នៅលើពិភពលោកនេះ មិនខ្វះទេ មេដឹកនាំ ដែលមិនព្រមរៀបចំការបោះឆ្នោតមួយ ដែលមានលក្ខណៈសេរី និងត្រឹមត្រូវ។
រាល់ការបោះឆ្នោត គឺមេដឹកនាំប្រទេសបែបនេះ តែងតែចាប់យកស្ថាប័ន រៀបចំការបោះឆ្នោត អោយនៅក្រោមអំណាចរបស់ខ្លួន ជាមួយនឹងការត្រួតត្រាកងកម្លាំងប្រដាប់អាវុធ។
នៅមុនការបោះឆ្នោតជិតចូលមកដល់ មេដឹកនាំបែបនេះ ច្រើនតែកំចាត់គូប្រជែងរបស់ខ្លួន អោយចាកចេញពីវេទិកាប្រកួត ហើយទីបំផុត ការបោះឆ្នោត ប្រព្រឹត្តទៅ ប៉ុន្តែប៉ូលនយោបាយខ្លាំងៗ បាត់អស់ពីសង្វៀនប្រកួត គឺនៅសល់តែរូបគេប៉ុណ្ណោះ ដែលឈរនៅលើ សង្វៀន ហើយស្ថាប័នដែលជាឧបរកណ៍របស់ខ្លួនប្រកាសថា បុរសនោះ និងបក្សរបស់ បុរសនោះ គឺជាអ្នកឈ្នះឆ្នោត ទោះជាចំនួនពលរដ្ឋចេញទៅបោះឆ្នោត ចំនួនតិចតួចក៏ដោយ។
សម្រាប់ប្រទេស ខ្លះ ព្យាយាមកែស្ថានការណ៍ អោយមើលទៅ ដូចជាការប្រកួតមានកម្លាំងបក្ស ឬមានអ្នកនយោបាយ ប្រឆាំងចូលរួមច្រើនតែធាតុពិត គ្រាន់តែជាល្បែងឆ្ពិនភ្នែកតែប៉ុណ្ណោះ។
ការពិតបក្សដែលចូលរួមប្រកួត គឺជាឧបករណ៍របស់បុរសខ្លាំងរូបនោះ។ ក្រោយពីការបោះឆ្នោតហើយ បក្សរបស់បុរសខ្លាំង ឬក៏បេក្ខភាពរបស់បុរសខ្លាំង គឺជាអ្នកឈ្នះឆ្នោត ហើយបង្ខំឲ្យប្រជាជន ប្រកាស អបអរសាទរ ជ័យជម្នះរបស់ខ្លួន ដោយមិនខ្ចីខ្វល់ នឹងការរិះគន់ថាការបោះឆ្នោត ពុំមានភាពសេរី អ្វីនោះឡើយ។
ទោះជាក្រុមប្រឆាំង តវ៉ាយ៉ាងណា ក៏លទ្ធផល បោះឆ្នោតមិនប្រែប្រួលឡើយ។ បក្សឈ្នះឆ្នោត និងរដ្ឋាភិបាល របស់បក្សនោះ មានស្នៀតមួយចាំទប់ទល់នឹង ការគាបសង្កត់និងរិះគន់ ពីសហគមន៍អន្តរជាតិ គឺដូចជាគេថា យើងជាប្រទេសនីតិរដ្ឋ យើងជារដ្ឋអធិបតេយ្យ មិនអាចទទួលយកការគាបសង្កត់ ឬការទាមទាររបស់ បរទេសណាមួយឡើយ។ អស់លោកមិនត្រូវលូកដៃមកជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុងរបស់ យើងនោះទេ។
យើងរស់ដោយខ្លួនឯង គឺជារឿងរបស់យើង។ យើងទទួលយកជំនួយពីអ្នក ប៉ុន្តែយើងមិនត្រូវការជំនួយដោយភ្ជាប់នឹងលក្ខខណ្ឌនេះ លក្ខខណ្ឌនោះរបស់ អ្នកនោះទេ។ ទោះជាប្រជានជន រស់នៅយ៉ាងវេទនាហើយសេដ្ឋកិច្ចរបស់ប្រទេសបុរសខ្លាំងនោះ រងគ្រោះធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏បុរសនោះមិនខ្វល់ឡើយ ប៉ុន្តែខ្វល់តែមួយគត់គឺត្រូវរិះរកកលលិ្បចបែបណាទៀតដើម្បី ការពារអំណាចរបស់ខ្លួន បានពីមួយឆ្នាំទៅ មួយឆ្នាំ ពីមួយអាណត្តិទៅមួយអាណត្តិ។
បុរសខ្លាំងបែបនេះតែតែងអួតថា យើង កាន់អំណាចបានយូរ គឺយើងនេះ ហើយជាអធិរាជនៃអំណាច។ មេដឹកនាំប្រទេសដែលមានចរឹកបែបនេះ ពិតជាមានច្រើន នៅលើពិភពលោក។ សម្រាប់ ប្រទេស វេណេហ្សូអេឡា នៅអាមេរិកខាងត្បូង មានតែមួយគត់ ក្នុងតំបន់នោះ ដែលលោកប្រធានាធិបតី នីកូឡាស់ម៉ាឌូរ៉ូ កំពុងដើរលើគន្លងដូចនេះ។ នៅថ្ងៃនេះ សហភាពអឺរ៉ុប បន្តប្រាប់ ទៅមេដឹកនាំ ប្រទេសនេះថា ត្រូវតែរៀបចំការបោះឆ្នោតឡើងវិញ ហើយ ត្រូវអោយមានកម្លាំងនយោបាយប្រឆាំងចូលរួម បើពុំនោះនឹងបន្ថែមការដាក់ទណ្ឌកម្ម ថែមទៀត។ នេះជាសាររបស់ រដ្ឋមន្ត្រីការបរទេស សហភាពអឺរ៉ុប Josep Borrell ។
លោកបានប្រាប់ ទៅមេដឹកនាំប្រទេសវេណេហ្សូអេឡា ថា ត្រូវបើកចំហសេរីភាពប្រជាធិបតេយ្យ នយោបាយឡើងវិញ សម្រាប់ក្រុមប្រឆាំង ហើយថា មេបក្សប្រឆាំង គឺលោកវ័នកៃដូ នៅតែត្រូវបានទទួលស្គាល់ជាប្រធានរដ្ឋសភា ។ ដោយឡែកការបោះឆ្នោតសភា កាលពីថ្ងៃទី៦ធ្នូ សម្រាប់សហភាពអឺរ៉ុប មិនអាចទទួលស្គាល់ លទ្ធផលបោះឆ្នោត នោះទេ ព្រោះតែមានការបំបិទសំឡេងប្រឆាំងមិនអោយចូលរួមបោះឆ្នោត។
តាមលោក Josep Borrell សហភាពអឺរ៉ុបចង់ឃើញ ភាគីបក្សកាន់អំណាច និងភាគីបក្សប្រឆាំង នៃប្រទេសវេណេហ្សូអេឡាជួបគ្នា ដើម្បីបើកការចរចា ឈានទៅរកការបោះឆ្នោត សាជាថ្មី គឺទាំងការបោះឆ្នោតសភា និងការបោះឆ្នោតប្រធានាធិបតី ហើយកំលាំងនយោបាយ នៃបក្សប្រឆាំងត្រូវបានអនុញ្ញាតិអោយចូលរួមការបោះឆ្នោត ដែលការបោះឆ្នោតនោះទៀតសោធត្រូវ មានស្ដង់ដាមួយ គឺត្រូវមានភាពសេរី តម្លាភាព គ្មានការគំរាមកំហែង អ្វីឡើយ។
បើតាម ប្រមុខការទូតសហភាពអឺរ៉ុប គឺទាំងលោក កៃដូ និងមេបក្សប្រឆាំងដទៃទៀត កំពុងនិរទេសខ្លួននៅក្រៅ ប្រទេស គឺជាតួអង្គនៃកម្លាំងនយោបាយ ដែលមិនអាចខ្វះបានឡើយនៅពេលប្រទេសវេណេហ្សូអេឡា មានព្រឹត្តិការណ៍បោះឆ្នោត។
លោករដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប Josep Borrell ទទូចថា សហភាពអឺរ៉ុប ចង់លើកចោលការដាក់ទណ្ឌកម្ម ប៉ុន្តែបើគ្មានការបោះឆ្នោតឡើងវិញ គឺមានតែបន្ថែមទណ្ឌកម្ម៕