38 C
Phnom Penh

លោកកឹម សុខា អះអាងថា អាមេរិកទទួលស្គាល់គុណតម្លៃការងារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ របស់លោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា អះអាងថា សហរដ្ឋអាមេរិក បានទទួលស្គាល់នូវគុណតម្លៃរបស់លោក ក្នុងការងារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ព្រមទាំងគោលជំហររបស់លោក ដែលប្រកាន់ភ្ជាប់នូវគោលការណ៍អហិង្សា ការអត់ធ្មត់ និងតែងតែស្វែងរកដំណោះស្រាយបញ្ហានានាដោយសន្តិវិធី ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

ក្នុងពេលជួបឯកអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy  នៅគេហដ្ឋានរបស់លោកនៅថ្ងៃនេះ លោកកឹម សុខា បានអះអាងនៅលើទំព័រហ្វេសប៊ុកថា ជំនួបនេះ លោក និងតំណាងប្រទេសមហាអំណាចលោកសេរី បានស្វែងយល់ និងពិភាក្សាគ្នាអំពីទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកកន្លងមក និងទៅអនាគត ជាពិសេសសម្រាប់រដ្ឋបាលថ្មីរបស់អាមេរិក ថាតើនឹងមានអ្វីថ្មីនោះ។

មេបក្សប្រឆាំងរូបនេះ ក្រៅពីអំអបអរសាទរនូវជ័យជម្នះរបស់លោក ចូ បៃឌិន លោកក៏បានថ្លែងអំណរគុណពលរដ្ឋ និងរដ្ឋាភិបាលអាមេរិក ដែលបានជួយដល់ពលរដ្ឋខ្មែរកន្លងមក បច្ចុប្បន្ន និងទៅថ្ងៃអនាគតលើវិស័យនានា ដូចជាអប់រំ សុខាភិបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម ពិសេសការផ្សារភ្ជាប់ទៅនឹងជីវភាពរស់នៅ និងសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរ។

លោក កឹម សុខា ក៏បានអរគុណសហរដ្ឋអាមេរិក តាមរយៈឯកអគ្គរដ្ឋទូតមុនៗ និងលោក Murphy ផ្ទាល់ ដែលបានទទួលស្គាល់នូវគុណតម្លៃរបស់លោក ក្នុងការងារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិប               តេយ្យ។ លើសពីនេះ ការទទួលស្គាល់នូវគុណតម្លៃ ចំពោះគោលជំហររបស់លោក ដែលប្រកាន់ភ្ជាប់នូវគោលការណ៍អហិង្សា ការអត់ធ្មត់ និងតែងស្វែងរកដំណោះស្រាយលើបញ្ហានានា ដោយសន្តិវិធី ដើម្បីបម្រើផលប្រយោជន៍របស់ពលរដ្ឋ។

ជាក់ស្តែងក្នុងពេលថ្មីៗនេះ ទោះបីជាលោកមិនមានសិទ្ធិសេរីភាពពេញលេញក៏ដោយ ក៏លោកនៅតែខ្វាយខ្វល់ទៅជួប និងជួយដល់ពលរដ្ឋខ្មែរ ដែលរងគ្រោះតាមលទ្ធភាព និងឱកាសដែលអាចធ្វើបាន ដូចដែលសាធារណៈជន និងអ្នកការទូតនានាបានឃើញស្រាប់។

លោក កឹម សុខា ត្រូវបានអាជ្ញាធរលោកហ៊ុន សែន ចាប់និងឃុំខ្លួន កាលពីខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់បទសន្ទិដ្ឋិភាពឬត្រូវរ៉ូវជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាល។

រហូតដល់ចុងឆ្នាំ២០១៩ក្រោយពេលជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង និងឃុំខ្លួនក្នុងផ្ទះរួចមក ទើបតុលាការបានផ្លាស់ប្តូរលក្ខខណ្ឌនៃការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ដោយផ្តល់សេរីភាពឱ្យលោកបានច្រើនជាងមុន ប៉ុន្តែសិទ្ធិធ្វើនយោបាយ និងចេញទៅក្រៅប្រទេសតុលាការបានហាមឃាត់ទាំងស្រុង។

មកដល់ពេលបច្ចុប្បន្នដំណើរការនីតិវិធីក្នុងសំណុំរឿងប្រធានគណបក្សសង្រ្គោះជាតិនេះ បានប្រើពេលប្រមាណ៣ឆ្នាំមកហើយ ដោយលោកហ៊ុន សែន ធ្លាប់បញ្ជាក់មុនតុលាការកាលពីឆ្នាំមុនថា សំណុំរឿងនេះនឹងបញ្ចប់រហូតដល់ឆ្នាំ២០២៤ ក្រោយការបោះឆ្នោតឃុំសង្កាត់ និងបោះឆ្នោតជាតិរួចរាល់។

ដំណើការសវនាការក្នុងសំណុំរឿងលោកកឹម សុខា ត្រូវបានតុលាការផ្អាកតាំងពីខែមីនា ឆ្នាំ២០២០ ក្រោមហេតុផលការពារជំងឺកូវីដ១៩  ស្របពេលដែលក្រុមមេធាវីរបស់ លោក កឹម សុខា បានស្នើសុំទៅតុលាការ និងក្រសួងយុត្តិធម៌ ម្តងហើយម្តងទៀត ឱ្យបន្តសវនាការសំណុំរឿងនេះឡើងវិញ ប៉ុន្តែមិនមានឆ្លើយតបជាវិជ្ជមាននោះឡើយ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ បានលើកឡើងថា សំណុំរឿង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ពេលនេះកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ហើយការសម្រេចបែបណា គឺជាឆន្ទានុសិទ្ធិរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យ។

លោកជិន ម៉ាលីន បញ្ជាក់ថា សវនាការលើករណីលោក កឹម សុខា នាពេលកន្លងមក ត្រូវបានធ្វើឡើងជាសាធារណៈ និងប្រកបដោយតម្លាភាព ដោយអនុញ្ញាតឱ្យសង្គមស៊ីវិល តំណាងអង្គទូត ក៏ដូចជាសាធារណជនផ្សេងទៀត បានចូលរួមស្តាប់។

បន្ថែមពីនេះ ករណីលោក កឹម សុខា គឺមិនមានការឃុំខ្លួននោះទេ ហេតុដូចនេះ ការបើកសវនាការលើសំណុំរឿងនេះ គឺមិនមែនជាអាទិភាពនោះឡើយ។

លោកជិន ម៉ាលីនថា អាទិភាពពិតប្រាកដ គឺការបើកសវនាការចំពោះសំណុំរឿងដែលមានអ្នកជាប់ឃុំ ដើម្បីជៀងវាងកុំឱ្យមានការឃុំខ្លួនហួសកាលកំណត់របស់ច្បាប់ ជាពិសេសស្របពេលដែលតុលាការកំពុងអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ ក្នុងគោលដៅឈានទៅរកការដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ។ ហេតុដូចនេះ ប្រសិនបើលោក កឹម សុខា ស្ថិតក្នុងការឃុំឃាំង នោះសវនាការសំណុំរឿងនេះក៏នឹងត្រូវយកមកចាត់ការជាអាទិភាពផងដែរ។

ទោះបីជាយ៉ាងនេះក្តី អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការលើកឡើងពីនីតិវិធីច្បាប់របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ មានចំណុចជាច្រើនត្រឹមត្រូវ។ ប៉ុន្តែលោកថា សំណុំរឿងនយោបាយនេះ គឺគេដឹងស្រាប់ហើយថាជារឿងនយោបាយ។ ដូច្នេះពិបាកណាស់ក្នុងការជំរុញឱ្យមានការអនុវត្តនីតិវិធីច្បាប់មួយ ដែលត្រឹមត្រូវអាចកើតមានឡើង។

លោកបន្តថា សំណុំរឿងនយោបាយ  គឺខុសពីរឿងធម្មតា ដែលនាំឱ្យមានភាពស្មុគ្រស្មាញ និងលំបាកក្នុងការសម្រេចចិត្តដោយឯករាជ្យ និងអធ្យាក្រឹត្យពីសំណាក់តុលាការ។

បញ្ហានេះ ដែលខាងសង្គមស៊ីវិលជាតិ និងអន្តរជាតិ ធ្លាប់ជំរុញឱ្យដោះស្រាយបញ្ហានយោបាយ ដោយអ្នកនយោបាយ និងអ្នកនយោបាយ ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀត ទើបអាចដោះស្រាយវិបត្តិនយោបាយបាន។ លោកមើលឃើញថា បញ្ហានយោបាយ ប្រសិនបើដោះស្រាយតាមផ្លូវតុលាការនឹងមិនអាចរកផ្លូវបញ្ចប់បាននោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស