បរិស្ថាន

រលកបាតុកម្មនៅថៃចាប់ផ្ដើមឡើងវិញ ខណៈមេបក្សប្រឆាំងម្នាក់រងការកាត់ទោសពីបទប្រមាថព្រះមហាក្សត្រ

By ឌឹ ខេមបូឌា ដេលី

January 30, 2021

រលកបាតុកម្មនៅក្នុងទីក្រុងបាងកក ប្រទេសថៃ បានចាប់ជាថ្មីទៀតហើយ នៅថ្ងៃសុក្រ ទី២២ ខែមករា នេះ គឺដូចការប្រកាស របស់មេដឹកនាំបាតុករ ដែលបានប្រាប់ថា ត្រូវមានការតវ៉ាឡើងវិញ ប្រឆាំងនឹង    រដ្ឋាភិបាល របស់លោក នាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា ទោះជារដ្ឋាភិបាលចេញបំរាម ហាមជួបជុំការប្រមូលផ្ដុំក៏ដោយ។

កាសែតថៃ The Nation បានចុះផ្សាយថា ក្រុមបាតុកម្មដើម្បីប្រជាធិបតេយ្យ នៃក្រុមយុវជនវ័យក្មេង ដែលរដ្ឋាភិបាល លោកប្រាយុទ្ធ ចោទថា ជាអ្នកគាំទ្រ គណបក្សប្រឆាំងមួយត្រូវបានរំលាយ កាលពីដើមខែឆ្នាំ២០២០ បានទៅប្រមូលផ្ដុំគ្នា ជាថ្មីទៀត នៅខាងក្រៅបរិវេណនៃ ក្រសួងពាណិជ្ជកម្ម ដោយបានទាមទារអោយ រដ្ឋាភិបាលលោកប្រាយុទ្ធ កាត់បន្ថយទំហំថិវិកា នៃក្រសួងការពារជាតិ និងស្ថាប័នព្រះ                បរមរាជវាំងដោយយក ថវិកា ទាំងនោះ មកចំណាយលើការប្រយុទ្ធប្រឆាំង ជំងឺកូវិដ ១៩ ដែលកំពុងរាតត្បាតធ្ងន់ធ្ងរ នៅក្នុងរាជាណាចក្រនេះ។

ប្រទេសថៃកំពុងធ្លាក់ក្នុងរលក នៃការឆ្លង កូវិដ ១៩ ដំណាក់កាលទី២ ចាប់តាំងពី ដើមខែមករា ឆ្នាំ២០២១ ដោយបានឆ្លងដល់ទៅជាង ១ម៉ឺន ២ពាន់ នាក់  ស្លាប់៧១នាក់ និងជាសះស្បើយជាង ១ម៉ឺននាក់។

ករណីនេះ បាននាំអោយអាជ្ញាធរថៃបន្តដាក់ចេញបំរាមនូវការប្រមូលផ្ដុំគ្នា ហើយ ក្នុងនោះមានទាំងការប្រមូលផ្ដុំ ពាក់ព័ន្ធនឹងនយោបាយផងដែរ។

បើតាមកាសែត The Nation  ឲ្យដឹងថា បាតុករ បានព្យាយាមដាក់ញ្ញត្តិរបស់ពួកគេ ទៅក្រសួងពាណិជ្ជកម្ម  ប៉ុន្តែត្រូវបាន ឃាឃាំង មិនអោយចូល ក្នុងក្រសួងនោះទេទោះជា មានតំណាងរបស់ក្រសួងមកទទួលក៏ដោយ។ Panupong Jadnok គឺជាមេបាតុករ បាននិយាយថា ញត្តិរបស់ បាតុករបានទាមទារអោយរដ្ឋាភិបាល ចំណាយប្រាក់ជាង ៥២ពាន់ លានបាត ទៅលើ ការចាត់វិធានការប្រឆាំងជំងឺកូវិដ ដោយត្រូវកាត់បន្ថយ ការចំណាយ ទៅលើវិស័យកងទ័ពនិងព្រះបរមរាជវាំង។

ជាមួយគ្នានេះ ក្រុមបាតុករក៏បាន ទាមទារអោយរដ្ឋាភិបាល កាត់បន្ថយផងដែរ តំលៃបង់សេវា ភ្លើងអគ្គីសនី សេវាតម្លៃទឹក សេវាប្រព័ន្ធ អ៊ីធើណែត គឺយ៉ាងហោចណាស់រយៈពេល៣ខែ ដើម្បីជួយសម្រួលការចំណាយរបស់ប្រជាជន ក្នុងសម័យកូវិដ ដែលចំណូលរបស់ប្រជាជនបានធ្លាក់ចុះ ជាខ្លាំង។

ស្របពេលនេះ ញត្តិរបស់បាតុករថៃ ក៏បានទាមទារអោយរដ្ឋាភិបាលកាត់បន្ថយការបង់ថ្លៃសិក្សារបស់សិស្សនិស្សិតនៅតាមវិទ្យាសា្ថន និងសាកលវិទ្យាល័យនៅទូទាំងប្រទេស។ មេបាតុករ Panupong និយាយថា រដ្ឋាភិបាលមិនត្រូវចាត់ទុកពលរដ្ឋខ្លួន ជាអ្នកសុំទាននោះទេ ព្រោះ ពលរដ្ឋម្នាក់ៗសុទ្ធតែ មានកាតព្វកិច្ច បង់ពន្ធ ជូនរដ្ឋ ។

បាតុករបានប្រកាស ថានឹងវិលមកជួបគ្នាវិញ នៅ ថ្ងៃសុក្រសប្ដាហ៍ក្រោយ បើពុំមានចម្លើយ ពីរដ្ឋាភិបាល។ ថៃបានក្លាយជាប្រទេសឈានមុខគេ ក្នុងតំបន់អាស៊ាន ដែល ជួយពលរដ្ឋរបស់ខ្លួន មិនអោយជាប់ ការប្រាក់ ជាមួយធនាគារក្នុងសម័យកាលកូវិដ ដំណាក់កាលដំបូង ។ ការធ្វើបាតុកម្ម របស់ ក្រុមនិស្សិតថៃ កើតឡើង បន្ទាប់ពី អតីតមេបក្សប្រឆាំង កំពុងប្រឈមនឹងពាក្យបណ្តឹងព្រហ្មទណ្ឌពីបទប្រមាថព្រះមហាក្សត្រថៃ ។

មេបក្សប្រឆាំងរូបនេះ គឺលោក Thanathorn Juangroongruangkitដែល បាននិយាយថា រដ្ឋាភិបាលថៃមានបំណងបំបិទមាត់លោកនិងប្រជាជន ជុំវិញការរិះគន់ចំពោះយុទ្ធសាស្ត្រចាក់វ៉ាក់សាំង COVID-19 របស់រដ្ឋាភិបាលថៃ ដែលពឹងផ្អែកលើក្រុមហ៊ុន មួយគ្រប់គ្រងដោយព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជរ៉ាឡុងកន ។

អតីតមេបក្សប្រឆាំងថៃរូបនេះរិះគន់ថារដ្ឋាភិបាលមើលទៅ ពឹងផ្អែកខ្លាំងពេកលើក្រុមហ៊ុនផលិតឱសថក្នុងស្រុក Siam Bioscience ដែលថា វានឹងមានដំណើរការយឺត ក្នុងការការពារប្រជាជនថៃ ពីការឆ្លងរាតត្បាតនៃ COVID-19។

ក្រុមហ៊ុនផលិតឱសថថៃ Siam Bioscience ជាកម្មសិទ្ធិរបស់ការិយាល័យរាជសម្បត្តិនៃស្ថាប័នព្រះបរមរាជវាំង ដែលជាភ្នាក់ងារគ្រប់គ្រប់រាជសម្បត្តិ នៃរបបរាជានិយមថៃ។ ដោយសារការចេញ សាររិះគន់ ដូចនេះ មេបក្សប្រឆាំងដែលបក្សអនាគតថ្មីរបស់លោកត្រូវបានរំលាយ កំពុងរងការប្ដឹងដោយក្រុមរាជអាជ្ញាពីបទប្រមាថអង្គព្រះមហាក្សត្រ ដែលនាំអោយមានទោស ពី៥ឆ្នាំទៅ១៥ឆ្នាំ ។

នេះបើយោងតាម ក្រមព្រហ្មទណ្ឌរបស់រាជាណាចក្រនេះ។ តែបែបណា ការធ្វើបាតុករ របស់ ក្រុមនិស្សិតកាលពីព្រឹកថ្ងៃសុក្រទី២២ ខែមករានេះ គឺជាលើកដំបូងនៅឆ្នាំ២០២១ បន្ទាប់ពីបាតុកម្ម ប្រឆាំង រដ្ឋាភិបាល លោកបា្រយុទ្ធ បានធ្វើឡើងនៅក្នុងឆ្នាំ២០២០ ដែលមាន    រយៈពេល ជាង៥ខែ ដែលបានផ្អាក ដោយសារពួកបាតុករ រៀបចំយុទ្ធសាស្ត្រថ្មី៕