26 C
Phnom Penh

លោក ហ៊ុន ម៉ានីថា គណបក្សប្រជាជនកម្ពុជា ជាបក្សដែលកើតចេញពីប្រជាពលរដ្ឋ ខណៈអ្នកឃ្លាំមើលសង្គមបដិសេធការលើកឡើងនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច និងជាកូនប្រុសរបស់លោក ហ៊ុន សែន អះអាងថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សមួយដែលកើតចេញពីប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន។

អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តកំពង់ស្ពឺ និងជាកូនប្រុស របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺ លោក ហ៊ុន ម៉ានី បានអះអាងលើ ទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៦ខែមករា ថា ការជាប់ឆ្នោតជាបន្តបន្ទាប់ របស់គណបក្សប្រជាជនកម្ពុជា ពីមួយអាណត្តិ ទៅមួយអាណត្តិ មិនមែនជារឿងចៃដន្យឡើយ។ ប៉ុន្តែជាការសរបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីការប្រគល់នូវការជឿទុកចិត្ត និងការគាំទ្រឥតងាករេរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈមកលើគណបក្សកាន់អំណាច។

លោក បញ្ជាក់ថា ការជឿជាក់ និងការបន្តគាំទ្រនេះ ស្តែងចេញពីសមិទ្ធិផលនានាដែលពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានកំពុងទទួលបាន ក្នុងនោះ គឺការរស់នៅក្រោមដំបូលសន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងក្តីសង្ឃឹមរបស់ពលរដ្ឋខ្មែរទាំងអស់ទៅថ្ងៃអនាគត ជាមួយគណបក្សប្រជាជនកម្ពុជាថែមទៀត។

ទោះជាយ៉ាងណាក៏ដោយ ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះដោយច្រានចោលការលើកឡើងរបស់លោក ហ៊ុន ម៉ានី។ លោកថា ការលើកទ្បើងរបស់លោក ហ៊ុន ម៉ានី ដែលថា គណបក្សប្រជាជន កើតចេញពីប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជាន មិនឆ្លុះបញ្ចាំងការពិតជាក់ស្តែងទាល់តែសោះ។

លោក អះអាងថា គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន កើតចេញពីមហិច្ឆតាឈ្លានពានរបស់វៀតណាមមកលើកកម្ពុជានៅឆ្នាំ១៩៧៨ ដែលបង្កើតឡើងដោយរបបកុម្មុយនិស ក្រុងហាណួយក្នុងបំណងគ្រប់គ្រងកម្ពុជាទាំងមូល ស្របពេលនេះ ពួកគេបាន បង្ហូរជនជាតិវៀតណាមខុសច្បាប់ចូលទៅរស់នៅលើទឹកកម្ពុជា រាប់លានរួចស្រេចទៅហើយ។

ប្រធានប្រតិបត្តិនៃចលនានិស្សិតរូបនេះ បញ្ជាក់ថា ក្រោមអំណាចរបស់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន ចាប់ពីឆ្នាំ ១៩៧៩ មកទល់បច្ចុចប្បន្ននេះ សកម្មជននយោបាយ          សកម្មជនសិទ្ធិមនុស្ស និងសកម្មជនសង្គមជាច្រើននាក់ ត្រូវបាន សម្លាប់យ៉ាងព្រៃផ្សៃ ខ្លះទៀតត្រូវបានអាជ្ញាធរចាប់ដាក់គុក ហើយខ្លះរត់ភៀសខ្លួន ជាដើម។

លោក ទូច វិបុល រិះគន់ថា គណបក្សប្រជាជនកម្ពុជា មិនមែនជាក្តីសង្ឃឹមរបស់ពលរដ្ឋខ្មែរនោះទេ ប៉ុន្តែជាគណបក្សដែលនាំក្តីវិនាសដល់ប្រជាជនទៅវិញតែប៉ុណ្ណោះ។

សៀវភៅស្តីអំពីប្រវត្តិសាស្ត្រកម្ពុជា «អង្គការជានរណា» បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា គណបក្សប្រជាជនបដិវត្តន៍កម្ពុជា ត្រូវបានបង្កើតឡើងដោយ លោក សឺន ង៉ុកមិញ ហៅអាចារ្យ មៀន កាលពីឆ្នាំ១៩៥១ ជាអតីតសមាជិកគណបក្សកុម្មុយនីស្តឥណ្ឌូចិន ដែលត្រូវបានបង្កើតឡើងដោយ លោក ហូ ជីមិញ (Ho Chi Minh) តាំងពីឆ្នាំ១៩៣០។

ក្រោយខ្មែរក្រហមដួលរលំឆ្នាំ១៩៧៩ វៀតណាមក៏បានលើកបន្តុបរដ្ឋាភិបាលអាយ៉ងរបស់ខ្លួន ដោយបានត្រឡប់មកប្រើប្រាស់បក្សប្រជាជនបដិវត្តន៍កម្ពុជាវិញ ប៉ុន្តែស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ប៉ែន សុវណ្ណ។

ជាងនេះទៀត កាលពីឆ្នាំ១៩៧៩ លោក ប៉ែន សុវណ្ណ លោក ជា ស៊ីម លោក ហេង សំរិន និងលោក ហ៊ុន សែន ជាដើម បានធ្វើមហាសន្និបាតបក្សលើកទី៣ ដើម្បីរៀបចំស្ដារ និងកសាងនូវរចនាសម្ព័ន្ធដឹកនាំបក្សប្រជាជនបដិវត្តន៍កម្ពុជានេះ ឡើងវិញ ដូច្នេះបក្សប្រជាជនបដិវត្តន៍កម្ពុជា ត្រូវបានដំណើរការឡើងវិញតាំងពីខែមករា ឆ្នាំ១៩៧៩ នោះមករហូតមក។

យ៉ាងណាក៏ដោយ កាលពី ឆ្នាំ១៩៩១ បក្សប្រជាជនបដិវត្តន៍កម្ពុជា បានប្ដូរឈ្មោះជាលើកចុងក្រោយ ទៅជាគណបក្សប្រជាជនកម្ពុជា ដែលបានគ្រប់គ្រងអំណាចនៅកម្ពុជា និងកំពុងដឹកនាំដោយលោក                  ជាស៊ីម រហូតដល់ឆ្នាំ២០១៥ក្រោយមរណភាពរបស់លោកជា ស៊ីម តំណែងអគ្គលេខាធិការបក្ស ធ្លាក់ទៅលើដៃលោកនាយរដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន រហូតដល់សព្វថ្ងៃនេះ។

ប្រតិកម្មទៅនឹងលើកឡើង របស់លោក ហ៊ុន ម៉ានី មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា រិះគន់ថា ជ័យជំនះរបស់គណបក្សកាន់អំណាចពីមួយអាណត្តិទៅមួយអាណត្តិបានមកពីការ រំលោភសិទ្ធិពលរដ្ឋ ដោយការគំរាមកំហែង និងបំភិតបំភ័យតែប៉ុណ្ណោះ៕ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស