29 C
Phnom Penh

អ្នកវិភាគថា លោក ហ៊ុន សែន បានចាត់ទុកកម្ពុជាជាទឹកដីរបស់គ្រួសារគាត់ មិនមែនជារបស់ពលរដ្ឋខ្មែរនោះទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយអះអាងថា លោក ហ៊ុន សែន ចាត់ទុកកម្ពុជាទាំងមូលជាកម្មសិទ្ធិរបស់គ្រួសារគាត់ និងចាត់ទុកពលរដ្ឋខ្មែរ ជាឧបករណ៍ ដែលគាត់គ្រាន់តែយកឈ្មោះប្រើ ដើម្បីរកប្រយោជន៍នយោបាយ ពីសហគមន៍អន្តរជាតិប៉ុណ្ណោះ។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia daily នៅថ្ងៃនេះថា ពលរដ្ឋកម្ពុជាស្ទើរតែទាំងអស់ កំពុងក្លាយជាទាសរក្រពះ និងកូនបំណុលធនាគារ ខណៈគ្រួសារត្រកូលហ៊ុន កំពុងដេកលើគំនរទ្រព្យជាតិ និងអំណាចរបស់ពួកគេយ៉ាងស្តុកស្តម្ភ។

លោក អះអាងថា លោក ហ៊ុន សែន ជាមនុស្សដែលលាក់ការសំងាត់យ៉ាងស៊ីជម្រៅ ក្នុងនយោបាយបម្រើប្រយោជន៍បរទេសឈ្លានពានគ្រប់កាលៈទេសៈ ហើយក៏ជាអ្នកបង្កើតប្រព័ន្ធភេរវកម្មរដ្ឋ ក្នុងការកម្ចាត់ខ្មែរជាប្រព័ន្ធ ដើម្បីការពារអំណាច និងប្រយោជន៍គ្រួសារត្រកូលហ៊ុនផងដែរ។

លើសពីនេះនាយករដ្ឋមន្ត្រីកម្ពុជារូបនេះ ក៏ជាស្ថាបនិកដ៏សំខាន់ ក្នុងការពង្រឹង បណ្ដាញប្រព័ន្ធពុករលួយទូទាំងប្រទេស ដោយដាក់សេដ្ឋកិច្ចជាតិក្រោមការចាត់ចែងរបស់ សាច់ញាតិ និងបក្ខពួកខ្លួន ដើម្បីជាបង្អែកជ្រោមជ្រែងអំណាចគ្រួសារត្រកូលហ៊ុនទៅអនាគត។

ការអះអាងនេះធ្វើឡើងបន្ទាប់ពី សារព័ត៌មានរបស់ប្រទេសកូរ៉េខាងត្បូងបានលាតត្រដាងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ដោយបង្ហាញពីប្រព័ន្ធខ្សែស្រឡាយរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាតាមស្ថាប័នជាតិនានា ដែលបានកិបកេងថវិកាជាតិតាមរយៈនៃការក្តោបក្តាប់មុខជំនួញធំៗទាំងអស់នៅកម្ពុជា។

សារព័ត៌មានរបស់សាធារណៈរដ្ឋកូរ៉េ ohmynews បានចុះផ្សាយថា មិនមែនជារឿងងាយស្រួលទេក្នុងការប្រយុទ្ធប្រឆាំងនឹងហ៊ុន សែន ព្រោះថា មេដឹកនាំកាន់អំណាចដុះស្នឹមរូបនេះ បានព្យាយាមពង្រាយ កូនៗ និងសាច់ញាតិ ព្រមទាំងបក្ខពួក របស់ខ្លួនឲ្យត្រួតត្រាមិនត្រឹមតែប្រព័ន្ធនយោបាយប៉ុណ្ណោះទេ ថែមទាំង គ្រប់គ្រងផ្នែកយោធា សេដ្ឋកិច្ច អង្គការសប្បុរសធម៌ និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាទាំងមូលថែមទៀតផង។

 ប្រភពដដែល អះអាងថា ដើម្បីរក្សាអំណាចយូរអង្វែងរបស់ខ្លួនលោក ហ៊ុន សែន បានរៀបប្រព័ន្ធគ្រប់គ្រងអំណាចតាមបែបផ្តាច់ការគ្រួសារនិយម។ ការក្តោបក្តាប់អំណាចខ្លួនបាន តាមរយៈការផ្តល់តួនាទីធំៗ និងមានឥទ្ធិពលដល់ បង ប្អូន កូន ក្មួយ និងភ្ជាប់គ្នាជាដន្លងជាមួយមន្ត្រីគ្រាក់ៗដទៃទៀតក្នុងចេតនាគ្រប់គ្រងកម្ពុជា ធ្វើជាប្រទេសផ្តាច់មុខរបស់ខ្លួន និងបក្ខពួក របស់ពួកគេ។

យ៉ាងណាកូនប្រុសពៅរបស់លោក ហ៊ុន សែន គឺ លោកហ៊ុន ម៉ានី កាលពីថ្ងៃទី២៥ខែមករា បានអះអាងលើទំព័រហ្វេសប៊ុករបស់ខ្លួនថាគណបក្សប្រជាជនដែលឪពុករបស់លោកជាប្រធាននោះ គឺ កើតចេញពីប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន។

លោកបញ្ជាក់ថា ការជាប់ឆ្នោតជាបន្តបន្ទាប់ របស់គណបក្សប្រជាជនកម្ពុជា ពីមួយអាណត្តិ ទៅមួយអាណត្តិ មិនមែនជារឿងចៃដន្យឡើយ។ ប៉ុន្តែជាការសរបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីការប្រគល់នូវការជឿទុកចិត្ត និងការគាំទ្រមិនងាករេរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈមកលើគណបក្សរបស់ឪពុកលោក។

លោកហ៊ុន ម៉ានី បន្តថា ការជឿជាក់ និងការបន្តគាំទ្រនេះ ស្តែងចេញពីអ្វីដែលពួកគាត់ទាំងអស់បាន និងកំពុងទទួល ដែលក្នុងនោះគឺការរស់នៅក្នុងសន្តិភាព និងការអភិវឌ្ឍ ជាមួយនិងក្តីសង្ឃឹមរបស់ពួកគាត់ទៅថ្ងៃអនាគត ជាមួយគណបក្សប្រជាជនកម្ពុជា។

បន្ថែមពីនេះ កាលពីថ្ងៃទី២០ខែមករា លោក ហ៊ុន ម៉ានី បានលើកឡើងដែរថា ហានិភ័យដ៏ធំមួយសម្រាប់អនាគតកម្ពុជាគឺការធ្វើនយោបាយដោយមិនទទួលខុសត្រូវ មិនខ្លាច ឬបារម្ភពីផលប៉ះពាល់ និងការខាតបង់ផលប្រយោជប្រទេសជាតិ។ នយោបាយបែបនេះ លោកថាជានយោបាយអត្មានិយម និងជាន់ពន្លិច។

អ្នកឃ្លាំមើលសង្គមថា ឪពុកលោកហ៊ុន ម៉ានី គឺលោក ហ៊ុន សែន នោះឯងកំពុងអនុវត្តនយោបាយបែបអាត្មានិយម និងជាន់ពន្លិចជាតិឯងនេះ ដើម្បីតែអំណាច ត្រកូល និងបក្ខពួករបស់ខ្លួន លោកនាយករដ្ឋមន្ត្រីមិនមានការទទួលខុសត្រូវ មិនខា្លច និងមិនបារម្ភចំពោះការប៉ះពាល់ដល់ប្រយោជន៍ជាតិនោះឡើយ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ធ្លាប់បានបញ្ចេញរបាយការណ៍របស់ខ្លួន កាលពីខែមិថុនា ឆ្នាំ២០១៨ ថា ក្រោយកាន់កាប់តំណែងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានរៀបចំពង្រឹងអំណាចតាមរយៈកងកម្លាំងប្រដាប់អាវុធដែលជាសេនាធិការរបស់ខ្លួន។ ក្នុងនោះលោកបានតែងតាំងតួនាទី និងផ្តល់សិទ្ធិអំណាចដល់បុគ្គលដែលស្មោះស្ម័គ្រនឹងខ្លួន ហើយដែលអ្នកទាំងនោះបានដើរតួនាទីជាឆ្អឹងខ្នង ដ៏រឹងមាំក្នុងការកាន់កាប់អំណាចយូរអង្វែងរបស់លោក។

អង្គការដដែលនេះឲ្យដឹងទៀតថា មេទ័ពសំខាន់ៗដែលជា ជំហរជួយរក្សាអំណាចឲ្យលោក ហ៊ុន សែន រួមមាន លោក ប៉ុល សារឿន លោក ជួន សុវណ្ណ លោក សៅ សុខា និងលោកនេត សាវឿន  ជាដើម ព្រមទាំងមេបញ្ជាការ ៩ រូបផ្សេងទៀដែលអ្នកទាំងនេះ សុទ្ធសឹងជាអគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង និង ជាអគ្គស្នងការ អគ្គស្នងការរង នៃកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាទាំងមូល។

កាលពីខែកក្កដា ឆ្នាំ២០១៨ ព្រះមហាក្សត្របានត្រាស់បង្គាស់តែងតាំងលោក ហ៊ុន ម៉ាណែត ជា អគ្គមេបញ្ជាការរងនៃ កងយុទ្ធពលខេមភូមិន្ទ តាមសំណើររបស់លោក ហ៊ុន សែន នៅខែកញ្ញា ឆ្នាំ ២០២៨ ដដែលនោះ លោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជា អគ្គមេបញ្ជាការកងទ័ពជើងគោកផងដែរ។

ជាងនេះទៀតលោក ហ៊ុន សែន បានខ្នះខ្នែងជម្រុញលោកកូនប្រុសរបស់លោក ឲ្យចូលក្នុងគណអចិន្ត្រៃយ៍ អនុប្រធានចលនាមហាជន នៃគណកម្មាធិការកណ្តាល ជាដើម ព្រមទាំងមុខងារសំខាន់ៗក្នុងបក្សផ្សេងទៀត ក្នុងបំណងដើម្បីលើកស្ទួយអំណាចគ្រួសារនិយម និងបន្តការពារទៅវង្សត្រកូលរបស់ខ្លួន៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស