26 C
Phnom Penh

លោក កឹម សុខា និងតំណាងអឺរ៉ុប ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង សហគមន៍អឺរ៉ុបគួរតែពង្រឹងឲ្យកាន់តែប្រសើរឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា និង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា អ្នកស្រី Carmen Moreno  បង្ហាញទស្សនៈយល់ស្របគ្នាថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហគមន៍អឺរ៉ុបគួរតែពង្រឹងឲ្យកាន់តែប្រសើរឡើង ដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងសងខាង។

ការលើកឡើងនេះ ក្រោយពេលទំនាក់ទំងកម្ពុជា-អឺរ៉ុប កាន់តែឃ្លាតឆ្ងាយពីគ្នាខ្លាំងឡើង បន្ទាប់ពីអឺរ៉ុបបានបន្តនាំមុខរិះគន់រដ្ឋាភិបាលចំពោះបញ្ហារំលោភសិទ្ធិមនុស្សជាប្រព័ន្ធ និងបំផ្លាញមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យ។ បញ្ហានេះ កាលពីចុងឆ្នាំ២០២០ អឺរ៉ុបក៏បានសម្រេចជាផ្លូវការក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធEBA ២០% ពីកម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជាត្រូវខាតប្រាក់បង់ពន្ធប្រមាណ១០០លានដុល្លារ ក្នុងមួយឆ្នាំ ក្នុងការនាំទំនិញទៅកាន់ទីផ្សារអឺរ៉ុប។

ក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់របស់អឺរ៉ុប នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ប្រធានគណបក្សប្រឆាំងលោក កឹម សុខា សរសរលើទំព័រហ្វេសប៊ុករបស់លោកថា ថ្ងៃនេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា អ្នកស្រី Carmen Moreno បានអញ្ជើញមកជួបសំណេះសំណាលជាមួយលោកនៅគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ។

លោក កឹម សុខា បញ្ជាក់ថា នេះគឺជាជំនួបរវាងលោក ជាមួយអ្នកការទូតតំណាងប្រទេសមហាអំណាចដែលជាមិត្តរបស់កម្ពុជា ដំបូងគេក្នុងឆ្នាំថ្មី២០២១ នេះ។ លោកអះអាងថា ជំនួបនេះប្រាកដជាមានសារៈសំខាន់ ដោយបានផ្លាស់ប្តូរនូវទស្សនៈ គោលជំហរ និងព័ត៌មានគ្នាទៅវិញទៅមកចំពោះស្ថានភាពបច្ចុប្បន្ន និងទៅអនាគត ជាពិសេសនៅឆ្នាំ២០២១នេះ និង ឆ្នាំបន្តបន្ទាប់ទៀត ថាតើកម្ពុជា និងសហគមន៍អឺរ៉ុបអាចមានអ្វីខ្លះពាក់ពន្ធ័ជាមួយគ្នា។

ជាមួយគ្នានេះ ភាគីទាំងពីរ យល់ស្របគ្នាថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង សហគមន៍អឺរ៉ុបគួរតែពង្រឹងឲ្យកាន់តែប្រសើរឡើង ដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងសងខាង។

លើសពីនេះ ឯកអគ្គរដ្ឋទូតក៏បានកោតសរសើរផងដែរ ចំពោះការតស៊ូរដោយអត់ធ្មត់របស់លោក កឹម សុខា  ដែលឃើញសកម្មភាពរបស់លោកបានជួយ និង ជួបជិតស្និតជាមួយពលរដ្ននៅតាមបណ្តាខេត្តកន្លងមក ព្រមទាំងការប្តេជ្ញាចិត្តរបស់តលោក។

ការប្តេជ្ញាចិត្តរបស់លោក កឹម សុខា នោះគឺ នៅជាមួយពលរដ្ឋខ្មែរ ក្នុងមាតុភូមិកម្ពុជា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ អហិង្សា សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងដោយតម្កល់ផលប្រយោជន៍ខ្មែរជាធំឥតមានកែប្រែឡើយ»ទាំងកន្លងមក បច្ចុប្បន្ន និង ទៅអនាគត។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧ ដោយគិតទាំងឃុំខ្លួនក្នុងពន្ធនាគារ និងក្នុងផ្ទះ មានរយៈពេលប្រមាណ២ឆ្នាំ មុនពេលលោកត្រូវបានតុលាការផ្តល់សេរីភាពឱ្យច្រើនជាងមុន ប៉ុន្តែមកទល់ពេលបច្ចុប្បន្នលោកនៅមិនទាន់មានសេរីភាពពេញលេញនៅឡើយទេ ពិសេសសេរីភាពចេញទៅក្រៅប្រទេស និងធ្វើនយោបាយ ត្រូវបានតុលាការហាមឃាត់ទាំងស្រុង។

សហរដ្ឋអាមេរិកដែលជាប្រទេសនាំមុខគេ ក្នុងការចេញមុខថ្កោលទោសរដ្ឋាភិបាលលោកហ៊ុន សែន ចំពោះការចាប់ខ្លួន និងឃុំខ្លួន ពិសេសការចោទប្រកាន់លោក កឹម សុខា ថាឃុបឃិតជាមួយអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាល។

អាមេរិកហៅសកម្មភាពចោទប្រកាន់ និងឃុំខ្លួនលោកកឹម សុខា រហូតមកជារឿងអយុត្តិធម៌ និងគ្មានភស្តុតាងអ្វីទាំងអស់ ហើយប្រទេសមហាអំណាចមួយនេះបានទាមទារជាច្រើនសារឱ្យផ្តល់សេរីភាពពេញលេញដល់ប្រធានកណបក្សប្រឆាំងរូបនេះឡើងវិញ។ លើសពីនេះ លោក កឹម សុខា គួរតែទទួលបាននូវពានរង្វាន់ដ៏មានតម្លៃថែមទៀតផង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស