មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា ក្រពះអ្នកស្រែ អស់ត្រឹមតែរូងក្តាមប៉ុណ្ណោះ តែក្រពះឧកញ៉ា អាចអស់បឹង អស់ភ្នំ អស់ព្រៃឈើ ហើយបើក្រពះមេដឹកនាំប្រទេស អាចនឹងអស់ប្រទេសទាំងមូលតែម្តង។
ការអះអាងនេះធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូល ស្ដីពីសារៈសំខាន់នៃការស្រាវជ្រាវ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅអាគាររាជបណ្ឌិតសភាកម្ពុជា ក្នុងរាជធានីភ្នំពេញ។
ប្រធានរាជបណ្ឌិត្យសភារកម្ពុជា បណ្ឌិត សុខ ទូច បានលើកឡើង នូវពាក្យដែលគេតែងប្រើយ៉ាងពេញនិយមក្នុងបណ្តាញសង្គមហ្វេសប៊ុកដែលថា តើនាំគ្នាខំប្រឹងយកទៅណា បើម្នាក់ៗ ត្រូវការត្រឹមតែមួយក្រពះសោះហ្នឹង។
លោក ប្រតិកម្មថា មនុស្សពិតជាត្រូវការមួយក្រពះមែនហើយ ប៉ុន្តែ ថាតើជាក្រពះរបស់អ្នកណា? ក្រពះនាយករដ្ឋមន្រ្តី? ក្រពះប្រធានាធិបតី? ក្រពះអ្នកស្រែ? ឬក៏ក្រពះឧកញ៉ា?
លោក បញ្ជាក់ថា ប្រសិនបើ ជាក្រពះអ្នកស្រែ អស់ត្រឹមតែរូងក្តាមប៉ុណ្ណោះ ប៉ុន្តែបើជាក្រពះឧកញ៉ាវិញ មិនមែនអស់រូងក្តាមទេ គឺអាចអស់បឹងបួរ អស់ភ្នំ ឬក៏អស់រហូតដល់ព្រៃឈើឯណោះ ជាងនេះទៀត បើក្រពះប្រធានាធិបតីទៀតនោះ អាចនឹងអស់ប្រទេសទាំងមូលថែមទៀតផង។
យ៉ាងណាក៏ដោយ ប្រធានគណកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ថា GDP បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា រដ្ឋាភិបាលមានកាតព្វកិច្ចសំខាន់បំផុតក្នុងការរៀបចំឲ្យពលរដ្ឋទទួលបានដីគ្រប់គ្រាន់ ដើម្បីប្រកបរបរកសិកម្ម និងទទួលបានសិទ្ធិប្រើប្រាស់ព្រៃឈើ និងបឹងធម្មជាតិនានា ត្រឹមត្រូវតាមច្បាប់។
លោក អះអាងថា ដើម្បីថែរក្សាបឹងបួរ ឬព្រៃឈើកម្ពុជា រដ្ឋាភិបាលត្រូវតែសិក្សាស្រាវជ្រាវ ឡើងវិញទាំងអស់ដើម្បីឲ្យប្រាកដថា តំបន់ណាជារបស់ប្រជាជន តំបន់ណាជារបស់ក្រុមហ៊ុន និងរបស់រដ្ឋ លើសពីនេះរដ្ឋាភិបាល ត្រូវដកហូតដីសម្បទានពីក្រុមហ៊ុននានា ដែលអសកម្មក្នុងការអភិវឌ្ឍន៍ ដើម្បីថែរក្សា និងដាំកូនឈើឡើងវិញ។
បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា រដ្ឋត្រូវមានច្បាប់កំណត់ជាក់លាក់លើមន្ត្រីរាជការ ស្តីពីសិទ្ធិកាប់កាន់ដីធ្លីក្នុងទំហំកំណត់សមរម្យណាមួយ ជៀសវាងមន្ត្រីខិលខូច នាំគ្នាពុករលួយរំលោភយកដីរដ្ឋ ឬដីប្រជាពលរដ្ឋ ដោយសំអាងថាខ្លួនមានអំណាច ជាពិសេសមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ដូចជាមន្ត្រីយោធាកំលាំងប្រដាប់អាវុធ ជាដើម។
របាយការណ៍របស់សមាគមធាងត្នោតកាលពីខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថាក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោកហ៊ុន សែន ចាប់តាំងពីទសវត្ស៩០មក បឹង និងតំបន់ដីសើមធម្មជាតិចំនួន ២៦កន្លែង ត្រូវបានលុបទាំងស្រុង និងលុបដោយផ្នែក។ ក្នុងនោះ បឹងនិងតំបន់ដីសើមចំនួន១០កន្លែង ត្រូវបានលុបទាំងស្រុង និងបានបាត់ស្រមោលចេញពីផែនទីតែម្តង ហើយយ៉ាងហោចណាស់មានបឹង និងតំបន់ដីសើមចំនួន១៦ទៀត កំពុងប្រឈមការវិនាសនាពេលខាងមុខ ក្រោមស្លាកនៃការអភិវឌ្ឍន៍សម័យតេជោ។
ដោយឡែកក្នុងសម័យតេជោសែន ដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលបានផ្តល់ជូនទៅក្រុមហ៊ុនឯកជនទាំងក្នុងស្រុក និងបរទេស មិនក្រោម២លានហិកតាឡើយ ដែលជាការសម្បទានក្នុងរយៈពេល៩៩ឆ្នាំ។
ការផ្តល់ដីសម្បទានឱ្យទៅក្រុមហ៊ុនឯកជនទាំងនោះ សង្គមស៊ីវិលធ្លាប់លើកឡើងថាជាផ្នែកមួយយ៉ាងសំខាន់ នាំឱ្យវិនាសធនធានធម្មជាតិ ពិសេសព្រៃឈើនៅកម្ពុជា៕