29 C
Phnom Penh

អ្នកវិភាគនយោបាយថា មនុស្សស្អាតស្អំប្រកាន់យកវប្បធម៌បោកប្រាស់ពលរដ្ឋខ្លួនឯង ដើម្បីបានការសរសើរពីមនុស្សគ្មានវិចារណញ្ញាណនោះទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយសង្គម អះអាងថា លោកសុខចិត្តប្រឈមនឹងការប្រឌិដ្ឋរឿងលាបពណ៌ ជេរប្រមាថពីក្រុមមនុស្សអគតិ ប៉ុន្តែលោកមិនអាចកុហក បោកប្រាសពលរដ្ឋខ្មែរ ដើម្បីបានការកោតសរសើរស្ងប់ស្ងែងពីក្រុមជន ខ្វះវិចារណញ្ញាណនោះទេ។

អនុប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាអ្នកវិភាគនយោបាយសង្គម លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា លោកនឹងឈរលើគោលការណ៍វិភាគ            ឯករាជ្យ ដោយថ្លៃថ្នូរ ដើម្បីបុព្វហេតុជាតិ និងដើម្បីប្រយោជន៍ពលរដ្ឋខ្មែរ ហើយលោកនឹងមិនផ្លាស់ប្តូរជំហរជាដាច់ខាត បើទោះបីជាពុំមានបណ្ដាញផ្សព្វផ្សាយណា ផ្ដល់ឱកាសឲ្យលោកបញ្ចេញទស្សនៈក៏ដោយ ។

លោក អះអាងថា បើគ្មានទីតាំងបង្ហាញផ្លូវត្រូវ នៃការជួយជាតិទេ លោកសុខចិត្តនៅស្ងៀម ដាច់ខាតមិនបម្រើបុគ្គលបោកប្រាសរាស្ត្រនិងជាតិ ដើម្បីទទួលផលប្រយោជន៍ផ្ទាល់ខ្លួនណាមួយនោះឡើយ ។

ជាងនេះទៀត លោកថា បើមនុស្សម្នាក់ប្រព្រឹត្តខុស គឺខូចប្រយោជន៍តែម្នាក់ឯងប៉ុណ្ណោះ ប៉ុន្តែបើមនុស្សមា្នក់នាំគេខុសទាំងហ្វូងដោយយកជាតិមកដាក់ពីមុខ នោះពិតជានាំក្តីវិនាសយ៉ាងធំធេងដល់ពលរដ្ឋនៃប្រទេសនោះយ៉ាងធ្ងន់ធ្ងរ។

ការអះអាងនេះធ្វើឡើង បន្ទាប់ពីក្រុមមន្ត្រីបក្សប្រឆាំងភាគីលោក សម រង្ស៊ី នាំគ្នារិះគន់ និងចោទប្រកាន់ ក្រុមបញ្ញវន្តខ្មែរមួយក្រុម ដែលមិនគាំទ្រ យុទ្ធសាស្ត្រនយោបាយរបស់មេដឹកនាំពួកគេ គឺលោក សម រង្ស៊ី និងអ្នកស្រី មួរ សុខហួរ ក្រោយការបរាជ័យក្នុងការធ្វើមាតុភូមិនិវត្តន៍ចំនួនពីរលើកមកហើយនោះ។

លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily បន្ថែមទៀត នៅថ្ងៃនេះថា បើចង់ក្លាយជាបុគ្គលរឹងមាំ ដែលអាចជួយសង្គ្រោះប្រទេសជាតិបាន លុះត្រាតែ «ពេលណាគេ ប្រឌិដ្ឋរឿងលាបពណ៌ប្រមាថនិន្ទាអ្នក អ្នកនៅតែនិយាយពាក្យពិតទៀងត្រង់។ ពេលគេមើលងាយអ្នក អ្នកកុំមើលងាយគេវិញ តែត្រូវពង្រឹងសមត្ថភាពខ្លួនឯង។ ពេលគេប្រើវិធីអសីលធម៌ អ្នកត្រូវមានសីលធម៌ជានិច្ច។»

លោក បន្តថា «ពេលគេធ្វើសកម្មភាពអគុណធម៌ អ្នកត្រូវមានគុណធម៌ ហើយពេលគេកាន់តែកាច អ្នកកាន់តែទន់ភ្លន់ សុភាពរាបសា និងរឹងមាំ។ ពេលគេមិនគោរពច្បាប់ អ្នកត្រូវគោរពច្បាប់ឲ្យខ្ជាប់ខ្ជួន។ ពេលគេនៅខាងអយុត្តិធម៌ អ្នកត្រូវនៅខាងយុត្តិធម៌។ ពេលគេចេះតែសម្ដែង អ្នកត្រូវហ៊ានធ្វើមែនទែន។ ពេលគេខ្លាំងបានតែមាត់ អ្នកត្រូវតែហ៊ានធ្វើពលិកម្មដោយទង្វើជាក់ស្ដែង ប៉ុន្តែពេលគេអស់ខ្យល់ សុំឲ្យអ្នកជួយ អ្នកគួរតែជួយ ដោយឈរលើគោលការណ៍បុព្វហេតុជាតិ និងប្រយោជន៍ពលរដ្ឋ»

លោក គឹម សុខ បន្តថា ទាំងនេះ គឺជាគោលកាណ៍ក្នុងការពង្រឹងបុគ្គលិកលក្ខណៈចំពោះបុគ្គលដែលចង់សង្គ្រោះប្រទេសជាតិ ។

ក្រោយពេលមាតុភូមិនិវត្តន៍របស់អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មួរ សុខហួរ ភាគីលោក សមរង្ស៊ី រងនូវភាពបរាជ័យទាំងពីរលើក ត្រូវគេមើលឃើញថា ក្រុមសកម្មជន នៃគណបក្សនេះ ដែលមានការបើកដៃពីមន្ត្រីជាន់ខ្ពស់របស់ពួកគេបាននាំគ្នាធ្វើការវាយប្រហារនិស្សិតបញ្ញវន្តខ្មែរដែលរិះគន់យុទ្ធសាស្ត្រយោបាយបរាជ័យរបស់ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ ដោយចោទអ្នកទាំងនោះថា ជាជនបង្កប់របស់លោក ហ៊ុន សែន ឬជាយួនជាដើម។

មាតុភូមិនិវត្តន៍របស់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ទាំងមាតុភូមិនិវត្តដើម្បីផ្តួលរំលំ កាលពីឆ្នាំ២០១៩ និងមាតុភូមិនិវត្តន៍ដើម្បីរកការផ្សះផ្សាជាមួយលោក លោក ហ៊ុន សែន កាលពីដើមខែមករា ឆ្នាំ២០២១ នេះ សុទ្ធតែទទួលការបរាជ័យទាំងស្រុង។ ជាងនេះទៀត មន្ត្រី និងសកម្មជននយោបាយរបស់បក្សនេះ ក៏រងការចាប់ខ្លួន និងចោទប្រកាន់ពីបទ ផ្សំគំនិតក្បត់ ដោយសារការចូលរួមមាតុភូមិនិវត្តន៍របស់មន្ត្រីជាន់ខ្ពស់ទាំងនោះដែរ។

ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំសាធារណៈរដ្ឋកូរ៉េ លោក យឹម ស៊ីណន បានអះអាងថា ជំហររបស់លោក គឹម សុខ គឺជាជំហរអ្នកនយោបាយជាតិ និងជាជំហរអ្នកនយោបាយប្រជាធិបតេយ្យនិយម ដែលគួរឲ្យគោរព និងកោតសរសើរ មិនមែនជាអ្នកនយោបាយបោកប្រាស់នោះទេ។

លោក បព្ជាក់ថា បើទោះបីពេលនេះលោក គឹម សុខ មិនទាន់សល់អ្វីក្នុងខ្លួនក្រៅពីការប្រលាក់ ដោយការជេរប្រមាថ ចោទប្រកាន់ លាបព៌ណ យ៉ាងឈឺចាប់បំផុតក៏ដោយ។ ប៉ុន្តែការរក្សាឲ្យបាននូវឧត្តមគតិ និងឆន្ទៈសមា្រប់ជាតិ គឺនៅតែរឹងមាំដដែល។

ប្រធានចលនាយុវជនសង្គ្រោះជាតិក្នុងប្រទេសកូរ៉េខាងត្បូងរូបនេះ បញ្ជាក់ថា នៅទីបញ្ចប់ លោក គឹម សុខ នឹងទទួលបានមកវិញនូវពាក្យមួយគឺ វិរៈជន គឹម សុខ ពីមាត់របស់ពលរដ្ឋខ្មែរគ្រប់សម័យកាល ដោយសារភាពស្អាតស្អំរបស់លោក ជាក់ជាមិនខាន។

ក្រៅពីរងការចោទប្រកាន់ និងលាបពណ៌ពីក្រុមសកម្មជនបក្សប្រឆាំងខាងភាគីលោកសម រង្ស៊ី មួយចំនួន លោក គឹម សុខ ក៏រងការធ្វើទុក្ខបុកម្នេញពីក្រុមលោកហ៊ុន សែនឥតឈប់ឈរ រហូតធ្វើឱ្យលោកត្រូវប្រាត់ប្រាស់គ្រួសារ ហើយភៀសខ្លួនទៅរស់នៅក្រៅប្រទេសទាំងបង្ខំ កាលពីចុងឆ្នាំ២០១៨ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស