28 C
Phnom Penh

តើរដ្ឋាភិបាលដែលដឹកនាំដោយ លោក ហ៊ុន សែន ក្នុងអាណត្តិទី៦នេះ អនុវត្តច្បាប់ ឬជាន់លើច្បាប់?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីរាជការចូលនិវត្តន៍ ជាពិសេសមន្ត្រីរាជការកំពុងបំរើការងារ នៅក្នុងអង្គភាពអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចោទជាសំណួរថា តើហេតុអ្វីបានជា លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវគ្រប់អាយុត្រូវចូលនិវត្តន៍ទៅហើយ បែរអាចបន្តតំណែងជាអគ្គនាយកគយ និងរដ្ឋាករ ជាបន្តទៀតបានដោយរលូនបែបនេះ?

ប្រភពដដែលបញ្ជាក់ថា ចំពោះមន្ត្រីរាជការទូទៅ ដែលស្ថិតក្នុងក្របខ័ណ្ឌសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល គឺដល់អាយុ ៦០ឆ្នាំ ត្រូវតែចូលនិវត្តន៍ ហើយច្បាប់ត្រូវឱ្យសាមីខ្លួន ត្រូវបំពេញឯកសារប្រវត្តិរូបចន្លោះពី ៦ខែមុនដល់ថ្ងៃចូលនិវត្តន៍ ប៉ុន្តែចម្លែកអស្ចារ្យតែ លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គឺត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ រូបគាត់ដល់អាយុ ៦០ឆ្នាំគត់ ត្រូវគ្រប់អាយុចូលនិវត្តន៍ ប៉ុន្តែបែរជាមិនត្រូវបានថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ មិនដាក់ឱ្យចូលនិវត្តន៍ទៅវិញ។

ជាងនេះទៀត បុគ្គល គុណ ញឹម បែរជាត្រូវបានព្រះមហាក្សត្រ តម្លើងឋានៈជូនមួយកំរិតទៀត ពីលើដំណែងបច្ចុប្បន្ន ឲ្យក្លាយទៅជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីថែមទៀតផង។ តើលោក គុណ ញឹម មានថ្នាំសណ្តំអ្វី បានជាអាចរក្សាតំណែងបាន ទោះគ្រប់អាយុត្រូវចូលនិវត្តន៍ ហើយថែមទាំងត្រូវបាន ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ និងឡាយព្រះហ្ថសលេខា តម្លើងឋានៈជូនលោក កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ពោលគឺនៅមុនពីរថ្ងៃ ដែលលោក គុណ ញឹម ត្រូវគ្រប់អាយុចូលនិវត្តន៍។

មន្ត្រីភាគច្រើននៅក្នុងអង្គភាពអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានចម្ងល់ស្ទើពាសពេញកន្លែងធ្វើការ ព្រោះធ្លាប់តែសង្កេតឃើញថា កន្លងមកនេះ យ៉ាងហោចណាស់មានមន្ត្រី និងអគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពី ៤ ទៅ៥នាក់ ហើយ ត្រូវបានថ្នាក់លើដាក់ឲ្យចូលនិវត្តន៍ភ្លាមៗ ពេលពួកគេចូលដល់អាយុ៦០ឆ្នាំ មិនឲ្យលើសពីមួយខែផងនោះ។

ជាពិសេស លោក ប៉ែន ស៊ីម៉ន អតីតអគ្គនាយកគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលកាន់តំណែងនេះ មុនលោក គុណ ញឹម គឺដល់អាយុ ៦០ឆ្នាំភ្លាម លិខិតពីថ្នាក់លើ បានធ្លាក់មកឱ្យ លោក ប៉ែន ស៊ីម៉ន ឈប់ចូលនិវត្តន៍ភ្លាម។

ផ្តើមពីបញ្ហានេះ មន្ត្រីរាជការនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញចម្ងល់ថា តើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល អនុវត្តបានតែចំពោះមន្ត្រីរាជការទាំងឡាយណា ដែលមិនបក្ខពួកខ្សែស្រឡាយថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ឬយ៉ាងណា? ហើយចំពោះមន្ត្រីរាជការណា ដែលមានបក្ខពួក គឺពួកគេអាចធ្វើមិនដឹងមិនឮ ឬមិនខ្វល់ពីអាយុ ត្រូវចូលនិវត្តន៍ ឬក៏យ៉ាណា?

មន្ត្រីរាជការភាគច្រើនដែលកំពុងបំរើការងារក្នុងអង្គភាពអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាននាំគ្នានិយាយខ្សឹបតៗគ្នាថា តើនៅក្នុងអង្គភាពមួយនេះ មានតែ បុគ្គល គុណ ញឹម ម្នាក់ទេឬ ដែលមានសមត្ថភាពចេះធ្វើការងារគយ និងរដ្ឋាករនោះ..?

ប្រភពដ៏គួរឲ្យជឿទុកចិត្តបានឲ្យដឹងថា លោក គុណ ញឹម ជាកូនជឹង របស់ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញត្ថុ ព្រោះបុគ្គលទាំងពីររូបនេះ ត្រូវដងត្រូវផ្លែជាមួយគ្នា ហើយចែកផលប្រយោជន៍ដែលទទួលបានពីអង្គភាពនេះ ឱ្យគ្នាទៅវិញទៅមកយ៉ាងក្រាសក្រែល។ ដូច្នេះ លោក អូន ព័ន្ធមុនីរត្ន ត្រូវតែជួយការពារតំណែងឲ្យ លោក គុណ ញឹម ដោយជៀសមិនផុត ។

ក្រុមមន្ត្រីគយអះអាងថា ទំនងតំណែងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បើលោក អូន ព័ន្ធមុនីរត្ន ដាក់មនុស្សផ្សេងក្រៅពីលោក គុណ ញឹម អាចនាំឲ្យបែកការរឿងចែកផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ជាបន្តបន្ទាប់នាពេលកន្លងមក ហេតុដូច្នេះហើយ បានជា លោក អូន ព័ន្ធមុនីរត្ន ខំស្វះស្វែងជួយរត់ការទៅថ្នាក់ដឹកនាំ ដើម្បីអាចទុក លោក គុណ ញឹម អាចបន្តតំណែង របស់ខ្លួន ជាបន្តទៀត ទោះគ្រប់អាយុ ៦០ឆ្នាំ ត្រូវចូលនិវត្តន៍ ក៏អាចពន្យាអាយុចូលនិវត្តន៍បានដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស