នយោបាយ

មេធាវីលោក កឹម សុខា ចង់ឱ្យអ្នកនយោបាយជជែកគ្នាដោះស្រាយ តាមផ្លូវនយោបាយ

By ឌឹ ខេមបូឌា ដេលី

February 02, 2021

សហមេធាវីការពារក្តីឱ្យ ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ចង់ឱ្យមានអ្នកនយោបាយជជែកគ្នាដោះស្រាយតាមផ្លូវនយោបាយ ដើម្បី ដឹងសដឹងខ្មៅ ពិសេសពាក់ព័ន្ធសំណុំរឿងលោកកឹម សុខា តែម្តង។

ការលើកឡើងនេះ ស្របពេលក្រុមសហមេធាវីការពារក្តីឱ្យមេបក្សប្រឆាំងរូបនេះ បានដាក់លិខិតស្នើសុំមួយទៅចៅក្រម ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញជាលើកទី៣ ដើម្បីបន្តនីតិវិធីសវនាការលើសំណុំរឿងលោក កឹម សុខា កាលពីថ្ងៃទី២២ខែមករា កន្លងទៅ។

លិខិតនោះ បានលើកឡើងថា ដោយសារស្ថានភាពកូវីដ១៩ រដ្ឋាភិបាលគ្រប់គ្រងបានទាំងស្រុង ហើយតាមរយៈក្រសួងសុខាភិបាល ក្រុមមេធាវីលោកកឹម សុខា បានស្នើសុំតុលាការបន្តសវនាការឡើងវិញ ដូចគ្នាទៅនឹងការជំនុំជម្រះរឿងក្តីដទៃទៀត។ ពួកគេថា ការស្នើសុំនេះ ដើម្បីជៀសវាងការផ្អាកដំណើរការនីតិវិធិ ជាពិសេសដើម្បីជៀសវាងការបន្តរំលោភបំពានទៅលើសិទ្ធិក្នុងការទទួលបានការជំនុំជម្រះក្តីឆាប់រហ័ស និងយុត្តិធម៌ របស់លោក កឹម សុខា។

សហមេធាវីការពារក្តីលោក កឹម សុខា ថាការស្នើសុំឱ្យតុលាការបន្តសវនាការឡើងវិញនេះ គឺធ្វើឡើងជាលើកទី៣ ហើយ។

សហមេធាវីការពារក្តីឱ្យលោកកឹម សុខា មួយរូប គឺ លោកមេធាវី ផែង ហេង បានសរសេរនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ ថា លោក កឹម សុខា បានព្យាយាមបម្រើជាតិ តាមគ្រប់មធ្យោបាយទោះបីខ្លួនលោកនៅជាប់បម្រាមក្នុងសាលដីការំលាយគណបក្សសង្រ្គោះជាតិ និងដីកាសម្រេចដាក់លោកឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការក្តី។

លោកបន្តថា សម្រាប់រឿងក្តីផ្ទាល់ខ្លួន លោកកឹម សុខា បានឱ្យមេធាវីព្យាយាមធ្វើតាមនីតិវិធីច្បាប់។ ក្នុងនោះ មានការស្នើសុំឱ្យបើកសវនាការបន្តមិនតិចជាង៣លើកឡើង និងស្នើសុំទៅក្រសួងយុត្តិធម៌ ឱ្យអន្តរាគមន៍ជំរុញឱ្យតុលាការបើកសវនាការក្នុងសំណុំរឿងក្តីលោក កឹម សុខា ផងដែរ។ ប៉ុន្តែលោកថាជាលទ្ធផលនៅតែមិនទាន់ទទួលបានអ្វីជាផ្លែផ្កាឡើយ។

មេធាវីរូបនេះ លើកឡើងថា គ្រប់ៗគ្នាបានដឹងហើយ ឮហើយ និងបាននិយាយតៗគ្នាហើយថា រឿងលោក កឹម សុខា ព្រមទាំងការរំលាយគណបក្សសង្រ្គោះជាតិ ជារឿងនយោបាយ។ លោកចោទជាថា សំណួរថា ហេតុដូចម្តេចមិនជួយជំរុញឱ្យអ្នកនយោបាយជជែកដោះស្រាយគ្នាតាមផ្លូវនយោបាយ ដើម្បីឆាប់ដឹង ស និង ខ្មៅ ល្អជាង?

ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា បានបាត់បង់សេរីភាពទាំងស្រុងបន្ទាប់ពីលោកត្រូវបានអាជ្ញាធរលោកហ៊ុន សែន ចាប់ខ្លួនទាំងយប់កាលពីថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០១៧។ រហូតដល់ចុងឆ្នាំ២០១៩ លោកត្រូវបានតុលាការចេញដីកាបន្ថូបន្ថយលក្ខខណ្ឌនៃការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ដោយផ្តល់សេរីភាពជូនលោកបានច្រើនជាងមុន ប៉ុន្តែសេរីភាពចេញទៅក្រៅប្រទេស និងសកម្មភាពធ្វើនយោបាយ ត្រូវបានតុលាការហាមប្រាមជាដាច់ខាត។

មកទល់ពេលបច្ចុប្បន្ននេះ លោក កឹម សុខា នៅតែជាមនុស្សស្អាតស្អំ ត្បិតតុលាការនៅមិនទាន់សម្រេចថាលោកមានទោស ឬ គ្មានទោសនៅឡើយទេ។

សំណុំរឿងក្តីលោក កឹម សុខា ត្រូវបានតុលាការសម្រេចផ្អាកដំណើរការសវនាការកាលពីខែមីនា ឆ្នាំ២០២០ ក្រោមហេតុផលដើម្បីបង្ការការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីឆ្នាំមុនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងមុនតុលាការថា សំណុំរឿងក្តីលោកកឹម សុខា នឹងត្រូវពន្យារពេលរហូតដល់ឆ្នាំ២០២៤ ពោលគឺ ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២ និងបោះឆ្នោតតំណាងរាស្ត្រ ឆ្នាំ២០២៣ ចប់សព្វគ្រប់។

ទោះបីជាយ៉ាងនេះក្តី ក្នុងលិខិតស្នើសុំរបស់ក្រុមមេធាវីលោកកឹម សុខា បញ្ជាក់ថាការជំនុំជម្រះសំណុំរឿងក្តីលោកកឹម សុខា គឺបានធ្វើការដេញដោលសួរលោក កឹម សុខា យ៉ាងច្រើន។ លោកបន្តថា ការដាក់កម្មវិធីបន្តសវនាការសំណុំរឿងមួយនេះ មិនគួរអូសបន្លាយទៀតឡើយ ព្រោះថាក្រុមប្រឹក្សាជំនុំជម្រះ មេធាវី និងភាគីពាក់ព័ន្ធ គឺមានសមាសភាពស្រេចទៅហើយ។

ប្រភពដដែលបន្តថា ការទុកសំណុំរឿងចាស់ចោលយូរហួសហេតុពេក ស្របពេលអង្គសវនាការបានដេញដោលយ៉ាងច្រើនរួចទៅហើយនោះ មិនមែនជាជម្រើសល្អនោះទេ និងគ្មានទម្លាប់រឿងក្តីណាដែលត្រូវបានតុលាការយកមកសួរដេញដោល រួចទុកចោលយ៉ាងយូរនោះដែរ។

លោក មេធាវី ផែង ហេង អះអាងថា ការអូសបន្លាយ និងទុករឿងក្តីនេះយូរពេក ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិក្នុងការទទួលបានការជំនុំជម្រះក្តីឆាប់រហ័ស និង យុត្តិធម៌របស់លោក កឹម សុខា។

សិទ្ធិក្នុងការទទួលបានការជំនុំជម្រះក្តីឆាប់រហ័ស និងយុត្តិធម៌ គឺជាគោលការណ៍ដ៏ត្រឹមត្រូវ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ការភាពយុត្តិធម៌ ដូចចែងក្នុងមាត្រា ១៤ ចំណុច«គ» នៃកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលចែងថា ជនគ្រប់រូបត្រូវបានជំនុំជម្រះដោយឥតពន្យារពេល។

លោក ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈហើយថា លោកមិនការចរចារនយោបាយជាមួយក្រុមណានោះទេ ហើយរឿងក្តីនៅតុលាការរបស់អ្នកនយោបាយត្រូវបញ្ចប់ដោយវិធានការច្បាប់ មិនអាចបញ្ចប់ដោយការចរចារនយោបាយនោះបានឡើយ៕