វីដេអូ

លោក ហ៊ុន សែន ទទួលយកវ៉ាក់សាំងពីចិនគឺជាហេតុផលនយោបាយ

By ឌឹ ខេមបូឌា ដេលី

February 05, 2021

លោកហ៊ុន សែន ត្រូវបានគេមើលឃើញថាជាអ្នកនយោបាយខ្មែរមួយរូបដែលហ៊ានលះ បង់ និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអំណាចផ្ទាល់ខ្លួន។

ក្រោយពីការស្លាប់ដ៏អាថ៍កំបាំងរបស់លោក ចាន់ ស៊ី អតីតនាយករដ្ឋមន្ត្រីនៃរបប សាធារណៈរដ្ឋប្រជាមានិតុកម្ពុជា ក្នុងឆ្នាំ ១៩៨៤ លោកហ៊ុន សែន ត្រូវបានលើកបន្តុប ដោយរដ្ឋាភិបាលវៀតណាមឲ្យធ្វើជា នាយករដ្ឋមន្ត្រីខ្មែរក្នុងឆ្នាំ១៩៨៥។

ក្រុមអ្នកតាមដាននយោបាយខ្មែរតែងតែលើកឡើងថា វៀតណាម លើកលោកហ៊ុន សែន អោយធ្វើជានាយករដ្ខមន្ត្រីកាលណោះ ដោយសារតែលោកហ៊ុន សែន ជាមនុស្ស ស្មោះស្ម័គ្រក្នុងការបំរើប្រទេសវៀតណាមដោយឥតងាករេ។

ការសន្និដ្ឋានបែបនេះត្រូវបានគេចង្អុល បង្ហាញតាមរយៈអំណះ អំណាងជាក់ស្តែងមួយចំនួនរួមមាន៖

ប៉ុន្តែលើកនេះ គាត់ត្រូវលួងចិត្តវៀតណាមផង និងយកចិត្តមិនរបស់លោកចិនផង ដែលតម្រូវលោកគាត់បង្កើនការលះបង់ ទ្វេរដង ដើម្បីកុំឲ្យប្រទេសណាមួយអាក់អន់ស្រពន់ចិត្តនឹងលោក។

អ្នកតាមដានសង្គម លោក ប៉ា ងួនទៀង ហៅការធ្វើនយោបាយរបស់លោកហ៊ុន សែន បែបនេះ ថាជាការធ្វើនយោបាយដូចស្ត្រីរកស៊ីផ្លូវភេទ គឺបុរសវៀតណាម ក៏ប្រគល់ខ្លួនឲ្យ ហើយបុរសចិនក៏ប្រគល់ខ្លួនឲ្យ សំខាន់អោយតែបានផលប្រយោជន៍ សំរាប់ខ្លួនលោក ក្រុមគ្រួសារ និងបក្សពួករបស់លោក។

ជាក់ស្តែង គេឃើញលោកហ៊ុន សែន បានអនុញ្ញាតិឲ្យជនជាតិចិនចូលដោយសេរី ធ្វើអ្វីស្រេចតែចិត្ត និងផ្តល់សិទ្ធិឲ្យរដ្ឋាភិបាលចិនបង្កើតតំបន់អភិវឌ្ឍន៍នានា និងកសាងកំពង់ផែមួយចំនួនដែលគេសង្ស័យថាអាចជាមូលដ្ឋានទ័ពជើងទឹករបស់ចិននៅកម្ពុជា។

ក្នុងពេលជាមួយគ្នា នេះ លោកហ៊ុន សែន ក៏ខំយកចិត្តវៀតវៀតណាម ដូចជា ផ្តល់សិទ្ធិរស់នៅស្របច្បាប់ដល់ជនជាតិវៀត ណាមក្នុងប្រទេសកម្ពុជា ផ្តល់ដីរាប់សិបហិកតានៅកំពង់ឆ្នាំងដើម្បីកសាងលំនៅដ្ឋានសំរាប់ជនជាតិ វៀតណាម និង ការធ្វើមិនដឹងមិនឮ ចំពោះការបោះតង់រាប់រយកន្លែងរបស់ទាហានវៀតណាមក្នុងទឹកដី កម្ពុជានាពេលថ្មីៗនេះ។បើគេធ្វើការឆ្លុះបញ្ចាំងអំពីប្រវត្តិ និងអត្តចរិកនយោបាយរបស់លោកហ៊ុន សែន ដូចដែលបាន លើកឡើងនេះ គេអាចធ្វើការការសន្និដ្ឋានបានថាការធ្វើនយោបាយរបស់លោក ទាំងកាលពីអតីតកាល និងបច្ចុប្បន្នកាល គឺជាវិធីសាស្ត្រអារសាច់ជូនខ្លាដើម្បីសេចក្តីសុខ ឬ លះបង់ ជាតិដើម្បីអំណាចផ្ទាល់ខ្លួន។

អ្នកឃ្លាំមើលខ្លះបានលើកជាសំណួរថា តើលោកហ៊ុន សែន ទទួលយកវ៉ាក់សាំងពីចិន ជាហេតុផលនយោបាយ ឬជាការគិតគូរដល់សេចក្តីសុខសាន្តរបស់ពលរដ្ឋខ្មែរ? ចំលើយអាចនឹងមានច្រើន តែមានសំណួរមួយអាចជាចំលើយ នឹងសំណួរខាងលើគឺ តើលោក ហ៊ុន សែន ហ៊ានប្រកែកមិនទទួលយកវ៉ាក់សាំងរបស់ចិនទេ?

ក្នុងយុទ្ធនាការរៃថវិការពីសប្បុរសជនក្នុងដើមខែធ្នូកន្លងទៅ លោកហ៊ុន សែន បានប្រកាសថា គាត់ឲ្យរដ្ឋមន្ត្រីសុខាភិបាលរបស់គាត់ ពិភាគ្សាជាមួយដៃនានាដើម្បីជ្រើសរើសវ៉ាក់សាំងណាដែលមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក(WHO)។

ប៉ុន្តែកាលពីថ្ងៃសុក្រ ពាក់កណ្តាលខែមករានេះ លោកហ៊ុន សែន បានប្រកាសតាមទំព័រហ្វេសប៊ុករបស់គាត់ថា គាត់នឹងទទួលយកវ៉ាក់សាំងដែលផ្តល់ ដោយប្រទេសចិនចំនួនមួយលានដូស បើទោះជាវ៉ាក់សាំងនោះមិនទាន់មានការទទួលស្គាល់ពី អង្គការសុខភាពពិភពលោកក៏ដោយ។

ការទទួលវ៉ាក់សាំងរបស់ចិននេះជាកាយវិការរបស់លោកហ៊ុន សែន ដែលតែងតែចង់បង្ហាញភក្តីភាពស្មោះស្ម័គ្រជាមួយចិន បើទោះបីស្ថានភាពជំងឺកូវីដនៅកម្ពុជា មិនទាន់ស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅឡើយ ដូចអ្វីដែលអ្នកវិភាគសង្គមមួយរូបគឺលោក កឹម សុខ បានលើកឡើងថា៖ “ការដែលលោកហ៊ុន សែន ទទួលយកជំនួយវ៉ាក់សាំងពីប្រទេសចិននេះមិនមែន ក្នុងបំណងការពារការឆ្លងកូវីដទេ ព្រោះស្ថានភាពកូវីដនៅកម្ពុជាមិនទាន់ដល់កំរិតអាសន្នរហូតដល់ រង់ចាំមិនបាន នូវវ៉ាក់សាំងដែលអនុញ្ញាតិអោយប្រើប្រាស់ដោយអង្គការសុខភាពពិភពលោក នោះឡើយ។”

កាលពីដើមខែកុម្ភៈ ឆ្នាំ២០២០ លោកហ៊ុន សែន បានប្រកាសបដិសេធជម្លៀសពលរដ្ឋខ្មែរ ពីប្រទេសចិនមកកាន់មាតុប្រទេសវិញ ដែលកាលណោះប្រទេសជាច្រើនបានអន្តរាគមន៍យកពលរដ្ឋគេពីចេញ ប្រទេសចិន ជាទីកន្លែងនៃការផ្ទុះនូវមេរោគកូវីដដ៏ខ្លាំងក្លាដែល បណ្តលអោយស្លាប់មនុស្សរាប់ម៉ឺននាក់។

នេះជាឩទាហរណ៍មួយដែលបញ្ជាក់ថា ការដែលប្រទេសនានាជម្លៀស ពលរដ្ឋរបស់គេចេញពី កន្លែងគ្រោះថ្នាក់ គឺដើម្បីសុវត្ថិភាព និងសេចក្តីសុខរបស់ជនជាតិគេ រីឯលោកហ៊ុន សែន ទុកពលរដ្ឋរបស់ខ្លួនចោលក្នុងទីគ្រោះថ្នាក់ ចិត្តដាច់ មិនខ្វល់ពីសុវត្ថិភាព និងសេចក្តីសុខរបស់ពលរដ្ឋខ្លួនឡើយ។

លើសពីនេះទៀត លោកហ៊ុន សែន ប្រកាសឲ្យពលរដ្ឋខ្មែរដែលកំពុងស្ថិតក្នុងប្រទេស ចិននាពេលនោះត្រូវបន្តរស់នៅទីនោះ ទោះបីស្ថានភាពធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។ ចំណុចនេះទំនងជាអាចបញ្ជាក់បានថា លោកហ៊ុន សែន សុខចិត្តយកសេចក្តីសុខ ឬការប្រថុយអាយុជីវិតរបស់ពលរដ្ឋខ្លួន ទៅដូរយកភក្តីភាព របស់គាត់ចំពោះចិន។

អ្នកសង្កេតការណ៍ខ្លះវាយតម្លៃថា អ្វីដែលលោកហ៊ុន សែន ចង់បានបំផុត គឺកោតការសរសើរ ឬទុកចិត្ត ពីមហាមិត្តចិនរបស់លោក ថាលោកជាមនុស្សស្មោះ និងប្តូរផ្តាច់ចំពោះចិន។ ហើយអ្វីដែលលោកហ៊ុន សែន រឹតតែចង់ជាងគេយ៉ាងពិតប្រាកដនោះ គឺការការពារអំណាចរបស់គាត់ពីសំណាក់មហាមិត្តដែកថែមចិនរបស់លោក។

ក្នុងខណៈបច្ចឹមប្រទេស ជាពិសេស ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកបានអនុម័ត អោយប្រើវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន អាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech (ហ្វាយស៊ើ បាយអូតិច) និង ក្រុមហ៊ុនអាមេរិក Moderna (ម៉ូដឺនណា) នោះ រដ្ឋាភិបាលចិនក៏ប្រកាសឲ្យប្រើវ៉ាក់ សាំងរបស់ក្រុមហ៊ុនចិនមួយឈ្មោះ CoronaVac (កូរ៉ូណាវ៉ាក) ដែរ។

បើទោះបីជា វ៉ាក់សាំងរបស់អាមេរិក និងរបស់ចិនមិនទាន់មានការ ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកក៏ដោយ ប៉ុន្តែអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវនានាហាក់ មិនសូវមានកង្វល់ជាមួយវ៉ាក់សាំងរបស់អាមេរិកទេនោះទេ ប៉ុន្តែពួកគេបង្កើនការព្រួយបារម្ភចំពោះវ៉ាក់សាំងរបស់ចិនទៅវិញ។

វ៉ាក់សាំងរបស់អាមេរិកត្រូវបានគេរាយការណ៍ថា ប្រសិទ្ធិភាពរបស់វាមានកំរិត ៩៥% ហើយគេពុំឃើញមានរបាយការណ៍ឯករាជ្យណាមួយដែលជំទាស់នឹងគុណភាពនៃវ៉ាក់សាំងនេះនៅឡើយ លើកលែងតែ ការរិៈគន់ពីប្រពន្ធ័ផ្សព្វផ្សាយរបស់រដ្ឋាភិបាលចិនតែប៉ុណ្ណោះ។

រីឯវ៉ាក់សាំងរបស់ចិនវិញត្រូវបានអ្នកវិទ្យា សាស្ត្រអន្តរជាតិសំដែងការព្រួយបារម្មណ៍ជាខ្លាំង។ កាលពីថ្ងៃ២០ ខែមករានេះ សារព័ត៌មាន Washington Post របស់អាមេរិកបានផ្សាយនូវ របាយការណ៍ មួយរបស់ក្រុមអ្នកស្រាវជ្រាវនៃប្រទេសប្រេស៊ីលដែលរក ឃើញថា វ៉ាក់សាំងរបស់ចិនគឺ មានប្រសិទ្ធភាពតែប្រមាណ៥០% ប៉ុណ្ណោះ។

កាលពីសប្តាហ៍មុន សារព័ត៌មានBBC របស់ប្រទេសអង់គ្លេស ក៏បានផ្សាយដូចគ្នាអំពីរបាយការណ៍របស់ក្រុមអ្នកស្រាវ ជ្រាវនេះផងដែរ។

ដូច្នេះមានន័យថា គុណភាពនៃវ៉ាក់សាំងចិននាពេលនេះគឺស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ ឬមានប្រសិទ្ធិភាពត្រឹមតែ៥០%ប៉ុណ្ណោះ។ អ្នកជំនាញខាងផ្នែកសុខាភិបាលអះអាងថា ការដែលលោកហ៊ុន សែន ទទួលយកវ៉ាក់សាំងពីចិនគឺជាការប្រថុយក្នុងកំរិត៥០%លើសុវត្ថិភាព និងអាយុជីវិតពលរដ្ឋខ្មែរ។

សាធារណៈជនជាច្រើនបានចោទជាសំណួរថា ហេតុអ្វីលោកហ៊ុន សែនមិនស្នើរសុំជំនួយវ៉ាក់សាំងពីអាមេរិក? ហើយបើវ៉ាក់សាំងចិន មានកំរិតប្រថុយខ្ពស់បែបនេះ តើលោកហ៊ុន សែន នៅតែទទួលយកដែរទេ?

ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង អះអាងថា ការទទួលយកថ្នាំវ៉ាក់សាំងពីចិន ដោយសារតែលោកហ៊ុន សែន ចង់បង្ហាញរូបភាពស្មោះស្ម័គ្ររបស់គាត់ជាមួយចិនតែប៉ុណ្ណោះ ដើម្បីគាត់ទទួលបានការការពារអំណាច ពីចិន។ លោកបន្តថា ការដែលលោកហ៊ុន សែនស្នើរសុំវ៉ាក់សាំងពីឥណ្ឌា គ្រាន់តែជារូបភាពការទូត ហើយអ្វីដែលលោកហ៊ុន សែនអះថា គាត់និងមេដឹកនាំមួយចំនួន ទៀតនឹងចាក់វ៉ាក់សាំងចិនមុនគេ នាំឲ្យមហាជនទូទៅមានមន្សិលសង្ស័យថា តើគាត់បានចាក់វ៉ាក់សាំងរបស់ចិនពិតប្រាកដ ឬមួយចាក់ថ្នាំប៉ូវកម្លាំង?

លោក ប៉ា ងួនទៀង អះអាងថា លោកហ៊ុន សែន ទទួលយកវ៉ាក់សាំងចិនមិនមែនជាការគិតគូអំពីសុខទុក្ខពលរដ្ឋខ្មែរនោះទេ ប៉ុន្តែដើម្បីអត្ថប្រយោជន៍នយោបាយរបស់លោកតែប៉ុណ្ណោះ៕