាធិបតេយ្យ។

ទាក់ទិនសំណុំរឿងនេះដែរ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ សាលាដំបូងខេត្តព្រះសីហនុ ក៏បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ច ចុះចាប់ខ្លួនស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះ អេង វ៉ាន់ ជាតំណាងពលរដ្ឋ មានទំនាស់ដីធ្លី ក្នុងសហគមន៍អូរខ្សាច់ ឃុំអូរត្រេះ យកទៅដាក់ពន្ធនាគារខេត្តព្រះសីហនុ ដោយសារស្ត្រីរូបនេះ ហ៊ានចេញមុខតវ៉ាការពារដីលំនៅដ្ឋានខ្លួន ប្រឆាំងនឹងសាលដីកា របស់តុលាការកំពូលឆ្នាំ២០១៤។

តុលាការបានចោទ តំណាងពលរដ្ឋរូបនេះ ថាបាន «ប្រើប្រាស់អំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត របស់លោក ប៉ុន សារឿន ដែលជាអតីតជំទប់ទី១ នៃសង្កាត់លេខ១ ក្រុងព្រះសីហនុ និងជាអតីតអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។

ក្រុមពលរដ្ឋ អះអាងថា ពួកគេនឹងបន្តស្វែងរកយុត្តិធ៌មលើសំណុំរឿងដីធ្លី ដែលអូសបន្លាយជាង ២០ឆ្នាំកន្លងមកនេះឲ្យទាល់តែមានដំណោះស្រាយ។ ពួកនិយាយថា រហូតមកទល់ពេលនេះ មានតំណាងពលរដ្ឋជាច្រើននាក់ ត្រូវបានតុលាការ ឬអាជ្ញាធរចាប់ដាក់គុកច្រវ៉ាក់ ហើយមានតំណាងពលរដ្ឋខ្លះ ត្រូវបានតុលាការចាប់ដាក់គុកចំនួនពីរបីលើក ព្រោះពួកគាត់គ្មាលុយ សម្រាប់ផ្តល់សំណូកជូនមន្ត្រីតុលាការមួយចំនួន ដែលកាន់សំណុំរឿងដីធ្លីនេះ។

ទោះជាយ៉ាងណាក៏ដោយពួកគេសំណូមពរដល់ លោក ហ៊ុន សែន ជួយអន្តរាគមន៍ទៅតុលាការឲ្យដោះលែង បុរសវ័យចំណាស់ឈ្មោះ លោក កៅ ហ៊ួ ដែលមានជំងឺវង្វេងស្មារតីរ៉ាំរ៉ៃប្រចាំកាយ ដែលត្រូវតុលាការចាប់ដាក់ពន្ធនាគារ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ និងអ្នកស្រី អេង វ៉ាន ដែលត្រូវតុលាការខេត្តព្រះសីហនុ ចាប់ដាក់គុក កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ថ្មីៗនេះ ឲ្យមានសេរីភាពវិញ ដោយអនុគ្រោះផង។

មន្ត្រីអង្គការលីកាដូ និងសមាគមអាដហុក ប្រចាំខេត្តព្រះសីហនុ អះអាងថា តុលាការខេត្តព្រះសីហនុ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ គួរឲ្យមន្ត្រីជំនាញចុះវាស់វែងទីតាំងព្រំដី ដែលមាននៅក្នុងអំណាចសាលដីកាតុលាការកំពូលនោះ ឲ្យបានច្បាស់លាស់ជាមុនសិន មុននឹងចុះអនុវត្តសាលដីកាតុលាការកំពូល។

យ៉ាងណាក៏ដោយចុះ លោក ឡា ប៊ុនហ៊ួន ព្រះរាជអាជ្ញាតុលាការខេត្តព្រះសីហនុ បានសម្រេចផ្អាកសកម្មភាពអនុវត្តសាលដីកាតុលាការកំពូល ជាបណ្តោះអាសន្នសិន ហើយព្រមទទួលយកសំណើរសុំបង្កើត គណៈកម្មការចុះអង្កេតពិនិត្យព្រំ ឬទីតាំងដី ដែលភាគី លោក ប៊ុន សារឿន ឈ្នះក្តីនៅតុលាការកំពូលនោះ ឲ្យបានត្រឹមត្រូវជាមុនសិន ដើម្បីផ្តល់យុត្តិធ៌មជូនភាគីទាំងសងខាង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស