27 C
Phnom Penh

អង្គការសុវណ្ណកុមារធ្លាក់ក្នុងជម្លោះផ្ទៃក្នុងឈានដល់ការសុំអន្តរាគមន៍ពីនាយករដ្ឋមន្រ្ដី ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវីការពារក្ដីអង្គការសុវណ្ណកុមារស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដកលោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអ្នកពាក់ព័ន្ធផ្សេងទៀតចេញពីប្រធានគណៈកម្មការដោះស្រាយវិវាទនៅអង្គការនេះ។

មេធាវីនៃអង្គការនេះ គឺលោក Bradley James Gordon ក៏បានស្នើលោកឲ្យ ហ៊ុន សែន អន្តរាគមន៍ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងស្តារយុវនីតិសម្បទា និងមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ បញ្ឈប់សកម្មភាពជ្រៀតជ្រែក បំភិតបំភ័យដល់បុគ្គលិក និងតំណាងស្របច្បាប់របស់អង្គការសុវណ្ណកុមារ។

ការស្នើរបស់លោក ប្រេដលី មេធាវីអង្គការសុវណ្ណកុមារ ដោយសំអាងថា លោក តូច ចាន់នី ប្រធានគណៈកម្មាធិការ និងអ្នកផ្សេងទៀត ដែលជាអ្នកដោះស្រាយវិវាទនៅអង្គការនេះ មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយជាមួយនឹងលោក អរុណ សុធា ខណៈលោក អតីតនាយកប្រតិបត្តិនៃអង្គការសវុណ្ណកុមាររូបនេះ ត្រូវបានបញ្ឈប់ពីការងារកាលខែសីហា ឆ្នាំ ២០១៩ បន្ទាប់ពីរកឃើញថា មានការធ្វើទាររុណកម្ម ការរំលោភបំពានផ្លូវភេទលើកុមារក្នុងអង្គការ និងកិបកេងថវិកាអង្គការ ក្រោមការគ្រប់គ្រងរបស់លោក អស់ រយៈពេល ១៧ឆ្នាំ កន្លងមក។

លោក អារុណ សុធា ត្រូវបានចោទថា បានប្រព្រឹត្តអំពើពុករលួយ ពាក់ព័ន្ធនឹងថវិកាម្ចាស់ជំនួយ១,៤ លានដុល្លារ។  ក្រៅប្រព្រឹត្តអំពើពុករលួយហើយ  លោក អារុណ សុធា ក៏បានកុមារនៅក្នុងអង្គការសុវណ្ណកុមារ អះអាងថា បានរំលោភបំពានផ្លូវភេទលើកុមារនិងបណ្តោយឱ្យមានអំពើហិង្សា លើកុមារជាដើមកាលពីចុងឆ្នាំ២០១៩។

មេធាវីការពារក្ដីអង្គការសុវណ្ណកុមារលោក ប្រេដលី ប្រាប់សារព័ត៌មាន The Cambodia Dailyថា រូបលោកបានផ្ញើលិខិតសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងករណីនេះរួចហើយ ក្រោយពីលោកមិនមានជំនឿទៅលើគណៈកម្មាធិការដោះស្រាយវិវាទ ដែលដឹកនាំដោយលោក តូច ចាន់នី។

លោកបន្តថា ការដែលលោកគ្មានជំនឿ ដោយសារ នៅក្នុងកំណត់ហេតុប្រជុំគណៈកម្មាធិការ ដែលកត់ត្រាដោយក្រសួងសង្គមកិច្ច កាលពីថ្ងៃទី២៥ ខែធ្នូ អ្នកស្រី មុំ ចាន់ដានី នាយិកាមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងស្តារយុវនីតិសម្បារាជធានីភ្នំពេញ  បានថ្លែងថា “ដីរបស់អង្គការសុវណ្ណកុមារ ជាកម្មសិទ្ធិរបស់លោក អារុណ សុធា ទៅវិញ។

លោក ប្រេដលី បន្តថា ដីរបស់អង្គការសុវណ្ណកុមារ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយដែលគ្រប់គ្រងដោយមូលនិធិ Johnson Family មិនមែនជារបស់លោក អរុណ សុធានោះទេ។ លោកបន្តថា លោក អរុណ សុធា គ្រាន់តែបុគ្គលិកឈរឈ្មោះតំណាងអង្គរការតែប៉ុណ្ណោះ។

លោកបញ្ជាក់ថា បច្ចុប្បន្នមានជនជាតិអាមេរិកាំងមួយចំនួន និងក្រុមតូចមួយនៃអ្នកមានអំណាចនៅកម្ពុជា រួមទាំងឧត្តមសេនីយ៍ដ៏ល្បីល្បាញផងកំពុងស្ថិតនៅពីក្រោយខ្នងនៃរឿងនេះ ដើម្បីជួយលោក អារុណ សុធា ឱ្យរួចផុតពីទោសទណ្ឌ និងបទចោទប្រកាន់នានា។

លោក Bradley ចាត់ទុកបញ្ហានេះថាជាល្បិចនៃការរឹបអូសដីធ្លីដ៏ហួសសម័យ។

«អង្គការសុវណ្ណកុមារ បានកាន់កាប់អចលនទ្រព្យមានតម្លៃមួយដុំដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយគ្រប់គ្រងដោយមូលនិធិ Johnson Family តាមរយៈភាគហ៊ុនផ្ទាល់ និងអ្នកត្រូវបានជ្រើសតាំង គ្រប់គ្រងចាត់ចែង។ វាហាក់ដូចជា លោក អារុណ សុធា កំពុងតែប្រាប់ទៅមន្ត្រី   រដ្ឋាភិបាលថា គាត់ជាអ្នកគ្រប់គ្រងដី ហើយយើងបានឭពីប្រភពជាច្រើនថា គាត់កំពុងដំណើការលក់ដីអោយទៅមន្ត្រីជាច្រើននាក់។ គាត់គ្មានសិទ្ធិអំណាចធ្វើដូច្នេះទេ»។

លោកBradley James Gordon ដែលអះអាងថាលោកជាតំណាងស្របច្បាប់របស់អង្គការសុវណ្ណកុមារបានសម្រេចផ្ញើលិខិតជូនទៅប្រមុខរាជរដ្ឋាភិបាលកាលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ដោយសុំលោកហ៊ុនសែនជួយផ្ដល់យុត្តិធម៌និងសិទ្ធិស្របច្បាប់សម្រាប់អង្គការរបស់លោកនិងខ្លួនលោកផ្ទាល់។

លិខិតដែលបានផ្ញើទៅប្រមុខរាជរដ្ឋាភិបាលនោះ ក៏បានចម្លងជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា  ទីភ្នាក់ងារអភិវឌ្ឍន៍ USAID អង្គការ Save The Children និងអង្គការយូនីសេហ្វ កាលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។

លិខិតនេះ   លោក Bradley បានរៀបរាប់ជាច្រើនអំពីកំហុសឆ្គងរបស់លោក អារុណ សុធា និងបក្ខពួកក្នុងការគ្រប់គ្រងអង្គការសុវណ្ណកុមារដែលនាំឱ្យមានការកេងប្រវ័ញ្ចផលប្រយោជន៍របស់អង្គការ និងការរំលោភបំពានសិទ្ធិកុមាររហូតដល់ទៅមានការរំលោភបំពានសេពសន្ថវៈទៀតផង។

ក្នុងលិខិតនេះបានព្យាយាមពន្យល់ប្រមុខរដ្ឋាភិបាលដោយទទូចសុំផ្ដល់យុត្តិធម៌ឱ្យតំណាងរបស់អង្គការនេះ គឺលោក Bradley James Gordon ដែលអះអាងថា បុរសមួយរូបដែលទទួលបានការតែងតាំងស្របច្បាប់ពីគណៈគ្រប់គ្រងរបស់អង្គការ។

មិនតែប៉ុណ្ណោះ លិខិតដដែលក៏បានលើកឡើងអំពីសំណុំរឿងដែលបញ្ជូនទៅតុលាការឱ្យចាត់វិធានការទៅលើអតីតរបស់អង្គការនេះ គឺលោក អារុណ សុធា និងបក្ខពួកករណីរំលោភសេពសន្ថវៈលើកុមារ ការធ្វើទារុណកម្ម។ ការប៉ុនប៉ងបង្អត់អាហារកុមារកម្ពុជា ការឆបោក និងការរំលោភលើសេចក្ដីទុកចិត្តដែលប្រព្រឹត្តដោយអតីតនាយកប្រតិបត្តិរបស់អង្គការសុវណ្ណកុមារ គឺ លោក អារុណ សុធា និងបក្ខពួក។

លិខិតដដែលបានស្នើសុំផ្លាស់ប្ដូរសមាសភាព គណៈកម្មាការដើម្បីដោះស្រាយបញ្ហាផ្សេងៗនៅក្នុងអង្គការសុវណ្ណកុមាររបស់ក្រសួងសង្គមកិច្ច  ដែលក្នុងនោះរួមបញ្ចូលទាំងប្រធានគណៈកម្មាការបច្ចុប្បន្នរួចជ្រើសតាំងបុគ្គលដែលមានភាពអព្យាក្រឹត្យ និងមានជំហររឹងមាំមិនទោរទន់ទៅរកអំពើពុករលួយ ឬប្រើឥទ្ធិពលដើម្បីយកផលប្រយោជន៍ដូចប្រធាននៃគណៈកម្មាការបច្ចុប្បន្ន។

ក្រៅពីសុំផ្លាស់ប្ដូរក៏បានស្នើឱ្យបញ្ចប់តួនាទីប្រធានអង្គប្រជុំនៃក្រសួងសង្គមកិច្ច លោក តូច ចាន់នី , លោក ភីណូ , អ្នកស្រី មុំ ចាន់ដានី , លោក យូ សុភ័ក្រ និងស្នើបញ្ឈប់រាល់ការរំខាន់ផ្សេងៗដល់តំណាងស្របច្បាប់របស់អង្គការសុវណ្ណកុមារដែលទទួលបានការតែងតាំងត្រឹមត្រូវពីសប្បុរសជនជាម្ចាស់ជំនួយពោលគឺគ្រួសារ Johnson ហើយទទួលស្គាល់គណៈគ្រប់គ្រងព្រមទាំងសាក្សីក្នុងសំណុំរឿងរំលោភបំពានកុមារនិងការឆបោក។

បើតាមលិខិតក៏ទទូចឱ្យអនុញ្ញតឱ្យមានការបន្ដសុពលភាពនៃអនុស្សា រណៈយោគយល់រវាងអង្គការអន្ដរជាតិមួយនេះ ដែលបានផុតកំណត់នៅឆ្នាំ២០១៧និងផ្ដល់នូវការគោរពការសម្រេចចិត្តរបស់សប្បុរសជនដែលជាម្ចាស់ជំនួយចំពោះករណីពាក់ព័ន្ធនឹងគណៈគ្រប់គ្រងបច្ចុប្បន្ន។

លិខិតដដែលបានស្នើទៅរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ និងអង្គភាពប្រឆាំងអំពើពុករលួយឱ្យឃ្លាំមើលអំពើពុករលួយណាមួយដែលទាក់ទងទៅនឹងសំណុំរឿង រំលោភបំពានទៅលើកុមារ ការបង្អត់អាហារ ការធ្វើទារុណកម្ម និងបទល្មើសផ្សេងៗទៀតប្រព្រឹត្តដោយលោកអារុណសុធា និងបក្ខពួកផងដែរ។

កាសែតរស្មីកម្ពុជាបានចុះផ្សាយក្នុងសំណុំរឿងនេះ ផងដែរ គឺមុនពេលលោកប្រេដលីដែល បានដាក់លិខិតស្នើសុំអន្ដរាគមន៍ពីនាយករដ្ឋមន្រ្ដី ហ៊ុន សែន ។

លោកប្រេដលីបានស្នើអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការប្រជុំមួយរបស់ក្រសួងសង្គមកិច្ចដែលអ្នកដឹកនាំការប្រជុំគឺលោក តូច ចាន់នី។

នៅក្នុងកិច្ចប្រជុំនោះ លោក តូច ចាន់នី បានសម្រេច ដកហូតសិទ្ធិប្រធានអង្គការបច្ចុប្បន្នលោកប្រេដលីចេញជាបណ្ដោះអាសន្ន ដោយលើកហេតុផលថា លោកប្រេដលីមានកំហុសជាច្រើន ក្នុងការគ្រប់គ្រងអង្គការនេះ ដែលឈានទៅដល់ការរុញឱ្យកុមារក្នុងមណ្ឌលរបស់អង្គការនេះបែងចែកបក្ខពួកហើយមានការរំលោភបំពាននាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិរស់នៅរបស់កុមារ។

ក្រៅពីដកសិទ្ធិ លោក តូចចាន់នីដែលជាអ្នកដឹកនាំអង្គប្រជុំក៏បានសម្រេចឱ្យបន្ដស៊ើបអង្កេត និងរកដំណោះស្រាយចំពោះកុមារដែលត្រូវបានស្នើយកចេញពីអង្គការសុវណ្ណកុមារនិង បន្ដស៊ើបអង្កេតចំពោះកុមារដែលបានបាត់ខ្លួន។ 

តែយ៉ាងណាប្រធាននៃអង្គប្រជុំលោក តូច ចាន់នី បញ្ជាក់ថា ការដកសិទ្ធិអ្នកគ្រប់គ្រងនេះ  គ្រាន់តែជាការដកបណ្ដោះអាសន្នប៉ុណ្ណោះ។  ហេតុនេះ អ្នកគ្រប់គ្រងបច្ចុប្បន្នអាចនឹងត្រូវបានប្រគល់ការងារមកវិញ ឬយ៉ាងណានោះ គឺអាស្រ័យទៅលើលទ្ធផលនានា បន្ទាប់ពីរឿងក្ដីរបស់គាត់ត្រូវបានតុលាការបិទបញ្ចប់។

សំណុំរឿងនេះបានធ្លាយដល់សារព័ត៌មានអន្ដរជាតិជាច្រើនចុះផ្សាយក្នុងនោះមានសារព័ត៌មាន South China Morning Post ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានចុះផ្សាយដោយដាក់ចំណងជើងថាអតីតប្រធានអង្គការសុវណ្ណកុមារបានលួចលុរបស់អង្គការ១លាន៤សែនដុល្លារ និងការបៀតបៀនកុមារនៅក្នុងអង្គការនេះ។

ការស៊ើបអង្កេត និងស្រាវជ្រាវមួយចុះផ្សាយដោយសារព័ត៌មានបរទេសនេះ បង្ហាញថាអតីតនាយកប្រតិបត្តិរបស់អង្គការ ដែលទទួលមូលនិធិសប្បុសជនពីសហរដ្ឋអាមេរិកមួយនេះ ជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្ម ការបំពារបំពានផ្លូវភេទលើកុមាររហូតដល់ការបន្លែបន្លំហិរញ្ញវត្ថុរបស់អង្គការ។

សារព័ត៌មានអន្ដរជាតិនេះចុះផ្សាយថា ការស៊ើបអង្កេតនេះធ្វើឡើងដោយក្រុមអ្នកច្បាប់ ហើយថាសំណុំរឿងរបស់អង្គកានេះស្ថានទូតអាមេរិកនៅកម្ពុជាបានដឹងអស់ហើយថា សំណុំរឿងរបស់អង្គការសុវណ្ណកុមារ ធ្លាក់ក្នុងការកាត់សេចក្ដីដោយតុលាការ។

ទោះជាបែបណាក៏ដោយ The Cambodia Daily ពុំទាន់ បានទាក់ទង ទៅលោកអារុណ សុធា ដើម្បី សុំប្រតិកម្មនឹងការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post  ដែលស្រង់របាយការណ៍ស្រាវជ្រាវ និងស៊ើបអង្កេតរបស់ក្រុមអ្នកច្បាប់មួយក្រុម ដែលរកឃើញពាក់ព័ន្ធរឿងអាស្រូវរបស់លោកទាំងនេះ នៅឡើយទេ។

អង្គការសុវណ្ណកុមារគឺជាអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិមួយនៅកម្ពុជាដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៣ ដោយអ្នកស្រី Elisabeth Rose Johson ប៉ុន្តែបន្ទាប់ពីអ្នកស្រីបានទទួលមរណភាពកាលកាលពីឆ្នាំ២០១៧។  ក្រោយពីអ្នកស្រី Elisabeth Rose Johsonទទួលមរណភាពមក លោក អារុណសុធា ដែលជាបុគ្គលិករបស់អង្គការនេះ ត្រូវបានគេតែងតាំងជានាយកប្រតិបត្តិ។ 

អង្គការសុវណ្ណកុមារ មានចក្ខុវិស័យ និងភារកិច្ចតួនាទីបេសកកម្ម ដើម្បីថែរក្សា ចិញ្ចឹមកុមារទុគ៌ត និងកុមារកំព្រា ហើយបច្ចុប្បន្នមានទីតាំងនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទីតាំងអង្គការនេះ ក៏ជាដីតំបន់ត្រូវប៉ាន់ខ្លាំង ព្រោះជាកន្លែងចំតំបន់វិនិយោគទីក្រុងរណបកោះនារាយណ៍ផងដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស