29 C
Phnom Penh

អង្គការតម្លាភាព នៅតែផ្តល់ចំណាត់ថ្នាក់អំពើពុករលួយអាក្រក់បំផុតក្នុងតំបន់ចំពោះប្រទេសកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការតម្លាភាពអន្តរជាតិ បានឱ្យដឹងថាកម្ពុជានៅតែជាប្រទេសដែលមានអំពើពុករលួយអាក្រក់ជាងគេ ក្នុងតំបន់អាស៊ាន និងស្ទើរតែអាក្រក់បំផុតក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

របាយការណ៍ស្តីពីសន្ទស្សន៍នៃអំពើពុករលួយរបស់អង្គការតម្លាភាពដែលចេញផ្សាយនៅថ្ងៃទី២៨ ខែមករាឆ្នាំ២០២១ បានបង្ហាញថាក្នុងឆ្នាំ២០២០កន្លងទៅ កម្ពុជា ទទួលបានពិន្ទុ២១ លើពិន្ទុ១០០ ដែលស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៦០ ក្នុងចំណោមប្រទេស និងដែនដីចំនួន១៨០។

ពិន្ទុនិងចំណាត់ថ្នាក់នេះបង្ហាញថា កម្ពុជាមានអំពើពុករលួយខ្លាំងបំផុតនៅក្នុងតំបន់អាស៊ាន និងមានអំពើពុករលួយស្ទើរតែអាក្រក់បំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយឈរនៅលំដាប់លេខ៣ បន្ទាប់ពីប្រទេសប៉ាគីស្ថាន និងកូរ៉េខាងជើង។

នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មានថា ការបន្តទទួលបានពិន្ទុទាបក្នុងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយនេះ បង្ហាញពីកង្វះខាតជាលក្ខណៈនយោបាយ និងស្ថាប័នដែលចាក់ឬសនៅក្នុងប្រទេសនេះ។

លោកបន្តថា ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ អំពើពុករលួយកាន់តែបង្កការគំរាមកំហែងទ្វេដងចំពោះប្រទេសដែលមានសេដ្ឋកិច្ចចំណូលទាប។ លើសពីនេះ ពិន្ទុសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយនេះ បង្ហាញថា កម្ពុជា នៅមានបញ្ហាសំខាន់ជាច្រើនទៀត ដែលត្រូវដោះស្រាយ និងធ្វើកំណែទម្រង់។

កាលពីឆ្នាំ២០១៩ កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១៦២ ដោយទទួលបានពិន្ទុ២០ លើ១០០ពិន្ទុ ។ ចំពោះការវាយតម្លៃពិន្ទុ២១ នៅឆ្នាំ២០២០នោះ បាននាំឱ្យកម្ពុជា ចុះមកកាន់លេខ១៦០វិញ ក្នុងចំណោម១៨០ប្រទេស និងដែនដី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស