29 C
Phnom Penh

លោក សម រង្ស៊ី ថា សហគមន៍អន្តរជាតិនឹងដាក់ទណ្ឌកម្មលើ កម្ពុជាបន្ថែមដោយសារការកាត់ទោសរូបលោក និងមន្រ្តីរបស់លោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងរស់នៅក្រៅប្រទេសលោក សម រង្ស៊ី អះអាងថា ការកាត់ទោសមន្ត្រីជាន់ខ្ពស់ និងសកម្មជនបក្សប្រឆាំងជាទ្រង់ទ្រាយធំ គឺជាឆាកល្ខោន ក្នុងទ្រង់ទ្រាយធំនៅកម្ពុជា។

លោក សម រង្ស៊ី អះអាងថា ឆាកល្ខោននេះនឹងបើកផ្លូវឱ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្ម តាមច្បាប់ ម៉ាកណិតស្គី(Magnitsky) លើជនផ្តាច់ការ ក្រុមគ្រួសារ និងបក្ខពួក ដែលពាក់ព័ន្ធរបបផ្តាច់ការដូចនៅកម្ពុជា។

ការដាក់ទណ្ឌកម្មនេះ នឹងមិនឱ្យពួកគេជាន់ដីរបស់ប្រទេសលោកសេរី ទាំងនោះ ថែមទាំងតម្រូវឱ្យរឹបអូសទ្រព្យសម្បត្តិ របស់ជនខិលខូច ដូចក្រុមគ្រួសារ និងបក្ខពួករបស់ លោក ហ៊ុន សែន ដែលបានយកមលាក់ទុក នៅលើទឹកដីប្រទេសលោកសេរីទាំងនោះ។

ការលើកឡើងរបស់លោក សម រង្ស៊ី នេះ ធ្វើឡើងបន្ទាប់ពីសវនាការរឿងក្តី «ឧបឃាត» អតីតថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិបានដំណើររយៈពេលពេញមួយព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ។

សាលាដំបូងរាជធានីភ្នំពេញ ប្រកាសថានឹងបន្តសវនាការជំនុំជម្រះលើសំណុំរឿង «ឧបឃាត» របស់ជនជាប់ចោទ៩នាក់ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ខាងមុខទៀត។

អតីតថ្នាក់ដឹកនាំបក្សប្រឆាំងទាំង៩រូបនោះ រួមមានលោក សម រង្ស៉ី លោក អេង ឆៃអ៊ាង, លោកស្រី មួរ សុខហួរ, លោក អ៊ូ ច័ន្ទឬទិ្ធ, លោក ហូរ វ៉ាន់, លោកឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោកស្រី ជូឡុង សួមួរ៉ា និង លោក នុត រំដួល។

ពួកគេទាំង៩នាក់នោះ ត្រូវបានតុលាការចោទប្រកាន់ពីបទ «ឧបឃាត» តាមមាត្រា៤៥១ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលលោក ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩។

ក្រោយបញ្ចប់ផែនការវិលចូលស្រុកដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩បរាជ័យ បក្សប្រឆាំងភាគីរបស់លោកក៏បានប្រកាសវិលចូលស្រុកខ្មែរជាលើកទី២នៅក្នុងខែមករា ឆ្នាំ២០២១នេះជាថ្មីទៀតដឹកនាំដោយអ្នកស្រី មូរ សុខហួរ ក្នុងបំណងចរចារនយោបាយ និងផ្សះផ្សារជាតិ ប៉ុន្តែក៏ត្រូវបានបរាជ័យជាថ្មីទៀតដែរ.

តាមរយៈច្បាប់ Magnitsky នៃសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មមកលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងជាមនុស្សស្និតជាមួយលោក ហ៊ុន សែន រួមមាន លោក ហ៊ីង ប៊ុនហៀង លោក គន់ គីម និងសមាជិកគ្រួសារ លោក ឧកញ៉ា ទ្រី ភាព ព្រមទាំងក្រុមហ៊ុនរបស់ពួកគេ។ ចុងក្រោយច្បាប់នេះ ក៏បានដាក់ទណ្ឌកម្មក្រុមហ៊ុន ញូញៀនUDG របស់ចិន ដែលកំពុងវិនិយោគតំបន់ទេសចរណ៍ក្នុងខេត្តកោះកុង ប៉ុន្តែក្រុមហ៊ុនយក្សរបស់ចិនមួយនេះ កំពុងរងការសង្ស័យថាជាមូលដ្ឋានយោធារបស់ចិន  ខណៈរដ្ឋាភិបាលតែងច្រានចោលព័ត៌មាននេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស