30 C
Phnom Penh

បទល្មើសព្រៃឈើបន្តកើតមាននៅខេត្តមណ្ឌលគិរី ហើយធ្វើសកម្មភាពនៅក្បែរច្រមុះសមត្ថកិច្ច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខេត្តមណ្ឌលគិរី អះអាងថា បទល្មើសកាប់ និងនាំឈើប្រណិតៗ ចេញទៅវៀតណាម នាមូលដ្ឋានខេត្តមណ្ឌលគិរី នៅតែបន្តលួចធ្វើសកម្មភាពស្ទើរជារៀងរាល់ថ្ងៃ ហើយទំនងជាឈ្មួញឈើទាំងនោះ  ត្រូវដងត្រូវផ្លែ ជាមួយមន្ត្រីខិលខូចមួយចំនួន ទើបអាចដឹកឈើប្រណិតទាំងនោះ តាមច្រកព្រំដែន បានដោយរលូន និងគ្មានការហាមឃាត់ពីសមត្ថកិច្ចជំនាញ។

ជាក់ស្តែងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ឈើប្រណិតចំនួន ២៣៧ដុំ ត្រូវបានគេប្រទះឃើញ ដឹកមកលាក់ទុកក្នុងព្រៃស្ងាត់មួយកន្លែង មានទីតាំងនៅក្បែរព្រំដែនកម្ពុជា-វៀតណាម ហើយត្រូវគេសង្ស័យថា ទំនងជាឈ្មួញឈើប្រណិតទាំងនោះ បម្រុងដឹកឆ្លងកាត់ ព្រំដែនទៅកាន់ប្រទេសវៀតណាម ដោយមានការឃុបឃិត រវាងឈ្មួញឈើ និងមន្ត្រីខិលខូចមួយចំនួនតូច។

ប្រភពបញ្ជាក់ថា ការប្រទះឃើញដុំឈើប្រណិតខាងលើនេះ គឺនៅចន្លោះអូររ៉ូ និងម្រើច ស្ថិតក្នុងភូមិសាស្ត្រ ភូមិកោះម្យើលលើឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី និយាមការលេខ ០៧៧៥៣៥៥-១៤៥៥៩១៤ លើដែនសមត្ថកិច្ចដែនជម្រកសត្វព្រៃ ស្រែពក និងវរៈកាពារព្រំដែន៣០៣។

ក្រោយការប្រទះឃើញឈើប្រណិតចំនួន ២៣៧ដុំខាងលើនេះសមត្ថកិច្ចចម្រុះរួមមាន៖ ស្នងការរងព្រំដែន, នាយករងដែនជម្រកសត្វព្រៃស្រែពក, មេបញ្ជាការ-បញ្ជាការងវរៈ៣០៣, នាយរង(ខ២), អនុប្រធានស្នាក់ការ គឺបានដឹកនាំមន្ត្រីក្រោមឱវាទចុះបង្ក្រាបភ្លាមៗ និងរាយការជូនថ្នាក់លើរៀងៗខ្លួន។

ទាក់ទិនបញ្ហានេះ លោក កែវ សុភគ៏ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ត្រូវបានឲ្យប្រព័ន្ធផ្សព្វផ្សាយឲ្យថា ចំណុចកើតមានបទល្មើសព្រៃឈើទាំងនោះ គឺស្ថិតក្បែរផ្លូវព្រះនរោត្តម ចម្ងាយពីប៉ុស្តិ៍កាពារព្រំដែនអូររ៉ូ ប្រមាណជាង ០៣គីឡូម៉ែត្រ និងស្ថិតក្នុងដែន សមត្ថកិច្ច របស់ដែនជម្រកសត្វព្រៃស្រែពកផងដែរ។

លោកបន្តថា ឈើដែលសមត្ថកិច្ចជំនាញ រឹបអូសនេះ សរុបមានចំនួន ២៣៧ កំណាត់រួមមាន ឈើខ្វាវ និងធ្មៀរ  រួមទាំងវត្ថុតាង ០១ចំនួន។ ហើយថា កំណាត់ឈើទាំង ២៣៧ដុំនេះ នឹងប្រើប្រាស់ម៉ូតូ សម្រាប់ជាមធ្យោបាយ ដឹកយកវត្ថុតាងឈើដុំទាំងនោះ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលអូររ៉ូ ដើម្បីចងក្រងសំណុំរឿងតាមច្បាប់ ស្តីអំពីតំបន់កាពារធម្មជាតិ។

ពលរដ្ឋរស់នៅខេត្តមណ្ឌលគិរី បានផ្តល់ព័ត៌មានឲ្យអ្នកកាសែតដឹងថា អាជ្ញាធរដែលគ្រប់គ្រង់ នៅតាមតំបន់ ឬចំណុចកើតមានបទល្មើស និងប៉ុស្តិ៍ព្រំដែនកម្ពុជាវៀតណាម ដែលត្រូវដឹកឈើប្រណិតទាំងនោះឆ្លងកាត់ ទំនងជាស៊ីដាច់លុយសំណូកពុករលួយ ហើយមិនព្រមចែកឲ្យកូនចៅក្រោមឱវាទហើយមើលទៅ ទើបបណ្តាលឲ្យព័ត៌មានអំពីបទល្មើសព្រៃឈើ និងការស្តុកឈើបម្រុងនាំចេញទៅប្រទេសវៀតណាម ត្រូវបានបែកធ្លាយដល់សមត្ថកិច្ចជំនាញ។ 

យ៉ាងនេះក្តី សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទង លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ទាក់ទិននឹងបទល្មើសទន្ទ្រានដីព្រៃឈើ នៅខេត្តមណ្ឌលគិរី ដែលបន្តធ្វើសកម្មភាពនៅមូលដ្ឋានខេត្តមណ្ឌលគិរី ខាងលើនេះទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស