កាលពីឆ្នាំទៅមិញ ក្រុមប្រឆាំងរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីបា្រយុទ្ធចាន់អូចា បានធ្វើបាតុកម្ម ជិតប្រាំមួយខែ ដើម្បីទម្លាក់រដ្ឋាភិបាល នេះ ពីអំណាច ដោយបាតុករចោទថា ជារដ្ឋាភិបាលនេះ ខ្វះប្រជាធិបតេយ្យ និងបក្សពួកនិយម។
ទោះជាបែបនេះក្ដី បាតុកម្មរបស់ក្រុមនិស្សិតថៃនៅតែបន្ត ។ កាលពីថ្ងៃសុក្រ ទី២២ ខែមករា បាតុករច្រើនពាន់នាក់ បានទៅប្រមូលផ្ដុំគ្នា នៅខាងមុខគណៈរដ្ឋមន្ត្រី ដោយទាមទារអោយ រដ្ឋាភិបាល កាត់បន្ថយការចំណាយទៅលើក្រសួងការពារជាតិនិងស្ថាប័នព្រះបរមរាជវាំង។
បាតុករបានចោទរដ្ឋាភិបាល របស់លោកប្រាយុទ្ធថាអសមត្ថភាពក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវិដ១៩ ។ ពួកបាតុករសន្យាថា នឹងបន្តធ្វើបាតុកម្មថែមទៀតប្រឆាំងរដ្ឋាភិបាលលោក ប្រាយុទ្ធប្រសិន បើ ការទាមទាររបស់ពួកគេ មិនមានចម្លើយ ជាវិជ្ជមាន។
បន្ថែមលើសពីនេះទៀត បក្សប្រឆាំង នៃសម្ព័ន្ធភាព នៅក្នុងរដ្ឋសភា ដែលហៅថា ក្រុមរណសិរ្យប្រជាធិបតេយ្យ ដឹកនាំដោយគណបក្ស ភឿថៃ សម្រេចដាក់ញត្តិទៅរដ្ឋសភា អោយដកតំណែង រដ្ឋមន្ត្រី១០រូប របស់លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធដែល អសមត្ថភាពក្នុងការបោសសំអាតអំពើពុករលួយ និងមិនអាចទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវិដ។
តាមកាសែតបាងកកប៉ុស្តិ៍ចុះផ្សាយនៅថ្ងៃទី២៥ មករា នេះ គឺក្រុមបក្សប្រឆាំងថៃ បានដាក់សំណើក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តពីសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចាទៅជូនឈួនលីផៃ ប្រធានរដ្ឋសភា ។
បក្សប្រឆាំងចោទរដ្ឋមន្ត្រីចំនួន១០រូប ថាអសមត្ថភាព ក្នុងការគ្រប់គ្រងអំពើពុករលួយ បញ្ហាសង្គម និងការគ្រប់គ្រង ការរាតត្បាតនៃជំងឺកូវីដ-១៩ មិនមានប្រសិទ្ធភាព។
រដ្ឋមន្ត្រីទាំង១០រូបដែល បក្សប្រឆាំងទាមទារអោយដកហូតតំណែង រួមមាន លោកនាយករដ្ឋមន្រ្តី Prayut Chan-o-cha, ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon, រដ្ឋមន្ត្រីក្រសួងសុខាភិបាល Anutin Chanvirakul ,រដ្ឋមន្ត្រីពាណិជ្ជកម្ម Jurin Laksanawisit, រដ្ឋមន្ត្រីការងារ Suchart Chomklin,រដ្ឋមន្ត្រីមន្ត្រីមហាផ្ទៃ Anupong Paojinda, រដ្ឋមន្ត្រីអប់រំ Nathapol Teepsuwan,
រដ្ឋមន្ត្រី ដឹកជញ្ជូន Saksayam Chidchob, អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Nipon Boonyamanee និងរដ្ឋមន្ត្រី ក្រសួងកសិកម្ម Thamanat Prompow.។
រដ្ឋមន្ត្រីទាំង៩រូប មកពីបក្ស Palang Pracharath បក្សប្រជាធិបតេយ្យ និងបក្ស Bhumjaithai ដែលចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ស្ថិតនៅក្នុងបញ្ជីឈ្មោះរដ្ឋមន្ត្រីដែលបក្សប្រឆាំងដាក់ក្នុងសំណើរបោះឆ្នោតដកសេចក្តីទុកចិត្ត។
លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ ដែលទើបបង្កើតឡើងជំនួស បក្ស អនាគតថ្មីត្រូវបានរំលាយ បាននិយាយថា ការជជែកដេញដោលក្នុងរដ្ឋសភា នឹងផ្តោតទៅលើការបរាជ័យរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច សង្គម នយោបាយ និង អំពើពុករលួយ។
នេះ ជាបញ្ហាថ្មី មួយទៀត ដែលនឹងធ្វើអោយរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធកាន់តែ វិលខួរក្បាល ព្រោះតែមិនទាន់ ដោះស្រាយ រឿង បាតុករនិស្សិតទាមទារអោយចុះចេញពីតំណែង និង កាត់បន្ថយអំណាចរបស់រាជបល្ល័ង្ក រុះរើរដ្ឋធម្មនុញ្ញបានផង ស្រាប់តែចូលរឿងមួយទៀត។
អ្នកសង្កេតការណ៍ មើលឃើញថា ករណី ញត្តិរបស់ សមាជិកសភានៃក្រុមបក្សប្រឆាំង គឺជាទម្ងន់មួយទៀតជួយដល់ក្រុមបាតុក ដែល កំពុងរៀបចំការធ្វើបាតុកម្ម ជាថ្មីទៀត ដើម្បីទាញទម្លាក់គណៈរដ្ឋមន្ត្រីលោកបា្រយុទ្ធ ៕