34 C
Phnom Penh

អ្នកវិភាគនយោបាយថា ការបរិច្ចាគថវិការបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ជាល្បិចប្រមូលលុយបន្ថែមទៀតដើម្បីដោះស្រាយវិបត្តិទ័លច្រករបស់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយសង្គម រិះគន់ថា ការបញ្ចេញពត៌មានកាត់ប្រាក់ខែផ្ទាល់ខ្លួនរបស់លោក ហ៊ុន សែន គ្រាន់តែជាឧបាយកលជំរិតលុយឈ្មួញ និងមន្ត្រីធំៗ ហើយក៏ ជាល្បែងបង្ខំឲ្យមន្ត្រីរាជការកាត់ប្រាក់ខែដោយស្របច្បាប់ដើម្បីដោះស្រាយភាពទ័លច្រកប៉ុណ្ណោះ។

អនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាអ្នកវិភាគនយោបាយសង្គម លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា លោក ហ៊ុន សែន បង្កើតល្បែងប្រមូលលុយនេះ គឺមានគោលដៅប្រមូលលុយចិញ្ចឹមអង្គរក្សការពារអំណាចផង និងស្ទង់ប្រតិកម្មមួយកម្រិតទៀត ពីភាពអត់ធ្មត់នៃមន្ត្រីរាជការរបស់ខ្លួនផង។

លោក អះអាងថា មន្ត្រីជាន់ខ្ពស់ខ្លះ ក្នុងតំណែងមានលុយកាក់ច្រើន ដូចជាវិស័យគយ ពន្ធដារ វិស័យពាណិជ្ជកម្ម និងពួកមេៗអាជ្ញាធរខេត្ត ដែលធ្លាប់ផ្តល់លុយឲ្យក្រុមលោក ហ៊ុន សែន ដើម្បីពន្យារតំណែង បន្តឱកាសពុករលួយ ក្នុងនោះ មានលោក គុណ ញឹម លោក គង់ វិបុល លោក គួច ចំរើន លោក ជា សុផារ៉ា និងលោក ចោម ប្រសិទ្ធ ជាដើម ។

លោក គឹម សុខ បញ្ជាក់ថា ឧកញ៉ា និងមន្ត្រីខ្លះ ផ្តល់សំណូកឲ្យក្រុមលោក ហ៊ុន សែន ដើម្បីមានឱកាសជំនួញថ្មី ជាពិសេសពាក់ព័ន្ធនឹងរឿងដីធ្លី ដូច្នេះហើយ ទើបចរន្តប្លន់ដីរាស្ត្រ និងកាត់យកដីរដ្ឋ កោះ             ភ្នំ ឆ្នេរសមុទ្រ តំបន់ព្រៃឈើ រីករាយដាលយ៉ាងខ្លាំងក្លា ហើយធ្វើដោយគ្មានក្រែងញញើតច្បាប់សោះឡើយ ដូចជា ទំនាស់ដីធ្លីនៅខេត្តរតនគីរី និងមណ្ឌលគីរី ជាដើម ដែលនៅពីក្រោយការរំលោភដីធ្លីនេះ សុទ្ធតែជាកូនក្មួយរបស់លោក ហ៊ុន សែន ទាំងអស់។

ការអះអាងនេះធ្វើបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាប្រកាសជាសាធារណៈលើទំព័រហ្វេសប៊ុករបស់លោក ថា លោកបានកាត់ប្រាក់បៀវត្សទាំងអស់ក្រោយការបង់ពន្ធលើបៀវត្សចំនួនជូនរដ្ឋ រយះពេល៧ខែ ដើម្បីផ្តល់ឧត្ថម្ភដល់ក្រសួងសុខាភិបាលក្នុងការចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ ១៩ ក្នុងឆ្នាំកន្លង។

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នេះ លោក ហ៊ុន សែន អះអាងថា បៀវត្សប្រចាំខែរបស់លោក ចំនួន ១០លានរៀលក្នុង១ខែ តែត្រូវបង់ពន្ធ ជាង ៩១ម៉ឺនរៀលក្នុង១ខែ ។ យ៉ាងនេះក្តី លោក នឹងប្រគល់ជូនក្រសួងសុខាភិបាលក្នុងទំហំទឹកប្រាក់ជាង ៩ លាន រៀលក្នុង ១ខែ ដែលសរុបទាំង ៧ខែ មានចំនួនជាង ៦៣លានរៀល។

លោក ហ៊ុន សែន បញ្ជាក់ថា ថវិកាដែលលោកបានបរិច្ចាគទាំងនោះ នឹងអនុវត្តចាប់ពីខែកុម្ភះ ដល់ ខែសីហា ឆ្នាំ២០២១ នេះ។ ជាងនេះទៀតលោក ហ៊ុន សែន បានថ្លែងអំណរគុណចំពោះស្ថាបន័ស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែក តាមរយះពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តក្នុងពេលកន្លងមក ជួយដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបង្ហាញឱយឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជន។

ទាក់ទិននឹងបញ្ហានេះ នៅថ្ងៃទី២៦ មករា នេះ មានរដ្ឋមន្ត្រីនៃក្រសួងមួយចំនួនបានប្រកាសបរិច្ចាគថវិការបស់ខ្លួនតាមរយៈនៃការកាត់បៀវត្សរបស់ខ្លួនជូនតាមការអំពាវនាវរបស់លោក ហ៊ុន សែន ហើយ ក្នុងនោះរួមាន មានដូច រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជា លោក អ៊ិត សំហេង។

 អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ព្រមទាំងរដ្ឋមន្ត្រីតាមស្ថាប័នក្រសួង និងអភិបាលតាមខេត្តនីមួយៗ ជាច្រើនផ្សេងទៀត ដែលពួកគេបានកាត់ប្រាក់បៀវត្តន៍របស់ខ្លួនមិនក្រោម៦ខែនោះទេ ក្នុងការចូលរួមសេចក្តីអំពាវនាវនេះ។

កាលពីខែតុលា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានប្រកាសរៃអង្គាសថវិការពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានដើម្បីប្រមូលប្រាក់ឧបត្ថម្ភជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ដែលទទួលបានទឹកប្រាក់ប្រមាណជាង ៦លានដុល្លារអាមេរិក ក្នុងនោះក៏មានមន្ត្រីតាមក្រសួង ស្ថាប័ននានា នាំគ្នាបរិច្ចាគថវិកាតាមរយៈការកាត់ប្រាក់បៀវត្តន៍របស់ពួកគេផងដែរ។

ជាងនេះទៀត កាលពីខែធ្នូ ឆ្នាំ០២០២ ដដែលនោះ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ក៏បានប្រកាសទទួលប្រាក់ឧបត្ថម្ភមួយដំណាក់កាលទៀត ដោយអះអាងថា រដ្ឋខ្វះខាតថវិកា ទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ក្នុងយុទ្ធនាការនោះក៏ទទួលបានប្រាក់ឧបត្ថម្ភសរុបប្រមាណជាង ៥០លាន ដុល្លារអាមេរិកឯណោះ។

កាលពីចុងខែធ្នូ ឆ្នាំ២០២០ អតីតនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល ធ្លាប់បានជុំរុញឲ្យរដ្ឋាភិបាលបង្កើតគណៈកម្មាធិការគ្រប់គ្រងថវិកាសប្បុរសជនដើម្បីប្រើប្រាស់ឲ្យមានតម្លាភាព និងគណនេយ្យភាពច្បាស់លាស់ ប៉ុន្តែត្រូវប្រមុខរដ្ឋាភិបាលកម្ពុជា ទាត់ចោលទាំងស្រុង៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស