35 C
Phnom Penh

មន្ត្រីជាន់ខ្ពស់គណបក្ស GDP ថា ការប្រកួតនយោបាយនៅកម្ពុជាកន្លងមកមិនបានប្រជែងលើគោលនយោបាយសម្រាប់កសាងប្រទេសនោះទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ថា GDP អះអាងថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា និងការប្រកួតប្រជែងនយោបាយ កំពុងស្ថិតក្នុងដំណាក់កាលនៃការប្រកួតប្រជែងលើភាពស្របច្បាប់យ៉ាងពុះកញ្ជ្រោល ប៉ុន្តែការប្រកួតប្រជែងលើគោលនយោបាយនៅជាប់គាំងមិនអាចអនុវត្តទៅបានទេ។

ការអះអាងនេះធ្វើឡើង ស្របគ្នាទៅនឹងស្ថានការណ៍នយោបាយ កម្ពុជា បច្ចុប្បន្នដែលរដ្ឋាភិបាលតែងប្រើយុទ្ធសាស្របណ្តឹងផ្លូវច្បាប់ដើម្បីទប់ទល់ និងកំទេចគូប្រជែងរបស់ខ្លួន ក្នុងការបិទសំលេងក្រុមប្រឆាំង។

អគ្គលេខាធិការគណបក្សមូលដ្ឋាន បណ្ឌិត សាម អីន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះថា កម្ពុជាកំពុងអនុវត្តលើការប្រកួតប្រជែងគ្នា ដោយប្រើ វិធីផ្តាច់ការ សម្លុត គំរាម ចាប់ដាក់គុក តាមធ្វើទុក្ខបុកម្នេញ ដូចអ្វីដែលក្រុមគេធ្លាប់ធ្វើពីមុនមក។ ចំណែក ប្រជាពលរដ្ឋដែលគាំទ្រនយោបាយបែបនេះ ពុំបានទទួលផលចំណេញចេញពីការប្រកួតប្រជែងបែបនេះទេ មានតែទទួលរងទុក្ខទោស ជាប់គុក និងរត់ចោលស្រុក ជាដើម។

លោក អះអាងថា ការដែលកម្ពុជាជ្រើសរើសយកនយោបាយបែបនេះ គឺដោយសារពលរដ្ឋខ្មែរ មានទម្លាប់មើល និងចូលចិត្តតាមដានការប្រកួតប្រជែងលើភាពស្របច្បាប់នេះ មិនតិចជាង ២៥ឆ្នាំមកហើយនោះទេ។ ដូច្នេះ ពួកគាត់ស៊ាំ នឹងសាច់រឿងដែលអ្នកនយោបាយទាំងនោះបានសំដែង ហេតុនេះហើយ ពួកគេក៏បន្តសំដែងរឿងបែបនេះទៀតទៅ។

មន្ត្រីគណបក្ស GDP រូបនេះ បញ្ជាក់ថា មានតែការប្រកួតប្រជែងគ្នាលើគោលនយោបាយដឹកនាំប្រទេស ដូចជា ពង្រឹងវិស័យសេដ្ឋកិច្ចជាតិ កែសម្រួលប្រព័ន្ធយុត្តិធម៌ឲ្យមានវិជ្ជាជីវៈខ្ពស់។ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់វិស័យអប់រំ ព្រមទាំងវិស័យសុខាភិបាល ជាដើម ដើម្បីឲ្យមានសេវាសាធារណៈល្អសមា្រប់បម្រើពលរដ្ឋតែប៉ុណ្ណោះ ទើបជាការប្រកួតប្រជែងដែលចំនេញដល់ជាតិ និងពលរដ្ឋ។

មន្ត្រីការពារសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សកម្ពុជា លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការលើកឡើងរបស់ មន្ត្រីគណបក្ស GDP គ្រាន់តែជាទស្សនៈមួយជ្រុងប៉ុណ្ណោះ ព្រោះអ្វីដែលពលរដ្ឋបានធ្វើក្នុងសង្គមប្រជាធិបតេយ្យគឺពួកគេបានបំពេញកាតព្វកិច្ចបានយ៉ាងល្អគឺការសំដែងឆន្ទៈតាមរយៈការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួនរួចហើយ។

លោក អះអាងថា នៅតែថ្នាក់កំពូលរបស់ជាតិប៉ុណ្ណោះដែលមិនទាន់បានរៀបចំប្រព័ន្ធរដ្ឋបាលរបស់ខ្លួនឲ្យស្របតាមដំណើរការប្រជាធិប តេយ្យ ដូចជា ស្ថានប័ន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ឲ្យឯករាជ្យ។ លើសពីនេះ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មាន ស្ថាប័នតុលាការជាដើម តែងមានភាពលម្អៀងទៅរកគណបក្សកាន់អំណាច ដែលមិនអាចរក្សាបាននៅលំនឹងប្រជាធិតេយ្យជូនពលរដ្ឋ។

លោក សឹង សែនករុណា បញ្ជាក់ថា បើទោះបីជាគណបក្សផ្សេងក្រៅពីគណបក្សសង្គ្រោះជាតិ មានគោលនយោបាយល្អ និងមានប្រជាពលរដ្ឋគាំទ្រ ភ្លូកទឹកភ្លូកដី ក៏ដោយ បើពឹងលើប្រព័ន្ធរដ្ឋាភិបាល បច្ចុប្បន្ន មិនអាចធានាយុត្តិធម៌ក្នុងដំណើរកាបោះឆ្នោតបានទេ ព្រមទាំងមិនអាចធានាសុវត្ថិភាពក្នុងការផ្ទេរអំណាចបានដែរ។

លោក អះអាងថា កន្លងមក គណបក្សដែលមានឥទ្ធិពលបានប្រើអំណាចដែលមានធ្វើទុក្ខបុកម្នេញទៅលើដៃគូប្រកួតប្រជែងរបស់ខ្លួនដែលមានប្រៀបជាង ដោយប្រើយុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ ដើម្បីបំបិទសំឡេងប្រឆាំង។

លោកបន្តថា កិច្ចការសំខាន់ដែលអ្នកដឹកនយោបាយត្រូវគិតគូរជាចាំបាច់នោះគឺ ការរៀបចំស្ថាប័នជាតិឲ្យឯករាជ្យ តុលាការឯករាជ្យ នោះទើបអាចធានាប្រព័ន្ធជាធិបតេយ្យបានល្អ និងប្រកួតប្រជែងគ្នាដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ទោះបីជាយ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន តែងប្រកាសជាសាធារណៈថា កម្ពុជាកំពុងដើរលើផ្លូវត្រូវ ដោយអនុវត្តច្បាប់ចំពោះក្រុមដែលធ្វើខុសច្បាប់តែប៉ុណ្ណោះ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២០ អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូ ណាស់ ស្មីត រិះគន់ថា ដំណើរការរបស់តុលាការកម្ពុជា ទំនងជាផ្នែកមួយនៃយុទ្ធសាស្ត្រនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីបំភិតបំភ័យ និងបំបាក់មុខគូរប្រជែងខាងនយោបាយរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។

ចំណែកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Patrick Murphy កាលពីខែតុលា ឆ្នាំ២០២០ ទាមទារឱ្យ រដ្ឋាភិបាលកម្ពុជាបើកចិត្តឱ្យទូលំទូលាយជាងនេះ សម្រាប់តួអង្គនយោបាយ សម្រាប់សមាជិកសង្គម     ស៊ីវិល និងសកម្មជនសិទ្ធិមនុស្ស បើទោះបីជាសំឡេងរបស់ពួកគេពេលខ្លះមានការរិះគន់លើរដ្ឋាភិបាលក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស