27 C
Phnom Penh

អតីតសកម្មជនគណបក្សសង្រ្គោះជាតិនៅខេត្តត្បូងឃ្មុំមួយរូបទៀត ត្រូវបានតុលាការឃុំខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូងខេត្តត្បូងឃ្មុំ បានសម្រេចឃុំខ្លួន សកម្មជនអតីតបក្សសង្រ្គោះជាតិមួយរូបដែលជាស្ត្រី ដោយចោទប្រកាន់គាត់ ពីបទផ្សំគំនិតញុះញង់បង្កឱ្យមានផលប៉ះពាល់ដល់សន្តិសុខសង្គម។

សារព័ត៌មានវីអូឌី បានស្រង់សម្តីរបស់អ្នកនាំពាក្យលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តត្បូងឃ្មុំ លោក ថេង ជាង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ ដោយបញ្ជាក់ថា ក្រោយការសាកសួរ ចៅក្រមស៊ើបសួរ លោកស្រី នូ ច័ន្ទសុគន្ធា បានសម្រេចចោទប្រកាន់ និងឃុំខ្លួនអតីតសកម្មជនបក្សប្រឆាំង អ្នកស្រី ខន ទន់ ដាក់ពន្ធនាគារបណ្តោះអាសន្ន នៅថ្ងៃពុធនេះតែម្តង។

អ្នកស្រី ខន ទន់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ដោយចោទប្រកាន់ពីបទ ផ្សំគំនិតអំពើញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ហើយត្រូវបានចៅក្រមសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនផងដែរ។ 

កាលពីថ្ងៃទី២៦ខែមករា  សកម្មជនបក្សសង្រ្គោះជាតិនៅក្រៅប្រទេសបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនស្ត្រីម្នាក់ឈ្មោះ ខន ទន់ ហើយបានស្នើឱ្យអង្គការជាតិ និងអន្តរជាតិជួយឃ្លាំមើលករណីនេះ ព្រោះជាការចាប់ដោយមិនទាន់ដឹងមូលហេតុច្បាស់។

ក្រោយការចាប់ខ្លួនអ្នកស្រី ខន ទន់ សមត្ថកិច្ចរាជធានីភ្នំពេញ បានបញ្ជូនខ្លួនអ្នកស្រី ភ្លាមៗទៅកាន់ខេត្តត្បូងឃ្មុំដើម្បីបន្តនីតិវិធី។

ក្នុងចំណោមសកម្មជនគណបក្សសង្រ្គោះជាតិ នៅទូទាំងប្រទេស សកម្មជននៅខេត្តត្បូងឃ្មុំ ត្រូវបានគេសង្កេតឃើញថា រងការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញខ្លាំងជាងបណ្តាខេត្តផ្សេងទៀត។

ជាក់ស្តែងចាប់តាំងពីចុងឆ្នាំ២០២០ មក យ៉ាងហោចណាស់មានសកម្មជនបក្សប្រឆាំងប្រមាណ១០នាក់ហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងខ្លះទៀតរត់ភៀសខ្លួនទៅក្រៅប្រទេស ដើម្បីគេចផុតពីការធ្វើទុក្ខបុកម្នេញទាំងនេះ។

ចាប់តាំងពីឆ្នាំ២០២០ មកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានចាប់ខ្លួន សកម្មជននយោបាយ សកម្មជនបរិស្ថាន យុវជន ព្រះសង្ឃ និង សកម្មជនសង្គមជាដើមជាបន្តបន្ទាប់ មានចំនួន ប្រមាណ៧០នាក់។ ពួកគេទាំងនោះ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរដល់សង្គម ជាបទចោទប្រកាន់ដែលគេមើលឃើញថា ពេញនិយមជាងគេ ក្នុងសម័យកាលតេជោសែន។

កាលពីខែកញ្ញា ឆ្នាំ២០២០ ក្រុមអង្គការសង្គមស៊ីវិលចំនួន ៣៦ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការ ប្រើប្រាស់បទចោទប្រកាន់ញុះញង់ ដើម្បីចាប់ឃុំខ្លួនយុវជនដែលតវ៉ាដោយសន្តិវិធីជាបន្តបន្ទាប់នោះ។

ក្រុមអង្គការសង្គមស៊ីវិល បានលើកឡើងថា ការប្រើបទញុះញង់ ដើម្បីចាប់ខ្លួនសកម្មជនបក្សប្រឆាំង យុវជន សកម្មជនសិទ្ធិមនុស្ស និងបរិស្ថានជាដើមនោះ គឺដើម្បីបំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។ ពួកគេបានអំពាវនាវទៅរដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យបញ្ឈប់ការគំរាមកំហែងអ្នកការពារសិទ្ធិមនុស្ស អតីតសកម្មជនបក្សប្រឆាំងយុវជន ដើម្បីធានាសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ ពលរដ្ឋខ្មែរ និងបញ្ឈប់ការប្រើបទចោទ ញុះញង់ នេះតទៅទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស