38.8 C
Phnom Penh

លោក ហ៊ុន សែន អះអាងជាថ្មីថាលោកនឹងមិនដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយសារបញ្ហាកូវីដ១៩ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន អះអាងថា ប្រសិនបើប្រទេសជិតខាងទាមទារសញ្ញាប័ត្រ ឬវិញ្ញាបណ្ណប័ត្រពីការទទួល វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅពេលចូលទៅប្រទេសរបស់គេនោះជារឿងដែលលំបាកមួយ ប៉ុន្តែបើក្រុមហ៊ុននៅកម្ពុជាជម្រុញឲ្យបុគ្គលិកចាក់វ៉ាកសាំង និងទាមទារឲ្យអ្នកដែលដាក់ពាក្យសុំបម្រើការងារបង្ហាញវិញ្ញាបណ្ណប័ត្រទទួលវ៉ាក់នោះគឺរឹតតែលំបាកថែមទៀតសមា្រប់អ្នកដែលមិនបានចាក់វ៉ាក់សាំង។

ការអះអាងនេះធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បាក់ខែង និង រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមននៅ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។

លោក ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនក្នុងស្រុកស្រាប់តែតម្រូវឲ្យបុគ្គលិកទាំងអស់ត្រូវតែចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ និងដាក់លក្ខខណ្ឌឲ្យអ្នកដែលចង់ចូលបម្រើការងារក្នុងក្រុមហ៊ុនរបស់គេត្រូវតែមាន លិខិតផ្សេង ដូចជា លិខិត ថ្កោលទោស និង លិខិត បញ្ជាក់ពីការទទួលវ៉ាក់សាំងជាដើម នោះអ្នកដែលមិនបានប្រើវ៉ាក់សាំងគឺប្រឈមនឹងការលំបាករកការងារធ្វើជាមិនខាន។

លោក អះអាងថា លោកគ្មានការភ័យខ្លាចនោះទេក្នុងការចាក់វ៉ាក់សាំងដែលជាជំនួយរបស់មិត្តចិន ធ្វើបែបនេះ គឺដើម្បីបង្កើតការជឿទុកចិត្តទៅដល់ប្រជាពលរដ្ឋ និងជាគំរូមួយសម្រាប់ប្រជាពលរដ្ឋក្នុងការទទួលវ៉ាក់សាំង។ យ៉ាងនេះក្តីលោកលើកឡើងថា ការទទួលវ៉ាក់សាំងនេះនៅមិនដឹងថាតើ លោកត្រូវចាក់មុនគ្រូពេទ្យដែលចាក់វ៉ាក់សាំងឲ្យរូបលោក ឬក៏គ្រូពេទ្យទាំងនោះត្រូវចាក់មុននោះទេ បញ្ហានេះ លោកនឹងធ្វើតាមគំរូមេដឹកប្រទេសដទៃ ដូច ប្រទេស សិង្ហបូរីជាដើម។

កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ លោក ហ៊ុន សែន អះអាងថា លោកនឹងទទួលយកតែវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ណាដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ។

យ៉ាងនេះក្តី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ លោក ហ៊ុន សែន  សម្រេចទទួលយកវ៉ាក់សាំងពីសាធារណៈរដ្ឋប្រជាមានិតចិនចំនួន ១លានដូស ដែលអាចប្រើលើមនុស្សចំនួន ៥០ម៉ឺននាក់។

បញ្ហានេះ លោក អះអាងថា ដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំង និងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ លោកនឹងចាក់លើកទីមួយ និងមុនគេ តែម្តង។

វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលរដ្ឋាភិបាលចិនឧបត្ថម្ភចំនួន១លានដូសនឹងមកដល់កម្ពុជានៅកុម្ភៈក្នុងជំហានដំបូងចំនួន៦០ម៉ឺនដូស។ លើសពីនេះ កម្ពុជានឹងទទួលពី កូវ៉ាក់ ៧លានដូស ខណៈអូស្ត្រាលីក៏បានឧត្ថម្ភជាថវិកា២៨លានដុល្លារអាមេរិក ដែលស្មើនឹង៣លានដូសទៀតនោះ។

នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លោក ហ៊ុន សែន លោកបាន សរសេរលិខិតទៅនាយករដ្ឋមន្ត្រីចិន និងឥណ្ឌា ដើម្បីសុំជំនួយវ៉ាក់សាំងប្រឆាំងកូវីដ១៩បន្ថែម ព្រោះកម្ពុជានៅខ្វះ៩លានដូសទៀត។ យ៉ាងនេះក្តី លោក អះអាងថា លោក កំពុងត្រៀមបញ្ជាទិញវ៉ាក់សាំង អេសស្រា សេនេកា ពីប្រទេសអង់គ្លេស ដែលមានតម្លៃត្រឹមតែ ៥ ដុល្លារ ក្នុង១ដូស ហើយអាចរក្សាក្នុងសីតុណ្ហភាពត្រឹមតែពី ២ ទៅ ៨ អង្សា លើសូន្យប៉ុណ្ណោះ។

ទាក់ទិននឹងបញ្ហានេះ អនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាអ្នកវិភាគនយោបាយសង្គម លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការលើកឡើងរបស់លោក ហ៊ុន សែន គឺជាការព្យាយាមបន្លាចប្រជាពលរដ្ឋខ្មែរ ដើម្បីលើកមុខមាត់របស់ខ្លួន ដែលកំពុងបាក់ស្រុត។ 

លោក គឹម សុខ ថា លោក ហ៊ុន សែន ដឹងថា ពលរដ្ឋខ្មែរមិនទុកចិត្ត វ៉ាក់សាំង ដែល នាំចូលពីចិនទេ ហើយនោះ ក៏ជាហេតុផល ដែលពលរដ្ឋខ្មែរមិនចង់ចាក់វ៉ាក់សាំងទាំងនោះដែរ។

លោក បញ្ជាក់ថា បញ្ហានេះ ហ៊ុន សែន បាក់មុខយ៉ាងខ្លាំង ព្រោះពលរដ្ឋខ្មែរ មានទំនោរចង់ចាក់វ៉ាក់សាំងរបស់អាមេរិក និងអឺរ៉ុប ដោយបដិសេធការចាក់វ៉ាក់សាំងចិន ដែលលោក ហ៊ុន សែន សម្រេចទទួលយកនោះ។

យ៉ាងណាក៏ដោយ កាលពីដើមខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានទទួលការឧបត្ថម្ភថវិកាពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលទទួលបានទឹកបា្រក់ជាង ៥៧លានដុល្លារអាមេរិក ខណៈរដ្ឋាភិបាលខ្លួនឯងមិនទាន់បានបញ្ចេញគម្រោងថវិកាជាតិជាក់លាក់ ដើម្បីដោះស្រាយវិបត្តិកូវីដ១៩នៅឡើយទេ មកទល់ពេលបច្ចុប្បន្ន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស