28.4 C
Phnom Penh

អតីតមន្ត្រីបក្សសង្គ្រោះជាតិថា ការបើកបក្សថ្មីដើម្បីដោះស្រាយវិបត្តិនយោបាយ និងលុបបំបាត់វប្បធម៌លាបពណ៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អះអាងថា ការបើកបក្សថ្មី គឺក្នុងគោបំណងដោះស្រាយវិបត្តិនយោបាយ និងបង្កើតវប្បធម៌ប្រកួតប្រជែងដោយត្រឹមត្រូវ និងម៉ឺងម៉ាត់ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។ លើសពីនេះ ដើម្បីលុបបំបាត់វប្បធម៌លាបពណ៌ដាក់គ្នាទៅវិញទៅមក ហើយបង្កើតជាវប្បធម៌នយោបាយចាស់ទុំដែលកម្ពុជាគួរតែមានជានិរន្ត៍។

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា គណបក្សដែលលោកគ្រោងនឹងបង្កើតឡើងនឹងដាក់ឈ្មោះជាផ្លូវការទៅក្រសួងមហាផ្ទៃគឺ គណបក្សកំណែរទម្រង់កម្ពុជា (Cambodia Reform Party) ខណៈសមាសភាពស្ថានិក និងសមាជិកជាន់ខ្ពស់ដទៃទៀត លោកនៅមិនទាន់អាចប្រាប់បាននៅឡើយទេ។

លោក បញ្ជាក់ថា ការបង្កើតគណបក្សថ្មីនេះគឺក្នុងវត្ថុបំណងដើម្បីផ្តល់ជម្រើសថ្មីសម្រាប់ពលរដ្ឋខ្មែរក្នុងការសំដែងឆន្ទៈ និងជ្រើសរើសអ្នកនយោបាយសម្រាប់កសាងជាតិ។

ជាងនេះទៀត លោកថា គណបក្សថ្មីនេះមានគោលការណ៍ ឆ្ពោះទៅរកការបង្រួបបង្រួមជាតិ ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ជាជាងការប្រើសម្តី ឆ្លើយឆ្លងគ្នាដោយហិង្សា ដែលនាំឲ្យមានការបែកបាក់ជាតិកាន់តែខ្លាំងជាងនេះ។

ការអះអានេះធ្វើឡើងបន្ទាប់ពីការបរាជ័យនៃមាតុភូមិនិវត្តន៍របស់ អនុប្រធានគណបក្សសង្គ្រោះជាតិអ្នកស្រី មួរ សុខហួរ ដែលបានស្វះស្វែងរកការផ្សះផ្សានយោបាយជាមួយលោក ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ។

កាលពីចុងខែធ្នូ ឆ្នាំ២០២០ លោក អ៊ូ ច័ន្ទរ័ត្ន បានអះអាងថា បើមាតុភូមិនិវត្តន៍របស់អនុប្រធានគណបក្សសង្គ្រោះជាតិអ្នកស្រី មួរ សុខហួរ នៅថ្ងៃទី៤ និងទី១៥ ខែមករា ឆ្នាំ២០២១ បរាជ័យ ហើយសេរីភាពប្រធានបក្សប្រឆាំង លោក កឹម សុខា មិនមានការប្រែប្រួលជាវិជ្ជមានទេ លោកនឹងដាក់ពាក្យទៅក្រសួងមហាផ្ទៃដើម្បីសុំបង្កើតគណបក្សនយោបាយថ្មីមួយដោយខ្លួនឯង យ៉ាងយូត្រឹមដំណាច់ ខែមករា ឆ្នាំ ២០២១ នេះ។

ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យលោក  គឹម សុខ អះអាងថា ការបើកគណបក្សថ្មី ជាសិទ្ធិជ្រើសរើសរបស់បុគ្គលម្នាក់ៗ ពុំមានកំហុសផ្លូវច្បាប់នោះទេ។ ប៉ុន្តែក្នុងស្ថានភាពនយោបាយជាក់ស្ដែងការបើកបក្សថ្មី ពុំអាចមានសក្តានុពលប្រកួតប្រជែងនោះទេ ប្រសិនបើ មិនមានការបើកផ្លូវពីមេដឹកនាំកំពូលនៃគណបក្សប្រឆាំង។

លោក បញ្ជាក់ថា ចរន្តដែលដើរចេញពីបក្សប្រឆាំង ហើយទៅបង្កើតបក្សថ្មី អាចជាហេតុផលនៃការខ្វះការអត់ធ្មត់នៃមន្ត្រីជាន់ខ្ពស់ទាំងនោះ  ប៉ុន្តែក៏មិនមែនជាកំហុសទាំងស្រុងរបស់ពួកគេដែរ។

អ្នកវិភាគរូបនេះ គូសបញ្ជាក់ថា បញ្ហានេះបានឆ្លុះបញ្ចាំងអំពីកំហុសដ៏ធំនៃការដឹកនាំរបស់ក្រុមមេដឹកនាំ ជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ដែលបណ្តែតបណ្តោយឲ្យបក្សរបស់ពួកគេធ្លាក់ដល់ដំណាក់កាលហែកហួរគ្នា និងការបង្កើតក្រុមបក្ខពួកតាមខ្សែ ធ្វើនយោបាយបញ្ច្រាសទិសគ្នា ដែលកាន់តែសាបឥទ្ធិពលក្នុងការតទល់នឹងគណបក្សប្រជាជនកម្ពុជា។

អ្នកវិភាគរូបនេះបន្តថា មន្ត្រីបក្សប្រឆាំងខ្លះបាននាំគ្នាបន្ទោស លោក អ៊ូ ច័ន្ទរ័ត្ន ថាខ្វះភាពអត់ធ្មត់ ប៉ុន្តែអ្វីដែលពួកគេត្រូវពិនិត្យកំហុសមុនគេបង្អស់នោះ គឺមេដឹកនាំកំពូល លោក សម រង្ស៊ី និងលោក កឹម សុខា ដែលសូម្បីតែសម្បទានរវាងគ្នានិងគ្នា ដើម្បីបង្រួបបង្រួមផ្ទៃក្នុងគណបក្ស នៅតែមិនទាន់អាចធ្វើបាននៅឡើយ ។

លោក លើកឡើងថា ជារឿងគួរឲ្យអស់សំណើច មេបក្សប្រឆាំងតែង និយាយអំពីការសម្បទាននយោបាយទៅកាន់ លោក ហ៊ុន សែន ជាគូប្រជែងរបស់ខ្លួន ប៉ុន្តែពួកគេមិនព្រមសម្បទានឲ្យគ្នាឯង ក្នុងផ្ទៃក្នុងបក្ស ដើម្បីរកគន្លឹះរួបរួមគ្នាដើម្បីជាតិទៅវិញ។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធសំណុំរឿងរបស់លោក កឹម សុខា។ ប៉ុន្តែមកទល់បច្ចុប្បន្ននេះ លោកកឹម សុខា នៅតែជាមនុស្សស្អាតស្អំ ព្រោះតុលាការមិនទាន់សម្រេចថាលោកមានទោស ឬអត់នៅឡើយទេ។  ក្រៅពីរំលាយបក្សសង្រ្គោះជាតិ តុលាការនេះបាន ចេញបម្រាមមិនឱ្យមន្ត្រីជាន់ខ្ពស់គណបក្សនេះចំនួន១១៨រូប ធ្វើនយោបាយរយៈពេល៥ ឆ្នាំទៀតផង។

គិតត្រឹមខែមករា ឆ្នាំ២០២១ នេះ មន្ត្រីបក្សប្រឆាំងជិត ២០រូប ហើយដែលបានសុំសិទ្ធិធ្វើនយោបាយពីព្រះមហាក្សត្រឡើងវិញតាមរយៈក្រសួងមហាផ្ទៃ លើសពីនេះ មានគណបក្សចំនួន៤ដែលបានបង្កើតឡើងដោយអតីតមន្ត្រីបក្សប្រឆាំង ដូចជា គគណបក្ស ខ្មែរស្រលាញ់ជាតិ គណបក្សឆន្ទៈខ្មែរ គណបក្ស ខ្មែរអភិរក្សនិយម និង គណបក្ស កំណែទម្រង់កម្ពុជា របស់លោក អ៊ូ ច័ន្នរ័ត្ន ដែលគ្រោងនឹងបង្កើតក្នុងពេលឆាប់ៗខាងមុខនេះ។

បច្ចុប្បន្នគណបក្សនយោបាយ ដែលមានឈ្មោះក្នុងបញ្ជីក្រសួងមហាផ្ទៃស្របតាមនីតិវិធីច្បាប់ គឺមានចំនួន៣៨ គណបក្ស ស្របពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងបោះឆ្នោតជាតិកាន់តែគៀកចូលមកដល់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស