ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច ព្រមានចំពោះក្រុមជនល្មើសដែលកាប់បំផ្លាញព្រៃឈើនៅតំបន់ឧទ្យានរាជបណ្ឌិត្យ សភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។
សរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃ ទី២៤ ខែមករា ម្សិលមិញ លោក បណ្ឌិត សុខ ទូច បញ្ជាក់ថា ការអត់ធ្មត់របស់លោកត្រូវបានបញ្ចប់។ ដូច្នេះចាប់ពីពេលនេះតទៅ លោកនឹងចាប់ផ្ដើមអនុវត្តច្បាប់ ហើយលោកនឹងចាប់ទាំងឈើ ទាំងអ្នកប្រព្រឹត្តបទល្មើស និងទាំងគោយន្តយកមករក្សាទុកតែម្តង។
ការប្រកាសអស់ភាពអត់ធ្មត់របស់លោកចំពោះក្រុមជនល្មើសនៅតំបន់ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែននេះ ដោយលោកអះអាងថា ខាងលោកធ្លាប់បានអប់រំឱ្យពួកគាត់ស្រឡាញ់ព្រៃឈើអស់ រយៈពេល២ឆ្នាំមកហើយ។
លើសពីនេះលោកក៏បានស្នើសុំកុំឱ្យពួកគាត់កាប់ព្រៃឈើ ឬកាប់ឈើរៀនយកដីធ្វើចម្ការ ដោយអនុញ្ញាតិឱ្យពួកគាត់អាចអាស្រ័យអនុផលព្រៃឈើ មានដូចជា ផ្សិត វល្លិ៍ ទំពាំង ជាដើម។ ប៉ុន្តែពួកគាត់នៅតែប្រព្រឹត្តសកម្មភាពអាឈើ ក្នុងតំបន់អភិរក្សនេះអស់ជាច្រើន។
កន្លងមកលោកបណ្ឌិត សុខ ទូច ធ្លាប់អះអាងថា ឈើនៅតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានពលរដ្ឋក្បែរៗនោះ កាប់អស់ប្រមាណ៣០០ដើម។
កន្លងមក លោកក៏បានបង្កើតជាគម្រោងផ្សេងៗ ដើម្បីអូសទាញឱ្យពលរដ្ឋរស់នៅក្នុងតមបន់អភិរក្សនេះ បោះបង់ចោលមុខរបរកាប់ឈើលក់ឱ្យឈ្មួញ ដោយងាកមកចូលរួមរក្សាព្រៃឈើតំបន់អភិរក្សនេះ។
សកម្មភាពទាំងនោះ មានជាការបង្កើតការងារឱ្យគាត់មកចិញ្ចឹមមគោទឹកដោះ ចៀម ពពែ។ ជាងនេះទៀត ក្រោយការរីករាលដាលជំងឺកូវីដ-១៩ចប់ កូនចៅរបស់គាត់នឹងក្លាយទៅជាអ្នកផ្ដល់សេវាកម្មក្នុងវិស័យទេសចរណ៍ ដោយធ្វើជាអ្នកនាំភ្ញៀវទេសចរ រៀបចំផ្ទះសំណាក់ រៀបចំម្ហូបអាហារជូនភ្ញៀវទេសចរជាដើម ដែលលោកនឹងរៀបចំបណ្តុះបណ្តាលនៅពេលខាងមុខជាដើម។
លោក សុខ ទូច ថា ទាំងអស់នេះហើយដែលលោកចង់ជួយពួកគាត់ ប៉ុន្តែផ្ទុយទៅវិញ ពួកគេនៅតែបន្តកាប់បំផ្លាញឈើល្អៗរៀនយកដី ដោយកាប់ ហើយដុតព្រៃនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបដដែល។ លោក ព្រមានថា លោកនឹងចាត់វិធានការក្តៅតាមរយៈការអនុវត្តច្បាប់ចំពោះជនល្មើសដែលកាប់ឈើទាំងនោះ ដោយគ្មានការយោគយល់ទៀតឡើយ។
ការព្រមាននេះ ក្រោយពេលខាងលោកធ្លាប់បានចាប់ខ្លួនជនល្មើសដែលចូលកាប់ឈើនៅតំបន់អភិរក្សនេះ ហើយគ្រាន់តែធ្វើកិច្ចសន្យាឱ្យបញ្ឈប់តែប៉ុណ្ណោះ ព្រោះលោកថាការអនុវត្តច្បាប់ទៅលើពួកគាត់តែម្តងនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមគ្រួសាររបស់ជនល្មើសទាំងនោះ។ ប៉ុន្តែលោក សុខទូច មិនធ្លាប់បានបង្ហើបពីអ្នកនៅក្រោយខ្នងជនល្មើសដែលលោកចាប់បានកន្លងមកនៅឡើយទេ។
ក្រុមសកម្មជនការពារព្រៃឈើ ធ្លាប់បានបង្ហាញការយល់ឃើញថា សូម្បីតែតំបន់ឧទ្យានតេជោសែនផង នៅមានជនល្មើសនាំគ្នាចូលទៅកាប់បំផ្លាញព្រៃឈើ ចុះទៅរំពឹងអ្វីកើតទៅ ចំពោះតំបន់ដែលមិនមានឈ្មោះសម្តេចតេជោនោះ។
ជាក់ស្តែង តំបន់អភិរក្សសត្វព្រៃ ព្រៃឡង់ ត្រូវបានសហគមន៍រាយការណ៍ថាសកម្មភាពកាប់ឈើនៅតំបន់នេះកើតមានឡើងឥតឈប់ឈរ ខណៈអ្នកកាប់ឈើបានបង់ប្រាក់ទៅស្ថាប័នជំនាញ និងអាជ្ញាធរគ្រប់ផ្នែក ជាថ្នូរនឹងការបានចូលទៅកាប់ឈើក្នុងតំបន់ព្រៃឡង់ ដោយគ្មានការចាត់វិធានការច្បាប់។
ឧទ្យានរាជបណ្ឌិត្យសភាបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ដែលមានផ្ទៃដីសរុបចំនួនជាង ១១៤គីឡូម៉ែតការ៉េ មានទីតាំងស្ថិតក្នុង ឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។
ឧទ្យាននេះមានតំបន់ជីវចម្រុះ និងមានសក្តានុពលជាច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្រ្ត បុរាណវត្ថុ ឡស្លដែកបុរាណ និងជាតិពិន្ធុ ដែលអាចបម្រើឱ្យមុខងារក្នុងវិស័យបិស្ថាន ព្រៃឈើ វប្បធម៌ប្រវត្តិសាស្ត្រ និងទេសចរណ៍ច្រើនយ៉ាង៕