26 C
Phnom Penh

មន្ត្រីសង្គមស៊ីវិលថា ប្រជាពលរដ្ឋដែលធ្វើចំណាកស្រុកក្នុងអំឡុងវិបត្តិកូវីដ១៩ គឺបណ្តាលមកពីកត្តាជីវភាពខ្វះខាតធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ អះអាងថា ពលរដ្ឋខ្មែរដែលប្រថុយក្នុងការធ្វើចំណាកស្រុកដើម្បីរកការងារ មិនមែនពួកគេមិនខ្លាចជំងឺកូវី១៩នោះទេ ប៉ុន្តែដោយសារភាពទ័លច្រក ក្នុងការផ្គត់ផ្គង់ជីវភាពទើបពួកគាត់សម្រេចចិត្តធ្វើបែបនេះ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ខែមករាថា កត្តាដែលជម្រុញឲ្យពលរដ្ឋខ្មែរបង្ខំចិត្តឆ្លងដែនទៅប្រទេសជិតខាងដោយប្រថុយប្រថានឬដោយខុសច្បាប់ ព្រោះតែពួកគេ មិនអាចរកប្រាក់ចំណូលបានគ្រប់គ្រាន់នៅក្នុងប្រទេសរបស់ខ្លួន ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស ត្រូវសងបំណុលធនាគារជាដើម ដែលជាឧបសគ្គដ៏ចម្បងសម្រាប់ពួកគេ។

លោក បញ្ជាក់ថា ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុករបស់ពលរដ្ឋកម្ពុជា ក្នុងស្ថានភាពដែលកំពុងរីករាលដាលនៃជំងឺកូវីដ១៩នេះ រដ្ឋាភិបាលគួរតែបង្កើតការងារឲ្យបានទាន់ពេលវេលាដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការពលរដ្ឋរបសខ្លួន។ បើមិនដូច្នេះទេ ការចំណាកធ្វើស្រុកមិនត្រឹមតែមិនអាចទប់បាននោះទេ តែបែរជារឹតតែកើនឡើងទៅវិញ។

មន្ត្រីសង្គមស៊ីវិលរូបនេះ បញ្ជាក់ថា គោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់ជនក្រីក្រកន្លងមករបស់រដ្ឋាភិបាលមិនអាចជួយឲ្យជីវភាពរបស់ពួកគេបានប្រសើរនោះទេ។ មិនអាចជួយឱ្យជីវភាពប្រសើរ ត្បិតទំហំទឹកប្រាក់ដែលបានចែកជូនពលរដ្ឋនោះគឺស្តួចស្តើងណាស់ កុំថាឡើយដល់ទៅសងបំណុលធនាគារ សូម្បីដោះស្រាយជីវភាពប្រចាំថ្ងៃក៏មិនគ្រប់ផង។

ការអះអាងនេះធ្វើឡើងស្របពេលពលករខ្មែរជាច្រើនរូបត្រូវអាជ្ញាធរប្រទេសជិតខាងមានប្រទេសម៉ាឡេស៊ី ប្រទេសថៃជាដើម បានចាប់បញ្ជូនពលករខ្មែរមកកម្ពុជាវិញ ក្នុងពេលពលករទាំងនោះព្យាយាមធ្វើចំណាកស្រុកចូលទៅប្រទេសរបស់គេដោយខុសច្បាប់ ដើម្បីរកការងារធ្វើ បើទោះបីជាស្ថិតក្នុងការរីករាលដាលនៃជំងឺកូវីដ១៩យ៉ាងណាក្តី។

នៅចុងខែមករា ឆ្នាំ២០២១ មានពលករកម្ពុជាជាង ៤០នាក់ហើយដែលត្រូវបានអាជ្ញាធរម៉ាឡេស៊ីឃាត់ខ្លួន ដោយសារឆ្លងដែនខុសច្បាប់។  ពួកគេទាំងនោះ ត្រូវអាជ្ញាធរម៉ាឡេស៊ី ធ្វើការត្រួតពិនិត្យនិងធ្វើតេស្តរកជំងឺកូវីដ-១៩ ហើយក៏បានបញ្ជូនអ្នកទាំងនោះត្រឡប់ទៅកម្ពុជាវិញ បន្ទាប់ពីមានការសម្របសម្រួលពីមន្ត្រីទូតកម្ពុជាប្រចាំនៅទេសម៉ាឡេស៊ី។

ទាក់ទិននឹងបញ្ហានេះ កាលពីដើមខែធ្នូ ឆ្នាំ២០២០ សហជីព សមាគម និងអង្គការសង្គមស៊ីវិល បានដាក់សំណើររួមគ្នាមួយ ដោយសុំកិច្ចអន្តរាគមជាបន្ទាន់ ពីសំណាក់រដ្ឋាភិបាលកម្ពុជា ស្តីអំពីតម្រូវការអាទិភាពរបស់ស្រី្តកម្មករនិយោជិត និងកសិករ ក្នុងកំឡុងវិបត្តិកូវីដ១៩ ដើម្បីបញ្ជៀសពីការខ្វះខាតជីវភាព ដែលបណ្តាលឲ្យពួកគេធ្វើចំណាកស្រុក ប៉ន្តែសំណើរទាំងនោះមិនត្រូវបានអនុវត្តនោះទេ។

កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ទាហានថៃ បានឃាត់ខ្លួនពលករខ្មែរខុសច្បាប់ចំនួន ៣៧នាក់ ដែលបានឆ្លងដែនខុសច្បាប់ចូលក្នុងប្រទេសថៃ តាមច្រករបៀងព្រំដែន កម្ពុជា-ថៃ ស្ថិតក្នុង ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើ។

ពាក់ព័ន្ធបញ្ហាពលករខ្មែរនៅថៃនេះដែរ កាលពីថ្ងៃទី១២ខែមករាឆ្នាំ២០២១ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សអ្នកស្រី ជូ ប៊ុនអេង សម្តែងការព្រួយបារម្ភចំពោះការជួញដូរមនុស្សលើពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃជាងមួយលាននាក់ ទាំងស្របច្បាប់ និងមិនស្របច្បាប់។ ការព្រួយបារម្ភនោះ ដោយអ្នកស្រីថា ពលករខ្មែរអាចបន្តប្រឈម នឹងការចាញ់បោកមេខ្យល់មួយចំនួនតូច បោកពួកគេតាមរូបភាពផ្សេងៗ ក្នុងអំឡុងដែលពួកគាត់មិនអាចដើរចល័តរកការងារ ធ្វើបាននៅប្រទេសថៃ។ គិតត្រឹមថ្ងៃទី១២ ខែមករា ពលករខ្មែរចាកចេញពីថៃចូលមកកម្ពុជាវិញ មានចំនួនជាង១៣ម៉ឺននាក់។

នៅដើមឆ្នាំ២០២០ ទិន្នន័យសង្គមស៊ីវិលបានបង្ហាញថា មានពលករចំណាកស្រុកចំនួន ២លាននាក់ ដែលកំពុងស្នាក់នៅប្រទេសថៃ ដែលជាប្រទេសមួយដែលមានពលករកម្ពុជាច្រើនជាងគេបំផុត ខណៈប្រទេសម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខ២ដែលទទួលពលករកម្ពុជារហូតដល់ជាង ១១ម៉ឺននាក់៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស